អន្តរជាតិ
បារាំង មិន​គាំទ្រ​ការ​ជំពាក់​បំណុល​រួមគ្នា​ជាមួយ​រដ្ឋ​អឺរ៉ុប​ឡើយ​
16, May 2017 , 7:39 pm        
រូបភាព
អធិការបតីអាល្លឺម៉ង់ អែនជេឡា មើគែល និងប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងសន្និសីទកាសែរួមគ្នា (រូបភាព Xinhua)
អធិការបតីអាល្លឺម៉ង់ អែនជេឡា មើគែល និងប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងសន្និសីទកាសែរួមគ្នា (រូបភាព Xinhua)
​ប្រធានាធិបតី​បារាំង​ថ្មី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ផ្ដើម​ទស្សនកិច្ច​បរទេស​លើកដំបូង​ទៅកាន់​អាល្លឺម៉ង់ ដើម្បី​ជួបពិភាក្សា​រឿង​កិច្ចការ​អឺរ៉ុប​ជាមួយ​អធិការបតី អែន​ជេ​ឡា មឺ​ហ្កែ​ល ។ ទាំង​លោក ម៉ា​ក្រុង ទាំង​លោកស្រី មឺ​ហ្កែ​ល សុទ្ធតែ​យល់ស្រប​គ្នា​ថា ការកែទម្រង់​អឺរ៉ុប​គឺជា​រឿង​ចាំបាច់ និង​បន្ទាន់​។ ហើយ​បារាំង និង​អាល្លឺម៉ង់ ក៏​អាច​ចាប់ដៃគ្នា​កសាង​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​សហភាព​អឹ​រ៉ុ​ប និង​តំបន់​ចាយលុយ​អឺរ៉ូ​ដែរ​។​



​អាល្លឺម៉ង់ គឺជា​ទិសដៅ​ទី​១ របស់​ប្រធានាធិបតី​បារាំង​ថ្មី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ។ លោក ម៉ា​ក្រុង ទៅដល់​រដ្ឋធានី​បែរ​ឡាំង​នៅ​ថ្ងៃទី​១៥ ខែឧសភា តែមួយ​ថ្ងៃក្រោយ​លោក​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​បារាំង​។ លោក ម៉ា​ក្រុង សម្រេចចិត្ត​ទៅ​អាល្លឺម៉ង់​មុនគេ ព្រោះ​លោក​ដឹង​ច្បាស់​ថា អំណើះ​តទៅ មានតែ​បារាំង និង​អាល្លឺម៉ង់​ទេ​ដែល​ត្រូវ​ដឹកនាំ​អឺរ៉ុប​ទៅមុខ ក្រោយ​ចក្រភព​អង់គ្លេស​សម្រេចចិត្ត​ចាកចេញ​ទៅហើយ​។​

​លោក​ប្រធានាធិបតី ម៉ា​ក្រុង បាន​ប្រាប់​អធិការបតី អែន​ជេ​ឡា មឺ​ហ្កែ​ល ថា បារាំង​មិន​ជំទាស់​នឹង​កែប្រែ​សន្ធិសញ្ញា​អឺរ៉ុប ហើយ​លោក​សប្បាយ​ចិត្តនឹង​សហការ​ជាមួយ​លោកស្រី មើរ​គែល ដើម្បី​ផ្លាស់ប្ដូរ​សហភាព​អឺរ៉ុប​ដូចគ្នា​។ លោក​បន្តថា ការងារ​កែទម្រង់​អឺរ៉ុប ចាំបាច់​ត្រូវការ​ការសហការ​គ្នារ​វាង​បារាំង និង​អាល្លឺម៉ង់​។ លោកស្រី មើរ​គែល បាន​ឆ្លើយតប​វិញ​ដោយ​បង្ហាញ​ការគាំទ្រ​សម្ដី​របស់លោក ម៉ា​ក្រុង តែ​ក៏បាន​សង្កត់ធ្ងន់ថា អ្វីៗ​មិនអាច​សម្រេចបាន​ក្នុង​រយៈពេល​ខ្លី​ឡើយ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អធិការបតី​អាល្លឺម៉ង់ បាន​ប្រាប់​ប្រធានាធិបតី​បារាំង​ដែរ​ថា បញ្ហា​របស់​អង់គ្លេស ជា​រឿង​មិនអាច​ដោះស្រាយបាន តែមាន​បញ្ហា​ជាច្រើន​ទៀត​ដែល​អឺរ៉ុប​ត្រូវ​គិត​ដូចជា​ការកែទម្រង់​ស៊ីជម្រៅ​នៅក្នុង​តំបន់​សហភាព​អឺរ៉ុប និង​ប្លុក​ចាយលុយ​អឺរ៉ុប​ជាដើម​។ ចំពោះ​ការកែប្រែ​សន្ធិសញ្ញា​អឺរ៉ុប​វិញ លោកស្រី មឺ​ហ្កែ​ល មិន​ជំទាស់​ឡើយ​ព្រោះ​វា​បើកផ្លូវ​ដល់​ការផ្លាស់ប្ដូរ​អឺរ៉ុប តែ​លោកស្រី​ចង់ដឹងថា អ្វីដែល​ត្រូវ​កែប្រែ​មុនគេ​។

