ជាតិ
អម្រែកទុក្ខដូចជាធ្ងន់ពេកហើយសម្រាប់នាយហុងដា!
× តារាកំប្លែងម្នាក់ដែលតែងតែធ្វើឲ្យគេសើចសប្បាយរីករាយ ប៉ុន្តែបែរជាមានរឿងរ៉ាវជីវិតដ៏សែនកម្សត់។ ទុក្ខជាន់លើទុក្ខស្ថានភាព អារម្មណ៍បែបនេះ ពិតជាតឹងតែងខ្លាំងណាស់សម្រាប់នាយ ហុងដា ដោយភរិយាត្រូវស្លាប់ កូនប្រុសជាប់ពន្ធនាគារ និងបញ្ហារាប់សិបជំពូកផ្សេងទៀត។
ករណីឃាតកម្មកាលពីថ្ងៃទី១១ ខែឧសភា នៅខុនដូមួយកន្លែងក្នុងភូមិសាស្ត្រខណ្ឌដង្កោ គឺជារឿងដ៏សែនសោកសៅបំផុតសម្រាប់ជីវិតរបស់តារាកំប្លែង នាយ ហុងដា ឈ្មោះដើម អឿន សុខា ដោយជនរងគ្រោះ គឺជាភរិយា ហើយកូនប្រុសបង្កើតជាមួយភរិយាមុន គឺជាជនជាប់ចោទ។ ក្នុងវ័យ៤៥ឆ្នាំ នាយហុងដា បែរជាបានទទួលរឿងស្មុគ្រស្មាញផ្ទួនៗ ។
ទោះបីជាមានអារម្មណ៍ដ៏តឹងតែងបែបណាក៏ដោយ តារាកំប្លែងម្នាក់ៗ ប្រឹងប្រែងដោះស្រាយបញ្ហាទៅតាមដំណាក់កាល ដោយរៀបចំធ្វើពិធីបុណ្យសពភរិយា ស្របពេលដែលកូនប្រុសបង្កើត ត្រូវបានបញ្ជូនទៅតុលាការដោយត្រូវជាប់ចោទពីបទ «ឃាតកម្មគិតទុកជាមុន»។
ក្រោយការស្លាប់ភរិយាក្រោយ លោក ហុងដា ត្រូវទទួលភារៈមើលកូនអាយុ៦ខែ និងបន្តមើលថែទាំឪពុកម្តាយក្មេកជំនួសភរិយារបស់ខ្លួន ដោយបច្ចុប្បន្ន គាត់កំពុងស្វែងរកកន្លែងថ្មីស្នាក់នៅ ពីព្រោះគាត់មិនអាចទៅនៅខុនដូ ដែលបន្សល់ស្លាកស្នាមទុក្ខសោកទៀតនោះឡើយ។
ទាក់ទងនឹងកូនប្រុសដែលមានអាយុ១៧ឆ្នាំ លោក ហុងដា ពិតជាមានវិប្បដិសារីខ្លាំងណាស់។ លោកបានរៀបរាប់ថា ដំបូងឡើយកូនប្រុសលោកគឺជាក្មេងល្អម្នាក់ ប៉ុន្តែជីវិតរបស់គេបានប្រែប្រួលបន្ទាប់ពីមានម៉ូតូទំនើបជិះដែលលោកបានទិញដោយបង់រំលួសក្នុងតម្លៃប្រមាណ២០០០ដុល្លារអាមេរិក។
ភាពហ៊ឺហារ និងសម្ភារនិយម បានធ្វើឲ្យកូនប្រុសលោក ហុងដា ធ្លាក់ក្នុងអំពើអបាយមុខ គ្រឿងញៀន រហូតដល់ហ៊ានសម្លាប់ម្តាយចុងរបស់ខ្លួនដើម្បីយកគ្រឿងអលង្ការ។ កាត់ទឹកមិនដាច់កាត់សាច់មិនបាន ប៉ុន្តែលោក ហុងដា សុខចិត្តឲ្យច្បាប់អនុវត្តលើកូនប្រុសរបស់ខ្លួនទៅតាមទង្វើដែលគេបានសាង។
បុណ្យ៧ថ្ងៃភរិយា មិនទាន់បានស្រួលបួលផង ស្រាប់តែឪពុករបស់តារាកំប្លែងម្នាក់នេះ ធ្លាក់ខ្លួនឈឺ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ទន្ទឹមនឹងទុក្ខថ្មីបានមកដល់ ក្តីកង្វល់បន្ថែមទៀតមកបន្តញាំញី បន្ទាប់ពីភរិយាដើមរបស់លោក ហុងដា គឺតារាកំប្លែង ឃ្មឹប ឈ្មោះដើម រ៉េន សុធារី បានបង្ហាញវត្តមាន។
ទឹកចិត្តម្តាយចំពោះកូនពិតមហាធំធេង។ អ្នកនាង ឃ្មឹប កូនស្រីរបស់តារាកំប្លែងជើងចាស់ ជី វ៉ាន់ស៊ុយ ដែលបានចាកចេញពីឆាកសិល្បៈជាច្រើនឆ្នាំ បានស្កាត់ពីខេត្តបន្ទាយមានជ័យទៅមើលកូនប្រុសច្បង ត្រូវបានសមត្ថភាពចាប់ខ្លួន។ ហុងដា និងឃ្មឹប មានកូនប្រុស២នាក់ ហើយបានចែកផ្លូវគ្នាអស់រយៈប្រមាណ៧ឆ្នាំមកហើយ។
រឿងរ៉ាវត្រូវបានអូសបន្លាយបន្ថែមទៀត បន្ទាប់ពីមានការគាស់រំលើងអតីតកាលនៃការបែកបាក់គ្នារបស់តារាកំប្លែងទាំងពីរ។ អ្នកនាង ឃ្មឹប មិនមានសម្រស់ និងហ៊ឺហាដូចមុននោះឡើយ គាត់រស់នៅខេត្តបន្ទាយមានជ័យដោយខ្វះព្រឹកខ្វះល្ងាច។ ក្នុងបទសម្ភាសមួយជាមួយសារព័ត៌មាន TVFB អ្នកនាង ឃ្មឹប បានអះអាងថា ការបែកបាក់គ្នា គឺដោយសារនាយហុង ដា ញៀនល្បែង និងស្រី។
ការថ្លែងបែបនេះ មិនត្រឹមតែប៉ះពាល់ដល់នាយ ហុងដា ផ្ទាល់នោះទេ ហើយវាក៏ប៉ះពាល់ដល់អារម្មណ៍អ្នកដែលមានសមានចិត្តលើនាយ ហុងដា ផងដែរ។ អ្នកខ្លះគិតថា នាង ហុងដា ពិតជាមនុស្សប្រុសដែលមិនត្រឹមត្រូវ។
នៅថ្ងៃទី១៧ ខែឧសភា នាយ ហុងដា បានដាក់កំហិតឲ្យអតីតភរិយារបស់ខ្លួនសុំទោសនូវអ្វីដែលខ្លួនបាននិយាយ ហើយមិនដល់ពីម៉ោងស្រួលបួលផង អ្នកនាង ឃ្មឹប នាពិធីជួបជាមួយសិល្បករផ្សេងទៀត បានថ្លែងសុំទោសអតីតស្វាមីរបស់ខ្លួន ដោយទទួលស្គាល់ថា វាជារឿងឥតប្រយោជន៍ក្នុងការលើកយករឿងអតីតមកនិយាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com