អន្តរជាតិ
ហ្វីលីពីនចោលលុយអឺរ៉ូ ​ដូរយកលុយយ័នរបស់ចិន
18, May 2017 , 11:25 am        
រូបភាព
លោក Salvador Medialdea រដ្ឋមន្ត្រីប្រចាំវិមានប្រធានាធិបតីហ្វីលីពីន
លោក Salvador Medialdea រដ្ឋមន្ត្រីប្រចាំវិមានប្រធានាធិបតីហ្វីលីពីន
​ក្នុង​គោលដៅ​ពង្រឹង​ឯករាជ្យ រដ្ឋាភិបាល​ក្រុង​ម៉ានីល បានសម្រេច​ចិត្ត​ឈប់​ទទួល​ជំនួយ​ពី​សហភាព​អឺរ៉ុប​ដែល​ចំនួន​ដល់​ទៅ​២៥០​លាន​អឺរ៉ូ​ឯណោះ​។ នេះ បើតាម​ការបញ្ជា​ក់រប​ស់អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ហ្វីលីពីន ហើយ​ការសម្រេចចិត្ត​នេះ​ធ្វើឡើង​ក្រោយពី​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ត្រឡប់​មកពី​ចិន​វិញ​ជាមួយ​ជំនួយ​រាប់ពាន់លានយ័ននោះ​។ ការបដិសេធ​ជំនួយ​នេះ នឹង​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាជន​ក្រីក្រ​នៅ​តំបន់​ភាគខាងត្បូង​ហ្វីលីពីន​។​



​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ប្រាប់​សហភាព​អឺរ៉ុប​ថា ខ្លួន​នឹងមិន​ទទួល​ជំនួយ​អភិវឌ្ឍ​ដែល​ផ្ដល់​អឺរ៉ុប​ទៀតឡើយ​។ នេះ​មានន័យថា ហ្វីលីពីន នឹង​បាត់បង់​ទឹកប្រាក់​ជំនួយ​ចំនួន​ជាង​២៥០​លាន​អឺរ៉ូ ដែល​ផ្ដល់​សម្រាប់​អភិវឌ្ឍ​តំបន់​សហគមន៍​មូស្លីម​នៅ​ភាគខាងត្បូង​។ យ៉ាងណាក្ដី ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ធ្លាប់​អះអាង​ហើយ​ថា ហ្វីលីពីន នឹង​នៅតែរ​ស់បាន​ខ្លួនឯង​ដោយ​គ្មាន​បញ្ហា ទោះជា​គ្មាន​ជំនួយ​ពី​អឺរ៉ុប​ក៏ដោយ​។

​អគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​ហ្វីលីពីន Franz Jessen បាន​និយាយ​នៅ​ថ្ងៃទី​១៧ ខែឧសភា ថា រដ្ឋាភិបាល​ហ្វីលីពីន​បាន​ប្រា​ប់លោក​ពី​ការសម្រេចចិត្ត​នេះ ប៉ុន្តែ​លោក​មិន​បញ្ជាក់​មូលហេតុ​ឲ្យ​ច្បាស់លាស់​ឡើយ​។ លោក Jessen បាន​ត្រឹម​បញ្ជាក់ថា វា​នឹង​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​តំបន់​ក្រីក្រ និង​សម្បូរ​ដោយ​ជម្លោះ​នៅ​កោះ​មិន​ដា​ណាវ​ភាគខាងត្បូង​។


                                     អគ្គរដ្ឋទូតអឺរ៉ុបប្រចាំហ្វីលីពីន Franz Jessen

​ទាក់ទង​មូលហេតុ​នៃ​ការឈប់​យក​ជំនួយ​នេះ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ហ្វីលីពីន និយាយថា ហ្វីលីពីន​អត់​យកលុយ​ពី​ហ្វីលីពីន ព្រោះ​ហ្វីលីពីន​ចង់​រក្សា​ឯករាជ្យភាព​របស់ខ្លួន​។ លោក Salvador Medialdea រដ្ឋមន្ត្រី​ប្រចាំ​វិមាន​ប្រធានាធិបតី សង្កត់ធ្ងន់ថា គោលនយោបាយ​ថ្មី​របស់​រដ្ឋាភិបាល នឹង​បិទផ្លូវ​មិន​ឲ្យ​សហភាព​អឺរ៉ុប​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ហ្វីលីពីន​ដូច​មុន​ទៀត​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Rappler ។​

​តាមពិតទៅ ប្រធានាធិបតី ឌូ​ទើ​តេ ក៏​ធ្លាប់​ប្រាប់​ឲ្យ​សហភាព​អឺរ៉ុប​កាត់​ជំនួយ​ទាំង​អម្បាលម៉ាន​ដែល​គ្រោង​ផ្ដល់​ឲ្យ​ហ្វីលីពីន​ទៅ ដោយ​លោក​មិន​សប្បាយ​ចិត្តនឹង​ពាក្យរិះគន់​របស់​សហភាព​អឺរ៉ុប​ជុំវិញ​ការស្លាប់​មនុស្ស​រាប់ពាន់​នាក់​ក្នុង​សង្គ្រាម​គ្រឿងញៀន​។ កាលពី​ចុងឆ្នាំ​២០១៦ លោក ឌូ​ទើ​តេ លើកឡើង​ចំៗ​ថា លោក​មិន​អង្វរ​អឺរ៉ុប​ឲ្យ​ផ្ដល់ជំនួយ​ឲ្យ​ហ្វីលីពីន​ឡើយ ហើយ​បើ​អឺរ៉ុប​ចង់​ដក​ជំនួយ ក៏​ដក​ទៅ ព្រោះ​នៅមាន​ប្រទេស​ច្រើន​ទៀត​ចាំ​ផ្ដល់ជំនួយ​ដល់​ហ្វីលីពីន​ដូចគ្នា​។

​អ្វី​គួរ​ឲ្យ​កត់សម្គាល់ ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ហ្វីលីពីន ធ្វើឡើង​ដើម្បី​ពង្រឹង​ឯករាជ្យ​ជាតិ ប៉ុន្តែ​មុននេះ លោក ឌូ​ទើ​តេ ទើបតែ​ធ្វើជា​សាក្សី​ក្នុង​ការទទួល​ជំនួយ​រាប់លាន​ដុល្លារ​ពី​ចិន ពេល​លោក​ទស្សនកិច្ច​នៅ​ចិន​។ មិនតែប៉ុណ្ណោះ ចិន ក៏បាន​សន្យា​ជួយ​ហ្វីលីពីន​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​អ្វីដែល​ហ្វីលីពីន​ចង់បាន​ទៀតផង​។ ច្បាស់​ណាស់​ថា ហ្វីលីពីន​ទទួល​ជំនួយ​ពី​ចិន ដោយសារ​ចិន​មិន​ខ្វល់ខ្វាយ​សង្គ្រាម​គ្រឿងញៀន​ឡើយ មានតែ​ប្រកាស​គាំទ្រ​ទៅទៀត​៕   


Tag:
 ហ្វីលីពីន​
  ចិន​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com