អន្តរជាតិ
អាមេរិក ចោទថា​រដ្ឋាភិបាល​ស៊ី​រី​ដុត​សាកសព​ដើម្បី​បិទបាំង​ការសម្លាប់​រង្គាល​
16, May 2017 , 8:39 pm        
រូបភាព
រូបភាពពន្ធនាគារ Saydnaya ថតតាមផ្កាយរណប (រូបភាព EPA)
រូបភាពពន្ធនាគារ Saydnaya ថតតាមផ្កាយរណប (រូបភាព EPA)
​រដ្ឋបាល​អាមេរិក បាន​ចោទប្រកាន់​រដ្ឋាភិបាល​ស៊ី​រី​ថា​បាន​បង្កើត​កន្លែង​ដុត​សាកសព​នៅក្នុង​ពន្ធនាគារ​របស់ខ្លួន ដើម្បី​កម្ទេច​សាកសព​អ្នកទោស​រាប់ពាន់នាក់​ដែល​ត្រូវបាន​សម្លាប់​ក្នុងពេល​ឃុំខ្លួន​។ មន្ត្រី​ក្រសួងការបរទេស​អាមេរិក បានបង្ហាញ​រូបភាព​ថត​ពី​ផ្កាយរណប​នៃ​ពន្ធនាគារ​យោធា Saydnaya ក្បែរ​ក្រុង​ដា​ម៉ាស់ ហើយ​គេ​ឃើញ​មាន​ព្រិល​គ្របដណ្ដប់​ពី​អាគារ​ដែល​សង្ស័យថា​ជា​កន្លែង​កម្ទេច​សាកសព​ជនរងគ្រោះ​។



​អាមេរិក​និយាយថា ខ្លួន​មាន​ភស្តុតាង​បង្ហាញ​សកម្មភាព​ដុត​សាកសព​អ្នក​ជាប់ពន្ធនាគារ Saydnaya ដើម្បី​បិទបាំង​ការសម្លាប់​រង្គាល​របស់​ខ្លួន​។ លោក Stuart Jones ឧបការី​រង​ក្រសួងការបរទេស​អាមេរិក បានបង្ហាញ​រូបភាព​ពន្ធនាគារ​យោធា​ភាគ​ខាងជើង​រដ្ឋធានី​ដា​ម៉ាស់​ដែល​អាគារ​នៅ​ទីនោះ ត្រូវបាន​កែប្រែ​ឲ្យ​ក្លាយជា​កន្លែង​ដុត​សាកសព​អ្នកទោស ក្នុង​គោលដៅ​បំផ្លាញ​ភស្តុតាង​សកម្មភាព​ឃោរឃៅ​របស់​រដ្ឋាភិបាល​ស៊ី​រី​។

​បើតាម​សារព័ត៌មាន Al Jazeera លោក Stuart Jones អះអាងថា យោធា​ស៊ី​រី បានចាប់ផ្ដើម​កែប្រែ​សំណង់​អាគារ​ក្នុង​ពន្ធនាគារ Saydnaya ក្នុង​ឆ្នាំ​២០១៣ ។ លោក​បន្តថា បើទោះជា​ការសម្លាប់​រង្គាល​នៅ​ស៊ី​រី​ត្រូវបាន​កត់ត្រា​ច្បាស់លាស់​ក្ដី អាគារ​ពន្ធនាគារ​ដែល​ត្រូវ​កែប្រែ​ឡើងវិញ បានបង្ហាញ​ពី​ការប្រឹងប្រែង​របស់​យោធា​ស៊ី​រី ក្នុងការ​បិទបាំង​ទង្វើ​មិនល្អ​របស់ខ្លួន​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អាមេរិក​រូបនេះ​បញ្ជាក់ដែរថា ព័ត៌មាន​ជុំវិញ​ការសម្លាប់​រង្គាល​នេះ គឺ​លោក​ទទួលបាន​ពី​ទីភ្នាក់ងារ​មនុស្សធម៌​ដែល​អាច​ទុកចិត្តបាន និង​ពី​ចារកម្ម​របស់​អាមេរិក​។ បើតាម​ព័ត៌មាន​ដែល​លោក Stuart Jones ទទួលបាន យ៉ាងហោចណាស់​មាន​អ្នកទោស​៥០​នាក់ ត្រូវបាន​ព្យួរ​ក​រៀងរាល់ថ្ងៃ​។ លោក Stuart Jones ក៏បាន​ស្រង់​ចំនួន​អ្នកស្លាប់​ក្នុង​ពន្ធនាគារ​នេះ​ពី​របាយការណ៍​អង្គការ​លើកលែងទោស​អន្តរជាតិ ដែលមាន​ចំនួន​ចន្លោះ​៥​ពាន់​នាក់ ដល់​លើស​១​ម៉ឺន​នាក់​។​

​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ រូបភាព​ដែល​លោក Stuart Jones យកមក​បង្ហាញ ត្រូវបាន​ថត​តាំងពី​ឆ្នាំ​២០១៥ មកម្ល៉េះ​។ គេ​មិនដឹងថា​ហេតុអ្វី​បានជា​រដ្ឋបាល​អាមេរិក​ទើប​បញ្ចេញ​រូបភាព​ពន្ធនាគារ​នៅពេល​នេះឡើយ​។ 

​អ្វី​ដែលជា​បញ្ហា​នោះ គឺ​វិបត្តិ​ស៊ី​រី​បានអូសបន្លាយ​មកដល់​ឆ្នាំ​ទី​៧ ហើយ ខណៈ​ដំណោះស្រាយ​នៅតែ​ងងឹត​សូន្យសុង​ដដែល​។ ប្រជាជន​ស៊ី​រី​ជិត​កន្លះ​លាន​នាក់​ស្លាប់​ដោយសារ​សង្គ្រាម​ហើយ​ប្រជាជន​ពាក់កណ្ដាល​ប្រទេស ត្រូវ​រត់​ភៀសខ្លួន​ទាំង​ក្នុងប្រទេស និង​ទៅ​ក្រៅប្រទេស​។ ការ​វាយ​ប្រយុទ្ធ​រវាង​កម្លាំង​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​ប្រឆាំង ក៏​ចេះតែ​បន្ត​នៅ​តំបន់​ប្រទាញប្រទង់​ជាច្រើន​។ ដោយឡែក​ការចរចា​ស្វែងរក​សន្តិភាព​វិញ ក៏​បន្ត​ជាប់គាំង​រក​ច្រកចេញ​មិនបាន​ដដែល បើទោះជា​មានការ​ជួបគ្នា​ជាច្រើនលើក​ក្ដី​៕


Tag:
 អាមេរិក​
  ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com