អន្តរជាតិ
ត្រាំ ត្រៀម​ជួប ម៉ា​ក្រុង នៅ​ព្រុ​ច​សែ​ល​ដើម្បី​ស្គាល់ចិត្ត​គ្នា​
15, May 2017 , 8:39 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​ថ្មី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នឹង​ជួបគ្នា​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ដើម្បី​ស្គាល់ចិត្ត​គ្នា​ទៅវិញទៅមក ព្រោះ​ទាំង​លោក ត្រាំ ទាំង​លោក ម៉ា​ក្រុង ទើប​ក្លាយជា​មេដឹកនាំ​ប្រទេស​ក្នុង​រយៈពេល​ខ្លី​ដូចគ្នា​។ លោក ត្រាំ ក្លាយជា​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃទី​២០ ខែមករា ឯ​លោក ម៉ា​ក្រុង ទើប​ស្បថ​នៅ​ថ្ងៃទី​១៤ ខែឧសភា​ប៉ុណ្ណោះ​។ របៀបវារៈ​នៃ​ជំនួប​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៥ ខែឧសភា អាចជា​បញ្ហា​ភេរវកម្ម និង​ការចំណាយ​សម្រាប់​សម្ព័ន្ធ​យោធា​ណា​តូ​។



​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹងចូលរួម​កិច្ចប្រជុំ​ជាមួយ​បណ្ដា​មេដឹកនាំ​រដ្ឋ​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​នៅ​ចុងខែ​ឧសភា​នេះ​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​។ ឆ្លៀត​ពេលនោះ លោក ត្រាំ នឹង​ជួបពិភាក្សា​អាហារ​ថ្ងៃត្រង់​ជាមួយ​ប្រធានាធិបតី​បារាំង​ថ្មី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង សំដៅ​កសាង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក ព្រោះ​នយោបាយ​របស់លោក ត្រាំ ខុសគ្នា​ស្ទើរ​ទាំងស្រុង​នឹង​នយោបាយ​របស់លោក ម៉ា​ក្រុង តែ​ដូចគ្នា​នឹង​នយោបាយ​លោកស្រី ម៉ា​រី​ន ឡឺ​ប៉ែន ។

​កាលពីពេល​បោះឆ្នោត លោក ត្រាំ ថែមទាំង​បាន​គាំទ្រ​លោកស្រី ឡឺ​ប៉ែន សម្រាប់​តំណែង​ប្រធានាធិបតី​នេះ ហើយ​លោកស្រី ឡឺ​ប៉ែន វិញ ក៏ត្រូវ​បាន​គេ​ហៅថា «​ដូ​ណា​ល់ ត្រាំ បារាំង​» ទៀតផង​។ ប៉ុន្តែ​លោកស្រី ឡឺ​ប៉ែន បាន​ចាញ់ឆ្នោត​ទៅហើយ ដូច្នេះ​លោក ត្រាំ ក៏​ងាក​មករ​កលោក ម៉ា​ក្រុង វិញ​ដើម្បី​សហការគ្នា​ទៅមុខទៀត បើទោះជា​មាន​នយោបាយ​មិន​ដូចគ្នា​ក្ដី​។ រឿង​មួយ​ដែល​មេដឹកនាំ​ទាំង​២​ដូចគ្នា គឺ​អ្នក​ទាំង​២ សុទ្ធ​តែមាន​ប្រភព​ក្រៅពី​នយោបាយ​ទាំងអស់​។ 

​ក្នុងជំនួប​ទល់មុខ​ដែល​រៀបចំ​នៅ​ថ្ងៃទី​២៥ ខែឧសភា ប្រធានាធិបតី​អាមេរិក និង​សម​ភាគី​បារាំង ទំនងជា​ពិភាក្សា​លើ​បញ្ហា​ច្រើន​រាប់​ពី​ប​ញ្ហ​សេដ្ឋកិច្ច​, ការប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​ការបង់ថ្លៃ​វិភាគទាន​ឲ្យ​ណា​តូ​ជាដើម​។ ចាប់តាំងពី​ឡើងកាន់​អំណាច​មក​នោះ លោក ត្រាំ បាន​មិន​ខ្វល់​នឹង​ការធ្វើ​ពាណិជ្ជកម្ម​សេរី​ឡើយ ហើយ​ផ្ដោត​តែ​លើ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ទ្វេភាគី​ប៉ុណ្ណោះ ដែល​ខុសគ្នា​ពី​នយោបាយ​បើកចំហ​របសលោក ម៉ា​ក្រុង ។​

​ចំណែកឯ​រឿង​ការចំណាយ​របស់​សម្ព័ន្ធ​យោធា​ណា​តូ​វិញ លោក ត្រាំ នៅតែ​ទទូច​ដដែល​ជា​ដដែល​រឿង​ចំណាយ​២​ភាគរយ​។ មន្ត្រី​សេត​វិមាន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា លោក ត្រាំ មិន​ចង់​ឲ្យ​សមាជិក​ណា​តូ​ទាំងអស់ អនុវត្តតាម​ការសន្យា​របស់ខ្លួន​ឲ្យ​បាន​កាន់តែ​ឆាប់ និង​មិនត្រូវ​បង្អង់​យូរ​ឡើយ​។ នេះ​ក៏​ព្រោះ​រដ្ឋបាល​អាមេរិក​របស់ ត្រាំ មិន​សុខចិត្ត​ទទួលយក​អ​ម្រែ​ក​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់​នេះ​ម្នាក់ឯង​ទៀតឡើយ​។  

​បើទោះជា​មាន​គោលនយោបាយ​គ្នា​ក្ដី លោក ត្រាំ នៅតែ​មិនអាច​បោះបង់​បារាំង​បាន​។ ច្បាស់​ណាស់​ថា អស់ពី​អង់គ្លេស​ទៅ បារាំង ព្រម​គ្នា​នឹង​អាល្លឺម៉ង់ ត្រូវ​ទទួលបន្ទុក​ដឹកនាំ​អឺរ៉ុប​បន្តទៀត​។ ចង់​មិន​ចង់ អាមេរិក ត្រូវ​បន្ត​រក្សា​មិត្តភាព​មាន​យូរអង្វែង​មកហើយ​ជាមួយ​បារាំង​ដើម្បី​ដឹកនាំ​ការងារ​ពិភពលោក ព្រោះ​ប្រធានាធិបតី​បារាំង​ថ្មី ម៉ា​ក្រុង កំពុង​ចង់​ស្ដារ​មុខមាត់​បារាំង​លើ​ឆាក​អន្តរជាតិ​ឡើងវិញ​ស្រាប់​ផង​នោះ​៕


Tag:
 អាមេរិក​
  បារាំង​
  ដូ​ណា​ល់ ត្រាំ​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com