អន្តរជាតិ
អាមេរិក ព្រមាន​ដាក់ទណ្ឌកម្ម​ប្រទេស​ដែល​គាំទ្រ​កូរ៉េខាងជើង​
17, May 2017 , 11:51 am        
រូបភាព
ទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley
ទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​កោះប្រជុំ​បន្ទាន់​នៅ​ថ្ងៃទី​១៦ ខែឧសភា ដើម្បី​ពិភាក្សា​លើ​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ នៅមុន​កិច្ចប្រជុំ​បន្តិច​អគ្គរដ្ឋទូត​អាមេរិក Nikki Haley ប្រកាសថា អាមេរិក​នឹង​រឹតបន្តឹង​ទណ្ឌកម្ម​បន្ថែមទៀត​លើ​កូរ៉េខាងជើង ដែល​ចេះតែ​បាញ់​មី​ស៊ី​ល​ជា​ញឹកញាប់ ហើយ​ប្រទេស​ដែល​គាំទ្រ​កូរ៉េខាងជើង ក៏​មិន​រួចខ្លួន​ដែរ​។ ប៉ុន្តែ​អាមេរិក​នៅតែ​បើកទ្វារ​ចរចា បើ​កូរ៉េខាងជើង​ឈប់​សាកល្បង​នុយក្លេអ៊ែរ ឬក៏​បាញ់​មី​ស៊ី​ល​បន្តទៀត​។​



​បន្ទាប់ពី​អាក់ខាន​យូរ​គួរសម កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ជាថ្មីទៀត​នៅ​ថ្ងៃទី​១៥ ខែឧសភា ដែល​កូរ៉េខាងជើង​ផ្ទាល់​អះអាងថា មី​ស៊ី​ល​ដែល​បាញ់​ដោយ​ជោគជ័យ​នេះ ជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ប្រភេទ​ថ្មី និង​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​។ អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង បាន​រិះគន់​ខ្លាំង​លើ​កូរ៉េខាងជើង ដែល​បាញ់​មី​ស៊ី​ល​ម្ដង​ហើយ​ម្ដងទៀត ព្រមទាំង​បាន​កោះប្រជុំ​បន្ទាន់​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​រក​ដំណោះស្រាយ​ផងដែរ​។​

​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង រឹតតែ​ធ្វើ​ឲ្យ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្ដៅស្លឹកត្រចៀក​ខ្លាំង និង​បាន​គំរាម​ដាក់ទណ្ឌកម្ម​ធ្ងន់​ទៀតផង​។ តំណាង​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ Nikki Haley បាន​ព្រមាន​កូរ៉េខាងជើង​ជាថ្មីទៀត​ជុំវិញ​ទង្វើ​ព្រហើន​មិន​ស្ដាប់​គេឯង​នេះ​។ អាមេរិក កំពុង​ពិនិត្យ​ស្ថានការណ៍​បច្ចុប្បន្ន ហើយ​មានបំណង​ស្វែងរក​លទ្ធភាព​ដាក់ទណ្ឌកម្ម​ខ្លាំងៗ​លើ​របប​ដឹកនាំ​កូរ៉េខាងជើង​ដែរ​។​

​និយាយ​ទៅកាន់​អ្នកកាសែត​នៅ​ថ្ងៃទី​១៦ ខែឧសភា មុន​កិច្ចប្រជុំ លោកស្រី Haley បញ្ជាក់ដែរថា អាមេរិក ក៏​នឹងមិន​លើកលែង​ឲ្យ​ប្រទេស​ទី​៣ ណា​ដែល​គាំទ្រ​កូរ៉េខាងជើង​ដែរ​។ ពោល គឺ​ទាំង​កូរ៉េខាងជើង ទាំង​ប្រទេស​ដែល​នៅ​ពីក្រោយ ទំនងជា​ត្រូវ​អាមេរិក​ដាក់​សម្ពាធ​ទាំងអស់​ដោយ​មិនអាច​រួចខ្លួន​ឡើយ​។ បើតាម​សម្ដី​អគ្គរដ្ឋទូត​អាមេរិក ប្រទេស​ណា​ដែល​គាំទ្រ​កូរ៉េខាងជើង ប្រទេស​នោះ​ប្រឆាំង​សហគមន៍​អន្តរជាតិ​ទាំងមូល​។​

​យ៉ាងណាក្ដី តំណាង​អាមេរិក​រូបនេះ មិនបាន​បញ្ជាក់​ឈ្មោះ​ប្រទេស​ដែល​នៅ​ពីក្រោយ និង​ចាំ​ជួយ​កូរ៉េខាងជើង​ឡើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោកស្រី បាន​និយាយ​គំរាមថា អាមេរិក​នឹង​បកស្បែក​មុខ​ប្រទេស​ដែល​គាំទ្រ​កូរ៉េខាងជើង ដើម្បី​បង្ហាញ​គេឯង​ឲ្យ​បានឃើញ ហើយ​អាមេរិក​នឹងដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ទាំងនោះ​ដូចគ្នា​នឹង​កូរ៉េខាងជើង​ដែរ​។

​ជាមួយគ្នានេះ អាមេរិក​ក៏​សង្ឃឹមថា​អាចដាក់​សម្ពាធ​លើ​ចិន​ឲ្យ​ជួយ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បន្ថែមទៀត​ដែរ​។ រដ្ឋបាល​លោក ត្រាំ បាន​ពិភាក្សា​រឿង​ទណ្ឌកម្ម​ជាមួយ​ចិន​អស់​ពេល​យូរ​មកហើយ ព្រោះ​អាមេរិក​ជឿថា​ចិន​នៅតែមាន​ឥទ្ធិពល​បង្ខំ​ឲ្យ​កូរ៉េខាងជើង​គោរព​ច្បាប់​អន្តរជាតិ ឬក៏​ងាក​ចូល​តុ​ចរចា​វិញ​។ សម្រាប់​អាមេរិក បើ​កូរ៉េខាងជើង​មិន​បោះបង់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់ខ្លួន​ទេ ទ្វារ​ចរចា​នឹងមិន​បើក​ឡើយ​៕  


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ចិន​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com