ជាតិ
បក្ស​កាន់អំណាច និង​បក្សប្រឆាំង ត្រៀមខ្លួន​រួចហើយ ដើម្បី​ចូលរួម​ឃោសនាបោះឆ្នោត​
15, May 2017 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ រហូតមកដល់​ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា សុទ្ធតែ​បានរៀបចំ​លក្ខណៈ​រួចរាល់​អស់ហើយ ដើម្បី​ធ្វើ​យុទ្ធនាការ​នៃ​ការឃោសនាបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២០ ខែឧសភា ដល់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៧​។​



​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្វីៗ គឺ​គណបក្ស​សង្គ្រោះ​ជាតិ បាន​គិតគូរ​រួចហើយ សម្រាប់​ការឃោសនាបោះឆ្នោត​។ លោក លើកឡើង​ដូច្នេះ​ថា​៖«​ថវិកា ធនធានមនុស្ស សារ​នយោបាយ និង​បទ​ចម្រៀង គឺ​យើង​រៀបចំ​អស់ហើយ​»​។​

​បើតាម​លោក យឹម សុវណ្ណ គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀម​ថវិកា​ប្រមាណ​ជា ២​លាន​ដុល្លារ សម្រាប់​ការឃោសនាបោះឆ្នោត​។ លោក បញ្ជាក់ថា ថវិកា​ទាំងនេះ គឺ​បានមកពី​មន្ត្រី​គណបក្ស​នៅ​ថ្នាក់ក្រោម​ជាតិ និង​មន្ត្រី​គណបក្ស​នៅ​ថ្នាក់ជាតិ រួមទាំង​អ្នកគាំទ្រ​នៅឯ​បរទេស​។

​អ្វីដែល​អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ ចាត់ទុកថា​សំខាន់​ជាងគេ នៅក្នុង​យុទ្ធនាការ​នៃ​ការឃោសនាបោះឆ្នោត គឺ​ធ្វើយ៉ាងណា កុំ​ឲ្យ​មាន​អំពើ​ហិ​ង្សា​កើតឡើង​។ លោក សង្កត់ធ្ងន់ថា ដើម្បី​កុំ​ឲ្យ​មាន​អំពើហិង្សា​កើតឡើង សកម្មជន និង​ឃោសនិក​របស់​បក្សប្រឆាំង ត្រូវតែ​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌ ដោយ​មិនត្រូវ​ប្រើពាក្យ​អសុរោះ ឬ​ជេរប្រមាថ​ទៅលើ​អ្នកដទៃ ជាដាច់ខាត​។

​ចំណែកឯ គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​រៀបចំ​ថវិកា និង​ចំនួន​មនុស្ស​រួចហើយ​ដែរ ដើម្បី​ធ្វើ​យុទ្ធនាការ​នៃ​ការឃោសនាបោះឆ្នោត​។ នេះ​បើតាម​លោក សុខ ឥសាន អ្ន​កនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។

​យ៉ាងណា លោក សុខ ឥសាន មិនអាច​បញ្ជាក់​បានទេ ថា​គណបក្ស​ប្រជាជន​កម្ពុជា នឹងត្រូវ​ចំណាយ​ថវិកា​ប៉ុន្មាន ឬក៏​ត្រូវមាន​ចំនួន​មនុស្ស​ប៉ុន្មាន​នាក់ សម្រាប់​ការឃោសនាបោះឆ្នោត​។ អ្នក​នាំពា​ក្យបក្ស​កាន់អំណាច​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​យើង​ត្រៀម​រួច​យូរហើយ រឿង​ឃោសនា​ហ្នឹង​នុ៎ះ​។ តែ​យើង មិនអាច​ប៉ាន់ស្មាន​បានទេ ថា​យើង​មាន​ថវិកា​ប៉ុន្មាន និង​មនុស្ស​ប៉ុន្មាន​។ តែបើ​ថ្នាក់ក្រោម​ខ្វះខាត​អ្វីមួយ ហើយ​ប្រាប់​មក​ថ្នាក់លើ គឺ​យើង​នឹង​ជួយ​តែម្តង​»​។

​សម្រាប់​លោក សុខ ឥសាន យន្តការ ដើម្បី​បញ្ចៀស​អំពើហិង្សា​ក្នុងអំឡុង​នៃ​ការឃោសនាបោះឆ្នោត គឺ​ការប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌ និង​គោលការណ៍ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានកំណត់​។​

​សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ នា​អាណត្តិ​ទី​៤​នេះ ហាក់​មាន​សភាព​តឹងរឹង​ជាង​អាណត្តិ​មុនៗ​។ គ​.​ជ​.​ប បានផ្តល់​រយៈពេល​ត្រឹមតែ​១៤​ថ្ងៃ ឲ្យ​គណបក្សនយោបាយ ឃោសនា​ពី​គោលនយោបាយ​។ ហើយ ក្នុង​រយៈពេល​១៤​ថ្ងៃនោះ គណបក្សនយោបាយ មាន​រយៈពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត​។ ម្យ៉ាងទៀត ក្បួន​ឃោសនាបោះឆ្នោត​ក្នុង​ឃុំ សង្កាត់​មួយ មិនអាច​ដង្ហែ​ឆ្លងទៅ​កាន់​ឃុំ សង្កាត់​មួយ​ផ្សេងទៀត នោះទេ​៕


Tag:
 បោះឆ្នោត​
  ឃោសនាបោះឆ្នោត​
  CNRP
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com