អន្តរជាតិ
ពូ​ទីន ប្រាប់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថា រុស្ស៊ី​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ដោះស្រាយ​វិបត្តិ​កូរ៉េខាងជើង​
13, May 2017 , 7:39 pm        
រូបភាព
​រុស្ស៊ី ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការជួយ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ នេះ​ជា​អ្វីដែល​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន និយាយ​ក្នុង​ទូរ​សព្ទ​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន (Moon Jae-in) ដែល​ទើប​ចូលកាន់​តំណែង​ថ្មីៗ​នេះ​។ រុស្ស៊ី ដែល​មិន​ពេញចិត្ត​វត្តមាន​ប្រព័ន្ធ​ការពារ THAAD នៅ​កូរ៉េខាងត្បូង មាន​ជំហរ​ដោះស្រាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ដោយ​សន្តិវិធី និង​បាន​ជំទាស់​ការប្រើប្រាស់​កម្លាំង​លើ​កូរ៉េខាងជើង​ដែរ​។​



​កាន់តំណែង​មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង​នោះ ប្រធានាធិបតី​ថ្មី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​និយាយ​ទូរ​សព្ទ​ជាមួយ​ដៃគូ​សំខាន់ៗ​ស្ទើរ​ទាំងអស់​ទៅហើយ​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ សុទ្ធតែ​បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​លោក មូ​ន ចេ​អ៊ី​ន រួចហើយ​ទាំងអស់​។ បញ្ហា​ធំ​ពីរ​នៃ​ការជជែក​តាម​ទូរ​សព្ទ​នេះ គឺ​ទំនាក់ទំនង​ទ្វេភាគី និង​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​តែម្ដង​។​

​មកដល់​ថ្ងៃទី​១២ ខែឧសភា លោក មូ​ន ចេ​អ៊ី​ន ក៏​បន្ត​និយាយ​ទូរ​សព្ទ​ជាមួយ​ដៃគូ​សំខាន់​មួយទៀត គឺ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន​។ មិន​ខុសពី​ការជជែក​តាម​ទូរ​សព្ទ​ជាមួយ​ដៃគូ​សន្ទនា​ដទៃទៀត មេដឹកនាំ​កូរ៉េខាងត្បូង និង​រុស្ស៊ី ក៏បាន​និយាយ​ដល់​បញ្ហា​កូរ៉េខាងជើង​ដែរ​។ លោក ពូ​ទីន បាន​ប្រាប់​សម​ភាគី​ថ្មីថ្មោង មូ​ន ចេ​អ៊ី​ន ថា រុស្ស៊ី នៅតែ​រក្សា​ជំហរ​ជួយ​ដោះស្រាយ​កម្មវិធី​នុយក្លេអ៊ែរ​នេះ​ឲ្យ​បាន​ដដែល​។​

​រុស្ស៊ី ដែលមាន​ព្រំដែន​១៩​គីឡូម៉ែត្រ​ជាមួយ​កូរ៉េខាងជើង ជា​តួអង្គ​មិនអាច​ខ្វះ​បាន​ក្នុងការ​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​។ រុស្ស៊ី ព្រមទាំង​ចិន គឺជា​មហាអំណាច​ពីរ​ដែល​នៅ​អាច​និយាយ​គ្នា​ជាមួយ​កូរ៉េខាងជើង​។ ប៉ុន្តែ​មួយរយៈ​ពេល​ចុងក្រោយ ចិន​ហាក់​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់​ខ្លាំង​ដាក់​កូរ៉េខាងជើង ដែល​រឿងនេះ​ធ្វើ​ឲ្យ​កូរ៉េខាងជើង​អន់ចិត្ត​យ៉ាងខ្លាំង​។ នេះ ក៏​ព្រោះ​ចិន​រង​សម្ពាធ​ខ្លាំង​ពី​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​តែង​រក​បញ្ហា​ពាណិជ្ជកម្ម​មក​សង្កត់​ចិន​រហូត​។​

​ងាក​មក​រឿង​និយាយ​ទូរ​សព្ទ​វិញ មេដឹកនាំ​រុស្ស៊ី និង​កូរ៉េខាងត្បូង ក៏​សន្យា​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​ប្រសើរឡើង​ដែរ​។ បើ​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធានាធិបតី​ប្រទេស​ទាំងពីរ ក៏បាន​អញ្ជើញ​គ្នា​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​រៀងៗ​ខ្លួន​ដែរ​។ ជាមួយគ្នានេះ លោក មូ​ន ចេ​អ៊ី​ន ក៏​និយាយ​ដែរ​ថា លោក នឹង​បញ្ជូន​ប្រេសិត​ទៅកាន់​រុស្ស៊ី​ទៀតផង​។ លោក ពូ​ទីន ឆ្លើយ​វិញ​ថា លោក​នឹង​ទទួល​ប្រេសិត​ពិសេស​កូរ៉េខាងត្បូង​ដោយផ្ទាល់​។​

​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​កូរ៉េខាងត្បូង មិនសូវ​ជា​ល្អ​ប៉ុន្មាន​ឡើយ មុន​ការឡើង​កាន់អំណាច​រប​ស់លោក មូ​ន ចេ​អ៊ី​ន ។ ក្រុង​មូ​ស្គូ ជំទាស់​យ៉ាងខ្លាំង​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD របស់​ក្រុង​វ៉ាស៊ីនតោន​នៅ​ឧបទ្វីប​កូរ៉េ​។ រដ្ឋបាល​ក្រុង​សេ​អ៊ូ​ល​ក្រោម​អាណត្តិ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ បានសម្រេច​ពង្រាយ​ប្រព័ន្ធ​ការពារ​នេះ ដើម្បី​ទប់ទល់​មី​ស៊ី​ល​កូរ៉េខាងជើង បើទោះជា​ក្រុង​មូ​ស្គូ និង​ក្រុង​ប៉េកាំង​លើកឡើងថា ប្រព័ន្ធ​ការពារ​នេះ​ប៉ះពាល់​ដល់​អធិបតេយ្យរ​បស់​ពួកគេ​ក៏ដោយ​៕    


Tag:
 រុស្ស៊ី​
  កូរ៉េខាងត្បូង​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com