អន្តរជាតិ
អតីត​ប្រមុខ​ការទូត​អាមេរិក​៖ ផ្ដួលរំលំ​សា​ដាម ហ៊ូ​សេន គឺ​ដើម្បី​សន្តិសុខ​តំបន់ មិនមែន​ដើម្បី​ប្រជាធិបតេយ្យ​ឡើយ​
13, May 2017 , 10:39 pm        
រូបភាព
អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក Condoleezza Rice (រូបភាព Business Insider)
អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក Condoleezza Rice (រូបភាព Business Insider)
​អតីតមន្ត្រី​ជាន់ខ្ពស់រ​ដ្ឋ​បាល​ប្រធានាធិបតី ច​ច ដាប់​ប៊​ល​យូ ប៊ូ​ស (George W. Bush) និយាយថា គោលដៅ​សំខាន់​របស់​អាមេរិក​ក្នុងការ​ឈ្លានពាន​អ៊ីរ៉ាក់ គឺ​មិនមែន​ដើម្បី​ប្រជាធិបតេយ្យ​ឡើយ​។ លោកស្រី ខុន​ដូលី​ហ្សា រ៉ៃ​ស៍ (Condoleezza Rice) អតីតរដ្ឋមន្ត្រី​ការបរទេស​របស់​រដ្ឋការ​លោក ប៊ូ​ស និយាយថា ទ័ព​អាមេរិក​វាយលុក​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ​២០០៣ គឺ​ដើម្បី​ផ្ដួលរំលំ​របប​ដឹកនាំ​លោក​សា​ដាម ហ៊ូ​សេន (Saddam Hussein) ដែល​ជាការ​គំរាម​សម្រាប់​តំបន់​ប៉ុណ្ណោះ​។​



«​យើង​មិនមែន​ទៅ​អ៊ីរ៉ាក់​ដើម្បី​តែ​នាំយក​ប្រជាធិបតេយ្យ​ទៅ​ឲ្យ​ប្រជាជន​អ៊ីរ៉ាក់​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ខុន ដូលី​ហ្សា រ៉ៃ​ស៍ អតីតរដ្ឋមន្ត្រី​ការបរទេស​នៃ​រដ្ឋការ​អតីត​ប្រធានាធិបតី ច​ច ដាប់​ប៊​ល​យូ ប៊ូ​ស ទៅកាន់​ការជួបជុំ​មួយ​នៅឯ​វិទ្យាស្ថាន Brookings នៅ​ថ្ងៃទី​១១ ខែឧសភា​។ លោកស្រី​បន្តថា គោលដៅ​សំខាន់ គឺ​ដើម្បី​កម្ទេច​ការគំរាមកំហែង​មកលើ​សន្តិសុខ​តំបន់​ប៉ុណ្ណោះ ព្រោះ​របប​ផ្ដាច់ការ សា​ដាម ហ៊ូ​សេន មាន​អាវុធ​បង្ក​មហន្តរាយ​មនុស្សជាតិ​។

​ត្រឡប់​ទៅកាន់​ឆ្នាំ​២០០៣ ក្រោមលេស​ថា​របប សា​ដាម ហ៊ូ​សេន មាន​អា​វុប្រ​ល័យ​លោក ហើយ​ថែមទាំង​សហការ​ជាមួយ​ក្រុម​ភេរវ​ករ​ទៀត​នោះ លោក ប៊ូ​ស ក៏​ចេញ​បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​វាយលុក​អ៊ីរ៉ាក់​តែម្ដង បើទោះជា​ក្រោយមក​គេ​រក​មិនឃើញ​ភស្តុតាង​អ្វី​ក៏ដោយ​។ ជាង​១០​ឆ្នាំ​កន្លងទៅ អ៊ីរ៉ាក់​ទាំងមូល កំពុង​ប្រឹងប្រែង​រស់​ឡើងវិញ​ទាំង​ត្រដរ ក្រោយ​បែកបាក់​ជា​ចម្រៀក​ដោយសារ​ជម្លោះ​និកាយ​សាសនា និង​ការលេចឡើង​ក្រុម​រដ្ឋ​ឥស្លាម​។ 

