ជាតិ
គំនិត​ផ្តួចផ្តើម​ចិន​គ្របដណ្តប់​កិច្ចពិភាក្សា​វេទិកា WEF នៅ​កម្ពុជា តែ​អ្នកជំនាញ​មើលឃើញ​វិជ្ជមាន​
13, May 2017 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ គំនិត​ផ្តួចផ្តើម​របស់​ចិន​មាន​ទាំង «​គម្រោង​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​»​និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) គ្របដណ្តប់​ស្ទើ​រាល់​វេទិកា​នៃ​កិច្ចពិភាក្សា​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី​២៦ ស្តីពី​អាស៊ាន​នៅ​កម្ពុជា​។ វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការកើនឡើង​នៃ​តួនាទី​និង​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក​ទាំងមូល​។ ថ្វីបើ​មានការ​បារម្ភ​ពី​បញ្ហា​ឥទ្ធិពល​ចិន​ក្តី អ្នកជំនាញ​មើលឃើញថា ចិន​មាន​តួនាទី​កាន់តែ​ធំ​និង​សំខាន់​ជា​រឿង​វិជ្ជមាន​មួយ​ព្រោះ​វា​នឹង​នាំមក​នូវ​ប្រយោជន៍​ច្រើន​សម្រាប់​ការអភិវឌ្ឍ និង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ពិភពលោក​ផង​។​



​ការគាំទ្រ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​និង​ជំរុញ​ការផ្សាភ្ជាប់​នៅក្នុង​តំបន់​ដែល​អំណោយផល​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ជា​ប្រធានបទ​សំខាន់​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ផ្តោតលើ​អាស៊ាន​នៅ​កម្ពុជា​សប្តាហ៍​នេះ​។

​គេ​មើលឃើញថា គំនិត​ផ្តួចផ្តើម​របស់​ចិន​រួមមាន ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) មាន​តួនាទី​កាន់តែ​សំខាន់ ។ ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​ត្រូវការ​ទុន​ឬ​ហិរញ្ញវត្ថុ​ដើម្បី​ឲ្យ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​របស់ខ្លួន​អាច​ចេញ​ជា​រូបរាង​បាន​។​

​បច្ចុប្បន្ននេះ​អាស៊ី​ប្រឈម​ការខ្វះខាត​ប្រភព​ហិរញ្ញវត្ថុ​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​។ បើតាម​របាយការណ៍​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ឆ្នាំ ២០៣០ អាស៊ី​ត្រូវការ​ថវិកា​សម្រាប់​ផ្គត់ផ្គង់​គម្រោង​កសាង​ហេ​រដ្ឋា​រចនាសម្ព័ន្ធ​រហូត​ដល់ ២, ៥ ទ្រី​លាន​ដុល្លារ​រៀងរាល់ឆ្នាំ​។ គំនិត​ផ្តួចផ្តើម​របស់​ចិន​នឹង​ក្លាយជា​ប្រភពធនធាន​ហិរញ្ញវត្ថុ​សម្រាប់​ប្រទេស​ជា​សមាជិក​ជាពិសេស​អាស៊ាន​តែម្តង​ក្នុងការ​លើកស្ទួយ​ការផ្សាភ្ជាប់​តាម​ការអភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នេះ​។​

​ទោះជា​បែបនេះ​ក្តី  គេ​បារម្ភ​ថា​ការកើនឡើង​ឥទ្ធិពល​និង​រីក​ធំធាត់​នៃ​តួនាទី​របស់​ចិន​នៅក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​ដែរ​។ គេ​ដូចជា​នៅ​មិន​ទុកចិត្ត ឬ​និយាយ​ម្យ៉ាង​ទៀតថា គេ​នៅ​មើលឃើញ​គម្រោង​ដែល​ចិន​បង្កើត​ក្នុង​ផ្លូវ​អវិជ្ជមាន និង​ចិន​ក្តោប​ក្តាប់​ពិភពលោក​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោកស្រី Arancha Gonzalez  នាយក​ប្រតិបត្តិ​នៃ​ម​ជ្ឈ​ម​ណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ (International Trade Center ) ទទួលស្គាល់ថា ការជជែក​ពិភាក្សា​ពី​គំនិត​ផ្តួចផ្តើម​របស់​ចិន​បង្ហាញ​ពី​កាន់​កើនឡើង​នៃ​តួនាទី និង​ឥទ្ធិពល​របស​ចិន​។ ប៉ុន្តែ​លោកស្រី​មើលឃើញថា មាន​អ្វី​មិនល្អ​នៅពេលដែល​មហាអំណាច​ចិន​មាន​តួនាទី​កាន់តែ​ធំ កាន់តែ​ស្វាហាប់​និង​សកម្ម​ក្នុង​បរិបទ​អន្តរជាតិ​និង​តំបន់​នោះ​។​