​ក្នុង​សន្និសីទកាសែត​បន្ទាប់ពី​ជំនួប​ទល់មុខ​គ្នា​លើក​ទី​១ នេះ លោក ម៉ា​ក្រុង ក៏​បង្ហាញ​ជំហរ​ប្រឆាំង​គំនិត​បង្កើត​តំបន់​បំណុល​រួមគ្នា​នៅក្នុង​ចំណោម​រដ្ឋ​ចាយលុយ​អឺរ៉ូ​។ អ្នកនយោបាយ​អភិរក្ស​នៅ​អាល្លឺម៉ង់ បា​មរ​ម្ភ​ថា​លោក ម៉ា​ក្រុង នឹង​ជំរុញ​ឲ្យ​គំនិត​បែបនេះ​លេច​ជា​រូបរាង ដ្បិត​វា​នឹង​បង្ក​ផលវិបាក​សម្រាប់​អាល្លឺម៉ង់​មិន​ខាន​។ នេះ ក៏​ព្រោះ​ពេល​បោះពុម្ព​បណ្ណ​បំណុល​រួមគ្នា​នោះ លុយ​នឹង​ហូរ​ចេញ​អាល្លឺម៉ង់​កាន់តែច្រើន ដោយសារ​គេ​ទុកចិត្ត​លើ​អាល្លឺម៉ង់​។​

​ច្បាស់​ណាស់​ថា លោក ម៉ា​ក្រុង នឹងមិន​បង្ក​ការលំបាក​ឲ្យ​អាល្លឺម៉ង់​ឡើយ ព្រោះ​គំនិត​នៃ​ការបង្កើត​តំបន់​បំណុល​រួមគ្នា​នេះ​លេច​ជា​រូបរាង​មែន​នោះ សូម្បីតែ​បារាំង​ផ្ទាល់​ក៏​រង​ផលប៉ះពាល់​ដែរ​។ ម្យ៉ាងទៀត ដោយសារ​គំនិត​នេះ ក៏​មិនមែនជា​អាទិភាព​នៃ​ការកែទម្រង់​សហភាព​អឺរ៉ុប​ដែល​បារាំង និង​អាល្លឺម៉ង់​ដឹកនាំ​ដែរ​។ នៅពេលនេះ បារាំង និង​អាល្លឺម៉ង់ កំពុង​ចាប់ដៃគ្នា​គូសវាស​ផែនទី​សម្រាប់​ការងារ​ដ៏​សំខាន់​នេះ ដើម្បី​ឈានដល់​ការបើកទ្វារ​សម្រាប់​មហិច្ឆតា​ផ្លាស់ប្ដូរ​អឺរ៉ុប​៕ 


Tag:
 បារាំង​
  អាល្លឺម៉ង់​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  អែន​ជេ​ឡា មើ​គែល​
© រក្សាសិទ្ធិដោយ thmeythmey.com