អន្តរជាតិ
ឌូ​ទើ​តេ ធានាថា ហ្វីលីពីន​មិន​ក្លាយ​ទាសករ​បំណុល​ចិន​
16, May 2017 , 2:48 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ចាប់ដៃប្រធានាធិបតីចិន ស៊ី ជីនភីង (រូបភាព Xinhua)
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ចាប់ដៃប្រធានាធិបតីចិន ស៊ី ជីនភីង (រូបភាព Xinhua)
​បន្ទាប់ពី​ត្រឡប់​ពី​ទស្សនកិច្ច​នៅ​ចិន​ភ្លាមៗ ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ធានា​ចំពោះ​ប្រជាជន​ហ្វីលីពីន​ថា ចិន​មិនមាន​គំនិត​វៀចវេរ​ឡើយ​ក្នុងការ​ផ្ដល់​កម្ចី​រាប់លាន​ដុល្លារ​សម្រាប់​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ ក្នុងប្រទេស​។ លោក ឌូ​ទើ​តេ ធានា​ដូចនេះ ដើម្បី​ឆ្លើយតប​នឹង​ការព្រួយបារម្ភ​ជុំវិញ​ប្រាក់កម្ចី​សន្ធឹកសន្ធាប់​របស់​ចិន​ដែល​ហូរ​ចូល​ហ្វីលីពីន ហើយ​អាចធ្វើ​ឲ្យ​ហ្វីលីពីន​ក្លាយទៅជា​ទាសករ​បំណុល​របស់​មហា​យក្ស​ចិន​ទៀតផង​។​



​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ទៅដល់​ហ្វីលីពីន​វិញ​ហើយ បន្ទាប់​បាន​ចូលរួម​វេទិកា​ខ្សែក្រវ៉ាត់ និង​វិថី ដែល​ចិន​ជា​ម្ចាស់ផ្ទះ​។ ក្រៅពី​ចូលរួម​វេទិកា​ដ៏​ធំ​នេះ លោក ឌូ​ទើ​តេ ក៏បាន​ជួប​ជាមួយ​មេដឹកនាំ​ចិន​មាន​ប្រធានាធិបតី ស៊ី ជីន​ភីង និង នាយករដ្ឋមន្ត្រី លី ខឺ​ឈាំ​ង ព្រមទាំង​ធ្វើជា​សាក្សី​ក្នុងការ​កិច្ចព្រមព្រៀង​កម្ចី​លើ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ជាច្រើន​។ ប៉ុន្តែ​ទឹកប្រាក់​កម្ចី​រាប់លាន​ដុល្លារ​នេះ កំពុង​ធ្វើ​ឲ្យ​ប្រជាជន​ហ្វីលីពីន​បារម្ភ​ខ្លាំង​រឿង​ជំពាក់​បំណុល​ចិន​ទៅវិញ​។​

​យ៉ាងណាក្ដី លោក ឌូ​ទើ​តេ ដែល​ទើប​ត្រឡប់​ពី​ទស្សនកិច្ច​នៅ​ចិន បាន​អះអាងថា ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ហ្វីលីពីន​ជា​រឿង​ស្មោះត្រង់ ហើយ​ចិន​ក៏​កំពុង​ជួយ​បង្កើត​ការងារ​សម្រាប់​ប្រជាជន​ហ្វីលីពីន​ដែរ​។ ក្នុង​សន្និសីទកាសែត​ទៀបភ្លឺ​នៅ​ទីក្រុង Davao ថ្ងៃទី​១៦ ខែឧសភា លោក ឌូ​ទើ​តេ និយាយថា មេដឹកនាំ​ចិន​ទាំង​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី សុទ្ធតែ​បង្ហាញ​ការប្ដេជ្ញាចិត្ត​មុតមាំ​រប​ស់​ខ្លួន​ក្នុងការ​ជំរុញ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​ព្រមព្រៀង​កាលពីមុន​។​

​បើតាម​សារព័ត៌មាន Rappler ប្រធានាធិបតី​ហ្វីលីពីន សប្បាយចិត្ត​ដែល​មេដឹកនាំ​ចិន​បង្ហាញ​ជំហរ​ស្មោះត្រង់​ចំពោះ​ហ្វីលីពីន ព្រោះ​ការជួយ​របស់​ចិន​បង្កើត​ការងារ​សម្រាប់​ប្រជាជន​របស់លោក​។ ដោយនិយាយ​សំដៅ «​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់​មួយ និង​វិថី​មួយ​» របស់​ចិន លោក ឌូ​ទើ​តេ បញ្ជាក់ថា ចិន​ចង់បាន​តំបន់​មួយ​ដែលមាន​សន្តិភាព ព្រោះ​វា​នឹង​ផ្ដល់​ការរីកចម្រើន​ត្រឡប់​ទៅ​ឲ្យ​ចិន​វិញ​ផង​។​

​បើទោះជា​មានការ​ព្រួយបារម្ភ​ខ្លាំង​លើ​ការខ្ចីប្រាក់​សន្ធឹកសន្ធាប់​ក្ដី ទៅ​ចិន​មួយ​ជើង​នេះ លោក ឌូ​ទើ​តេ ក៏​មិនបាន​មកវិញ​ដោយ​ដៃទទេរ​ឡើយ​។ នៅ​ថ្ងៃទី​១៥ ខែឧសភា លោក ឌូ​ទើ​តេ និង​សម​ភាគី​ចិន ស៊ី ជីន​ភីង ក៏បាន​ធ្វើជា​សាក្សី​លើ​ការចុះ​កិច្ចព្រមព្រៀង​ចំនួន​៤ ដែល​ក្នុងនោះ​ក៏មាន​កិច្ចព្រមព្រៀង​ផ្ដល់ជំនួយ​ជាង​៧២​លាន​ដុល្លារ សម្រាប់​ការសាងសង់​ស្ពាន​ចំនួន​២ ក្នុង​រដ្ឋធានី​ម៉ានីល ក៏ដូចជា​កិច្ច​ព្រម​ពៀង​ស្ដីពី​ថាមពល និង​គមនាគមន៍​ផងដែរ​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​លោក ឌូ​ទើ​តេ ចូលកាន់​តំណែង​មក ទំនាក់ទំនង​រវាង​ហ្វីលីពីន និង​ចិន ដែល​ធ្លាប់តែ​ល្អក់កករ​ដោយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ប្រែជា​ល្អូក​ល្អឺ​ន​ហួសការ​ស្មាន​។ ចិន បានផ្ដល់​ជំនួយ និង​កម្ចី​រាប់លាន​ដុល្លារ​សម្រាប់​រដ្ឋាភិបាល​ហ្វីលីពីន ព្រមទាំង​សន្យា​ជួយ​ហ្វីលីពីន ពេល​ត្រូវការ​ទៀតផង​។ ការ​ងាក​ទៅរក​ចិន​ខ្លាំងពេក​នៅពេលនេះ ធ្វើ​ឲ្យ​គេ​បារម្ភ​ថា​ផលប្រយោជន៍​ហ្វីលីពីន​អាច​ត្រូវ​បាត់បង់ ព្រោះ​ជំនួយ​របស់​ចិន​ដែល​ហូរ​ចូល​យ៉ាងច្រើន​នេះ អាច​ក្លាយជា​បំណុល​វិញ​មិន​ខាន​៕  


Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com