អន្តរជាតិ
លោក ពូ​ទីន លេង​ព្យ៉ា​ណូ ពេល​ចាំ​ជួប​ប្រធានាធិបតី ស៊ី ជីន​ភីង​
15, May 2017 , 7:59 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កំពុងអង្គុយលេងព្យ៉ាណូ (រូបភាព Sputnik)
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កំពុងអង្គុយលេងព្យ៉ាណូ (រូបភាព Sputnik)
​មិន​ត្រឹមតែ​ជា​មេដឹកនាំ​ប្រទេស​មហាអំណាច​និង​មាន​សមត្ថភាព​កីឡា​ឡើយ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏មាន​សមត្ថភាព​ពិសេស​ខាង​សិល្បៈ​ដែរ​។ នៅ​ថ្ងៃទី​១៤ ខែឧសភា ខណៈ​កំពុង​រង់ចាំ​ជួប​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ដែលជា​ម្ចាស់ផ្ទះ​វេទិកា «​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​» លោក ពូ​ទីន ក៏បាន​លេង​ឧបករណ៍​ភ្លេង​ព្យ៉ា​ណូ​សិន ព្រោះ​លោក ស៊ី ជីន​ភីង កំពុង​រវល់​ជួប​ជជែក​ជាមួយ​មេដឹកនាំ​បរទេស​ជា​ភ្ញៀវ​ដូចគ្នា​។​



​ចម្រៀង Moscow Windows និង The City Over the Free Neva គឺជា​បទ​ចម្រៀង​ចំនួន​២ ដែល​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ប្រគំ​លេង​ដោយ​ប្រើ​ព្យ៉ា​ណូ ពេល​លោក​កំពុង​រង់ចាំ​ជួប​សម​ភាគី​ចិន ស៊ី ជីន​ភីង ក្នុង​រដ្ឋធានី​ប៉េកាំង​។ លោក ពូ​ទីន កំពុង​ស្ថិតនៅ​ចិន ដើម្បី​ចូលរួម​វេទិកា​អន្តរជាតិ​ស្ដីពី​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ ដែល​ចិន​ជា​ម្ចាស់ផ្ទះ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន TASS លោក ពូ​ទីន មាន​គម្រោង​ថ្លែង​សុន្ទ​កថា​ក្នុង​ពិធី​បើក​វេទិកា​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ​។ ប៉ុន្តែ លោក​បាន​ឆ្លៀត​ជួប​ជាមួយ​មេដឹកនាំ​បរទេស​មួយចំនួន​សិន មុន​កម្មវិធី​ចាប់ផ្ដើម​ផ្លូវការ​។ លោក បានធ្វើ​ដំណើរ​ទៅកាន់​ផ្ទះសំណាក់​ភ្ញៀវ​រដ្ឋ Diaoyutai ក្នុង​រដ្ឋធានី​ប៉េកាំង ដើម្បី​ជួប​សម​ភាគី​បរទេស រួមទាំង​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ផងដែរ​។ ពេល​រង់ចាំ​ជួប​ប្រធានាធិបតី​ចិន លោក​ក៏​អង្គុយលេង​ព្យ៉ា​ណូ​តែម្ដង​។​

​យ៉ាងណាក្ដី នេះ​មិនមែនជា​លើក​ទី​១ ទេ ដែល​ប្រធានាធិបតី​រុស្ស៊ី​បង្ហាញ​សមត្ថភាព​លេង​ព្យ៉ា​ណូ​ជា​សាធារណៈ​។ កាលពី​ឆ្នាំ​២០១០ លោក ពូ​ទីន ដែលជា​នាយករដ្ឋមន្ត្រី បាន​លេង​បទ From Where Does the Motherland Begin ដើម្បី​រៃអង្គាសប្រាក់​សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺមហារីក និង​ជំងឺ​ភ្នែក​ដែល​កើត​លើ​កុមារ​។ មកទល់​ឆ្នាំ​២០១៤ លោក ពូ​ទីន ក៏បាន​លេង​បទ Moscow Windows ដែរ​៕




Tag:
 ចិន​
  រុស្ស៊ី​
  ស៊ី ជីន​ភីង​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com