«​អ្វីដែល​ខ្ញុំ​មើលឃើញ​គឺ ចិន​កាន់តែ​សកម្ម​ក្នុង​ទំនាក់ទំនង​អន្តរជាតិ វិស័យ​ពាណិជ្ជកម្ម​, ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​, ប្រឆាំង​ភេរវកម្ម​និង​ជំរុញ​ការអភិវឌ្ឍ​។ ខ្ញុំ​គិតថា វា​ជា​រឿង​ល្អ​មួយ​។ ជា​រឿង​ធម្មតា​ទេ​នៅពេល​ចិន​តំណាង​ឲ្យ​មួយ​ភាគ​បួន​នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក ចិន​ត្រូវតែ​សកម្ម​ក្នុងការ​ជំ​រុ​ពាណិជ្ជកម្ម​។ នៅពេលដែល​ចិន​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ធំជាងគេ ចិន​ក៏​ចាំបាច់​ត្រូវ​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​ដែរ​»​។​

​ប៉ុន្តែ​លោកស្រី​កត់សម្គាល់ថា ក្នុង​បរិបទ​នៃ​ពិភពលោក​ដែលមាន​ពហុ​ប៉ូល (Multi-Polar)​ដូច​បច្ចុប្បន្ន ពេល​ចិន​កាន់តែ​សកម្ម​និង​មាន​ឥទ្ធិពល​កាន់តែ​ធំ ប្រទេស​ផ្សេងទៀត​ហាក់​មិន​ទុកចិត្ត​និង​នៅតែមាន​ក្តីបារម្ភ​ចំពោះ​បញ្ហា​នេះ​។

​ចំណែក​លោក​បណ្ឌិត ឈាង វណ្ណា​រិ​ទ្ធ អ្នកវិភាគ​ប​ញ្ហ​អាស៊ីអាគ្នេយ៍ យល់ឃើញ​ដូចគ្នា​ដែរ​ថា វា​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឬ​ភ្ងា​ក់​ផ្អើល​ឡើយ ពេល​គំនិត​ផ្តួចផ្តើម​ចិន​ត្រូវគេ​គ្រប់គ្នា​ផ្តោត​យកចិត្តទុកដាក់​នោះ ព្រោះ​ចិន ជា​តួអង្គ​សំខាន់​គាំទ្រ​អភិបាលកិច្ច​ពិភពលោក​ដែល​បើកចំហ​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​សកល​ជាដើម​។​

​លោក ឈាង វណ្ណា​រិ​ទ្ធ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ដូច្នេះ​ថា​៖«​អភិបាលកិច្ច​សេដ្ឋកិច្ច​សកល​បច្ចុប្បន្ន​ស្ថិតក្រោម​ការរៀបចំ​ឡើង​វិញ​។ ចិន​កំពុងតែ​ដឹកនាំ​គេឯង​ដើម្បី​គាំទ្រ​ប្រព័ន្ធ​អភិបាលកិច្ច​ដែល​បើកចំហ​និង​មាន​បរិ​យា​ប័ន្ន (Inclusive)​។ ដូច្នេះហើយ​គំនិត​ផ្តួចផ្តើម ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​នេះ​ជា​យុទ្ធសាស្ត្រ​ដ៏​ធំ​ប​ផុត​មួយ​របស់​ចិន​ក្នុង​ការជំរុញ​ការផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពិភពលោក​និង​ពង្រឹង​តួនាទី​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​ពិភពលោក​ដែរ​។ ហើយ​កិច្ចប្រជុំ​កំពូល​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​នៅ​ក្រុង​ប៉េកាំង​ថ្ងៃ ១៤​ឧសភា នឹង​បង្ហាញ​ចក្ខុវិស័យ​យុទ្ធសាស្ត្រ និង​បង្កើត​ផែនការ​សកម្មភាព​ច្បាស់​លាស់​នៃ​គំនិត​ផ្តូ​ច​ផ្តើម​របស់ខ្លួន​ដែរ​»​។
 
