អន្តរជាតិ
ទោះត្រូវអស់ឋានៈ ក៏ចៅស្រីអធិរាជជប៉ុន នៅស្ម័គ្ររៀបការជាមួយរាស្ត្រសាមញ្ញម្នាក់ ព្រះនាងម៉ាកុ រាជនត្តាក្សត្រីយ៍របស់អធិរាជជប៉ុន អាគីហ៊ីតុ (រូបភាព Kyodo)
× ព្រះនាងម៉ាកុ (Mako) ព្រះរាជនត្តាក្សត្រីយ៍ (ចៅស្រី) របស់ព្រះចៅអធិរាជជប៉ុនអាគីហ៊ីតុ នឹងភ្ជាប់ពាក្យជាមួយជាមួយគូស្នេហ៍ជារាស្ត្រសាមញ្ញនៅពេលខ្លីខាងមុខ មុននឹងរៀបការនៅឆ្នាំក្រោយ។ ទូរទស្សន៍ជប៉ុន NHK ផ្សាយថា ព្រះនាងម៉ាកុ នឹងភ្ជាប់ពាក្យជាមួយលោក Kei Komuro ដែលធ្លាប់រៀនជាមួយគ្នានៅសកលវិទ្យាល័យ International Christian University ។ រឿងរ៉ាវនេះ បានបង្កឲ្យមានការជជែកដេញដោលជាថ្មីលើចំនួនសមាជិករាជវង្សជប៉ុន ដែលត្រូវថយចុះជាបន្តបន្ទាប់។
ជាបុត្រីច្បងព្រះអង្គម្ចាស់អាគីស៊ីណុ ដែលជាបុត្រាទី២ របស់អធិរាជអាគីហ៊ីតុ ព្រះនាងម៉ាកុ នឹងត្រូវអស់ឋានៈក្នុងខ្សែរាជវង្សជប៉ុន ពេលព្រះនាងរៀបការជាមួយគូស្នេហ៍ជារាស្ត្រសាមញ្ញ។ រាជវាំងជប៉ុន បានចេញមកបញ្ជាក់ថា ព្រះនាងម៉ាកុ នឹងភ្ជាប់ពាក្យជាមួយមិត្តរួមថ្នាក់នៅសកលវិទ្យាល័យរបស់ទ្រង់ បន្ទាប់ពីបានទាក់ទងគ្នាអស់ពេលជាច្រើនឆ្នាំ។ អនាគតគូស្រករបស់ព្រះនាងមានឈ្មោះថា Kei Komuro មានវ័យ២៥ឆ្នាំ ហើយកំពុងធ្វើការនៅក្រុមហ៊ុនច្បាប់មួយកន្លែង។
បើតាមសារព័ត៌មានជប៉ុន The Japan Times ដែលស្រង់ប្រភពពីរាជវាំង ព្រះនាងម៉ាកុ បានជួបជាមួយ Komuro អំឡុងពេល៥ឆ្នាំនៃការសិក្សានៅឯសកលវិទ្យាល័យ International Christian University ហើយក៏បានយល់ព្រមទទួលសំណើសុំរៀបការរបស់ Komuro តែម្ដង។ ប្រភពព័ត៌មានបន្តថា រឿងរ៉ាវស្នេហានេះ ក៏ទទួលបានការអនុញ្ញាតពីមាតាបិតារបស់ព្រះនាងដែរ ឯព្រះចៅអធិរាជក៏បានដឹងឮដូចគ្នា។
លោក Komuro ហាក់លាក់លៀមនឹងព័ត៌មាននៃការភ្ជាប់ពាក្យនេះ ខណៈត្រូវបានអ្នកសារព័ត៌មានចោមរោមនៅឯក្រុមហ៊ុននៅថ្ងៃទី១៧ ខែឧសភា។ លោកបានត្រឹមនិយាយថា នេះមិនមែនជាពេលដែលត្រូវនិយាយបញ្ហានេះឡើយ ហើយលោកនឹងបកស្រាយរឿងនេះ ពេលវេលាមកដល់។
អ្វីដែលគួរកត់សម្គាល់នោះ នេះ គឺជាការភ្ជាប់ពាក្យលើកទី១ ក្នុងចំណោមចៅប្រុសស្រីទាំង៤អង្គរបស់អធិរាជជប៉ុន។ បើតាមច្បាប់ជប៉ុន ក្រោយពេលរៀបការរួចរាល់ ព្រះនាងម៉ាកុ នឹងលែងជាសមាជិករាជវង្សទៀត ហើយនឹងទទួលបានប្រាក់ក្នុងចំនួនកំណត់ណាមួយផងដែរ។ នេះមានន័យថា សមាជិករាជវង្សជប៉ុន នឹងនៅតែសល់ចំនួន១៨អង្គ ក្នុងនោះមាន១៣អង្គជាស្ត្រី។
ព័ត៌មាននេះ ធ្វើឲ្យមានការព្រួយបារម្ភជុំវិញអនាគតរាជវង្សជប៉ុន ដែលភាគច្រើនជាស្ត្រីនោះ។ ច្បាប់ជប៉ុនចែងច្បាស់ថា មានតែសមាជិករាជវង្សជាបុរសប៉ុណ្ណោះ ដែលអាចគ្រងរាជ្យសម្បត្តិបាន។ សមាជិកមានសិទ្ធិស្នងតំណែងបន្តពីអធិរាជអាគីហ៊ីតុ ដែលនឹងដាក់រាជ្យនៅពេលខាងមុខមានតែ៤អង្គ គឺ រជ្ជទាយាទណារ៉ូហ៊ីតុ, អនុជ២អង្គរបស់អធិរាជ និងព្រះអង្គម្ចាស់ហ៊ីសាហ៊ីតុ ជាបុត្រាព្រះអង្គម្ចាស់អាគីស៊ីណុ។
ដោយសារកង្វះសមាជិករាជវង្សជាបុរស គេសង្កេតឃើញមានការជជែកជាច្រើនជុំវិញការកែប្រែច្បាប់ដើម្បីទុកសិទ្ធិឲ្យសមាជិករាជវង្សជាស្ត្រីអាចស្នងរាជ្យបាន ឬក៏មិនចាំបាច់លះបង់ឋានៈរាជវង្ស ពេលរៀបអភិសេកជាមួយរាស្ត្រសាមញ្ញ។ ប៉ុន្តែរឿងនេះទំនងជាមិនអាចកែប្រែបានក្នុងពេលខ្លីនេះឡើយ ព្រោះរដ្ឋាភិបាលកំពុងផ្ដោតលើការអនុម័តច្បាប់ដែលបើកផ្លូវឲ្យអធិរាជអាគីហ៊ីតុ ដាក់រាជ្យជាមុនសិន៕
Tag:
ជប៉ុន
Mako
Kei Komuro
© រក្សាសិទ្ធិដោយ thmeythmey.com