អន្តរជាតិ
៣​ឆ្នាំ​ក្នុង​អំណាច លោក ប្រា​យុទ្ធ ថា លោក​បារម្ភ​ពី​ប្រទេសជាតិ ជាង​ប្រជាធិបតេយ្យ​
17, May 2017 , 5:08 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​និយាយ​ការពារ​រាល់​ការសម្រេចចិត្ត​របស់លោក​ទាំង​អម្បាលម៉ាន អំឡុងពេល​៣​ឆ្នាំ​នៃ​ការដឹកនាំ​ប្រទេស​។ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ដែល​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​ស៊ីវិល​ក្នុង​ឆ្នាំ​២០១៤ លើកឡើងថា អ្វីដែល​លោក​បានធ្វើ​ទាំងអស់ គឺ​ដើម្បី​តែ​សេចក្ដីសុខ​ប្រជាជន​ថៃ ហើយ​លោក​ធ្វើការ​សម្រេចចិត្ត​ទៅតាម​វេលា និង​អំណាច​ដែល​លោក​មាន ដើម្បី​ប្រទេសជាតិ​ទៅមុខ​។



​នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ខួប​ទី​៣​ឆ្នាំ​នៃ​ការធ្វើ​រដ្ឋប្រហារ​មិន​បង្ហូរឈាម​ដែល​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​មកដល់​។ ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ ក្រុម​យោធា​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​ដែល​ដឹកនាំ​ដោយ​បក្ស​ភឿ​ថៃ និង​បាន​ប្រើប្រាស់​កណ្ដាប់ដៃ​ដែក​បង្ក្រាប​រាល់​ការប្រឆាំង​ដើម្បី​គ្រប់គ្រង​ប្រទេស​។ គ្មាន​ឡើយ​ការជួបជុំ​របស់​បក្សនយោបាយ សិទ្ធិសេរីភាព​ត្រូវបាន​រឹតត្បិត​យ៉ាងខ្លាំង ហើយ​ស្ថានភាព​សិទ្ធិមនុស្ស​ក៏​កាន់តែ​អាក្រក់​ទៅទៀត​។

​យ៉ាងណាក្ដី មេដឹកនាំ​របប​សឹក​ថៃ​រូបនេះ បាន​លើកឡើងថា លោក​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ហើយ​ក្នុងការ​កាច់ចង្កូត​ប្រទេស និង​ព្យាយាម​ដោះស្រាយ​វិបត្តិ​សង្គម និង​សេដ្ឋកិច្ច​ជាច្រើន​ដែរ​។ បើទោះជា​ពេលខ្លះ​មិនទាន់​ពេញចិត្ត​នឹង​សមិទ្ធផល​ដែល​កើតឡើង​ក្ដី លោក ប្រា​យុទ្ធ និយាយថា លោក​ធ្វើ​គ្រប់យ៉ាង​ទៅតាម​ពេលវេលា និង​ធនធាន​ដែល​លោក​មាន​។ លោក ក៏​ឆ្លៀតពេល​រិះគន់​អ្នក​ដែលថា​លោក​ក្រាញ​អំណាច​ដែរ​។​

«​មាន​អ្នកខ្លះ​មិន​ចូលចិត្ត ឬ​មិន​យល់​ពីអ្វី​ខ្ញុំ​កំពុង​ធ្វើឡើង​។ ពួកគេ​ចោទ​ខ្ញុំ​ថា​ព្យាយាម​ក្រាញ​អំណាច​មិន​ចង់​ចាក​ចេញពី​តំណែង​។ ប៉ុន្តែ​ខ្ញុំ​នឹង​ទុក​បញ្ហា​ដែល​នៅ​សេសសល់​ឲ្យ​ពួកគេ​ដោះស្រាយ​វិញ​ម្ដង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រា​យុទ្ធ ដែល​ផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​។ លោក​បន្តថា រដ្ឋាភិបាល​របស់លោក​មាន​មហិច្ឆតា​ខ្ពស់​ណាស់ ដូចនេះ​បើ​លោក​ធ្វើ​មិន​បានទេ មានតែ​ទុក​ឲ្យ​រដ្ឋាភិបាល​ថ្មី​ដោះស្រាយ​ម្ដង​។  

​ជាមួយគ្នា​នោះ មេដឹកនាំ​ក្រុម​យោធា​រូបនេះ ក៏​អំពាវនាវ​ឲ្យ​ប្រជាជន​ថៃ​ទាំងអស់ កុំ​ចាញ់បោក​ពាក្យសន្យា​របស់​អ្នកនយោបាយ​ដែរ​។ ដោយ​ចង់​សំដៅ​ពី​សមិទ្ធផល​ដែល​រដ្ឋាភិបាល​សម្រេចបាន លោក ប្រា​យុទ្ធ សង្កត់ធ្ងន់ថា ក្រុម​អ្នក​រិះគន់​ព្យាយាម​មួលបង្កាច់​រដ្ឋាភិបាល និង​និយាយ​បំភ្លៃ​ថា​រដ្ឋាភិបាល​មិនបាន​ធ្វើ​អ្វី​សោះ​។ លោក ក៏​ប្រាប់​ឲ្យ​ប្រជាជន​ថា លោក​មិន​សន្យា​ដូច​អ្នកនយោបាយ​ឡើយ ហើយ​អ្វីដែល​លោក​បារម្ភ គឺ​ប្រទេសជាតិ មិនមែន​ប្រជាធិបតេយ្យ​ឡើយ​។​

​ការនិយាយ​ការពារ​ខ្លួន​ពី​សំណាក់​មេដឹកនាំ​របប​សឹក ធ្វើឡើង​ស្របពេល​មានការ​វាយតម្លៃ​ជាច្រើន​លើ​សកម្មភាព​របស់​រដ្ឋា​ភិ​បាល និង​ក្រុមប្រឹក្សា​ដើម្បី​សន្តិភាព និង​សណ្ដាប់ធ្នាប់ មុនពេល​ខួប​នៃ​ការ​កាន់អំណាច​មកដល់​។ រដ្ឋាភិបាល​ថៃ នឹង​បញ្ចេញ​របាយការណ៍​វាយតម្លៃ​របស់ខ្លួន​នៅ​ខែកញ្ញា​ខាងមុខ តែ​លោក​ក៏​ប្រាប់​ទុក​ដែរ​ថា របប​ដឹកនាំ​របស់លោក ផ្ដោត​សំខាន់​លើ​ការជួយ​ទំនុកបម្រុង​ប្រជាជនមាន​ចំណូល​ទាប តែ​មិនមែន​តាមរយៈ​ការផ្ដល់​លុយកាក់​ឡើយ​៕


Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com