-​អាស៊ាន​ត្រូវ​រៀនធ្វើការ​ជាមួយ​មហា​យក្ស​ចិន ឬ​អាមេរិក ក៏​ដៃគូ​សំខាន់​ផ្សេងទៀត​

​តាមពិតទៅ ការបារម្ភ​ពី​ឥទ្ធិពល​និង​តួនាទី​របស់​មហា​យក្ស​ចិន​នៅក្នុង​តំបន់​ឬ​ពិភពលោក​មិនមែនជា​រឿង​ត្រឹមត្រូវ​ឡើយ​។ គេ​គួរតែ​ត្រៀមលក្ខណៈ​ឲ្យ​បានល្អ​ដើម្បី​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ មិន​ថា​ជា​អាមេរិក ឬ​ចិន​ឡើយ  ព្រោះ​គេ​សុទ្ធតែ​អាច​ទាញយក​ប្រយោជន៍​ពី​គម្រោង​អភិវឌ្ឍន៍​ទាំង​បាន​ដូចគ្នា​ដែរ​។​

​លោកស្រី Arancha Gonzalez ឯកភាព​ថា អាស៊ាន​ឬ​ប្រទេស​ឯទៀត​គួរតែ​ឈប់​បារម្ភ​ពេក​ពី​ឥទ្ធិពល​នៃ​គំនិត​ផ្តួចផ្តើម​របស់​ចិន ហើយ​គេ​គួរ​ប្រឹងប្រែង​រៀនសូត្រ​ពី​របៀប​ពង្រឹង​ទំនាក់ទំនង​ជាមួយ​មហា​អំណាច​និង​ដៃគូ​អភិវឌ្ឍន៍​សំខាន់ៗ​ផងដែរ​ដើម្បី​ធានា​ប្រយោជន៍​ជាតិ​។


       លោកស្រី Arancha Gonzalez   នាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (International Trade Center) 

​លោកស្រី​បានលើកឡើង​ដូ​ច្នះ​«​ដូច​នាយករដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀង សួន​ហ្វ៊ុ​ក បាន​លើក​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ថ្ងៃ​១១​ឧសភា​ដែរ​ថា វា​ជា​ពេលដែល​អ្នក​ត្រូវ​រៀនធ្វើការ​ជាមួយ​ចិន​, ធ្វើការ​ជាមួយ​អាមេរិក សហភាព​អឺរ៉ុប ជាមួយ​ជប៉ុន និង​ដៃគូ​សំខាន់​ផ្សេងទៀត​ដែរ​»​។​

​សម្រាប់​លោក ឈាង វណ្ណា​រិ​ទ្ធ ក៏​យល់ស្រប​ដែរ​ថា តំបន់​អាស៊ាន​នេះ​ត្រូវ​រក្សា​ជំហរ​អ​ព្យ​ក្រឹត្យ​និង​មិនអាច​ជ្រើសរើស ឬ​បង្ខំ​ឲ្យ​ជ្រើសរើស​រវាង​មហាអំណាច​ណាមួយ​ឡើយ​។

«​អាស៊ាន​កំពុង​បន្ត​កសាង​សហគមន៍​រួម​ដែល​បើកចំហ​។​អ​ព្យា​ក្រឹត្យ​នោះ​ហើយ​អាចជួយ​ឲ្យ​អាស៊ានរ​ស់បាន​ហើយ​។​ដោយ​បន្ត​ពង្រឹង​ការសហការ​ជាមួយ​រាល់​មហាអំណាច​ទាំងអស់ អាស៊ាន​អាច​បង្កើន​តួនាទី​ខ្លួន​ក្នុង​តំបន់​ផង​និង​នៅលើ​ពិភពលោក​ផង​»​។ នេះ​ជាការ​បញ្ជាក់​របស់​បណ្ឌិត ឈាង វណ្ណា​រិ​ទ្ធ​៕


Tag:
 WEF
  ASEAN
  ចិន​
  Arancha Gonzalez
  ឈាង វណ្ណា​រិ​ទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com