​បើតាម​សារព័ត៌មាន RT លោកស្រី រ៉ៃ​ស៍ ដែល​ធ្លាប់ជា​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ដែរនោះ និយាយថា អាមេរិក​ចង់​ផ្ដួលរំលំ​លោក សា​ដាម ហ៊ូ​សេន ព្រោះ​គិតថា​លោក​មាន​អាវុធ​មហា​ប្រល័យ និង​ជា​មេដឹកនាំ​ផ្ដាច់​ការដែល​គំរាម​សន្តិសុខ​តំបន់​។ នេះ​មានន័យថា តាំងពី​ដើមទី​មក អាមេរិក​គ្មាន​បំណង​សូម្បី​បន្តិច​ក្នុងការ​សាបព្រោះ​ប្រជាធិបតេយ្យ​នៅ​អ៊ីរ៉ាក់​ឡើយ តែ​ដើម្បី​តែ​កម្ចាត់​ការ​គំរាម​មកលើ​តំបន់​មជ្ឈិមបូព៌ា​ប៉ុណ្ណោះ​។​

​ករណីនេះ ក៏​ដូចគ្នា​នឹង​អ្វីដែល​អាមេរិក​ធ្វើ​ចំពោះ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែរ​។ អាមេរិក លើកទ័ព​ចូល​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ឆ្នាំ​២០០១ ក្នុង​គោលដៅ​ផ្ដួល​របប​ដឹកនាំ​តា​លី​បង់​ប៉ុណ្ណោះ ព្រោះ​ពួកគេ​ផ្ដល់​ជម្រក​ឲ្យ​ក្រុម​ភេរវ​ករ​អាល់​កៃ​ដា មិនមែន​ប្រជាធិបតេយ្យ​អ្វី​ឡើយ​។ ចំណែក​លោកស្រី រ៉ៃ​ស៍ វិញ​ក៏​អះអាង​ដែរ​ថា លោកស្រី​មិនដែល​ផ្ដល់យោបល់​ឲ្យ​ប្រធានាធិបតី ប៊ូ​ស ប្រើ​កម្លាំង​ទ័ព​ដើម្បី​សាបព្រោះ​ប្រជាធិបតេយ្យ​នៅ​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែរ​។​

​ដោយសារ​អន្តរាគមន៍​យោធា​អាមេរិក​នៅ​អ៊ីរ៉ាក់ ឥឡូវនេះ​ប្រជាជន​អ៊ីរ៉ាក់​កំពុង​ជួប​បញ្ហា​ច្រើន ដែល​បញ្ហា​ខ្លះ​មិនដែល​កើតឡើង​ឡើយ​ពេល​លោក សា​ដាម ហ៊ូ​សេន កាន់អំណាច​។ លោក ច​ន និ​ច​សុន (John Nixon) អតីតមន្ត្រី CIA ដែល​សួរចម្លើយ​លោក សា​ដាម ហ៊ូ​សេន បាន​និយាយថា ក្រុម​រដ្ឋ​ឥស្លាម មិនអាច​កើតឡើង​ឡើយ​ក្រោម​ការគ្រប់គ្រង​របស់លោក សា​ដាម ហើយ​ក្រុម​នេះ ក៏​មិនអាច​រីករាយ​នឹង​ជ័យជម្នះ​ដូច​សព្វថ្ងៃ​ដែរ បើ សា​ដាម បន្ត​គ្រប់គ្រង​អ៊ីរ៉ាក់​នោះ​៕


Tag:
 អាមេរិក​
  អ៊ីរ៉ាក់​
  Condoleezza Rice
© រក្សាសិទ្ធិដោយ thmeythmey.com