អន្តរជាតិ
ប្រេសិត​ពិសេស​កូរ៉េខាងត្បូង ទៅដល់​ចិន​ដើម្បី​ពន្យល់​ពី​ជំហរ​ប្រធានាធិបតី​ថ្មី​
18, May 2017 , 9:19 pm        
រូបភាព
​លោក Lee Hae-chan ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី បាន​ទៅដល់​ក្រុង​ប៉េកាំង​ហើយ ក្នុង​គោលដៅ​ពន្យល់​ជំហរ​របស់លោក មូ​ន ចេ​អ៊ី​ន ទៅកាន់​មេដឹកនាំ​ចិន ដើម្បី​សម្រួល​ទំនាក់ទំនង​ទ្វេភាគី​ឡើងវិញ​។ កូរ៉េខាងត្បូង និង​ចិន ខ្វែងគំនិត​គ្នា​លើ​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ប៉ុន្តែ​បង្ខំចិត្ត​ចាប់ដៃគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​។ ទស្សនកិច្ច​លើក​នេះ ក៏មាន​គោលដៅ​រៀបចំ​ជំនួប​រវាង​មេដឹកនាំ​ទាំង​២​ប្រទេស​នៅពេល​ខាងមុខ​។​


 
​កាន់តំណែង​មិនទាន់បាន​ប៉ុន្មាន​ផង លោក Lee Hae-chan ប្រេសិត​សម្រាប់​កិច្ចការ​ចិន បាន​រូតរះ​ធ្វើដំណើរ​ទៅកាន់​ក្រុង​ប៉េកាំង​នៅ​ថ្ងៃទី​១៨ ខែឧសភា ដើម្បី​ពិភាក្សា​ជាមួយ​មន្ត្រី​ចិន​ក្នុងការ​រៀបចំ​ជំនួប​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ។ លោក Lee Hae-chan ក៏​នឹង​ពន្យល់​ពី​ជំហរ​របស់លោក មូ​ន ចេ​អ៊ី​ន ជុំវិញ​ការពង្រាយ​ប្រព័ន្ធ​ការពារ THAAD ដែល​ចិន​ជំទាស់​ដាច់ខាត​នោះ​។​

​មុនពេល​ចាកចេញ​ទៅកាន់​ចិន ប្រេសិត​ពិសេស​រូបនេះ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ជំនួប​រវាង​លោក មូ​ន ចេ​អ៊ី​ន និង​លោក ស៊ី ជីន​ភីង អាច​ធ្វើឡើង​នៅក្រៅ​កិច្ចប្រជុំ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ នៅឯ​អាល្លឺម៉ង់​។ មេដឹកនាំ​ទាំង​២ នឹង​ជួបគ្នា​ម្ដងទៀត​នៅ​ខែសីហា ចំពេល​ខួប​ទី​២៥ នៃ​ការភ្ជាប់​ទំនាក់ទំនង​ការទូត​។ ទីភ្នាក់ងារ​ព័ត៌មាន Yonhap ផ្សាយ​ថា លោក Lee Hae-chan នឹង​និយាយ​រឿងនេះ​ជាមួយ​សម​ភាគី​ចិន​សិន មុននឹង​សម្រេច​ជា​ចុងក្រោយ​។​

​ច្បាស់​ណាស់​ថា ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទៅកាន់​ចិន មិនមែន​គ្រាន់តែ​ដើម្បី​រៀបចំ​ជំនួប​មេដឹកនាំ​ប្រទេស​ទាំង​២​ឡើយ​។ លោក Lee Hae-chan បញ្ជាក់​ច្បាស់​ថា ទស្សនកិច្ច​របស់លោក នឹង​ផ្ដោត​សំខាន់​លើ​ការជំរុញ​ទំនាក់ទំនង​ឡើងវិញ ព្រោះ​មួយរយៈ​ចុងក្រោយ ចិន​បាន​រឹតត្បិត​អ្នកជំនួញ​មកពី​កូរ៉េខាងត្បូង​យ៉ាងខ្លាំង ដែលជា​ការឆ្លើយតប​នឹង​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​។

​ទាក់ទង​រឿង​ប្រព័ន្ធ​ការពារ​នេះ ប្រេសិត​កូរ៉េខាងត្បូង​លើកឡើងថា លោក​នឹង​ពន្យល់​ជំហរ​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ទៅកាន់​ថ្នាក់ដឹកនាំ​ចិន បើទោះជា​លោក មូ​ន ធ្លាប់​ពន្យល់​ដោយផ្ទាល់​ទៅកាន់​សម​ភាគី​ចិន​ម្ដង​រួចទៅហើយ​។ អំឡុងពេល​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​លោក ស៊ី កាលពី​សប្ដាហ៍​មុន លោក មូ​ន និយាយថា លោក​យល់​ពី​ជំហរ​ជំទាស់​របស់​ចិន តែ​ការ​សងសឹក​របស់​ចិន​កំពុង​ធ្វើ​ឲ្យ​ពាណិជ្ជករ​កូរ៉េខាងត្បូង​រងគ្រោះ​យ៉ាងខ្លាំង​។​

​ក្រៅពីនោះ បញ្ហាសំខាន់​មួយទៀត​ដែល​ត្រូវ​លើកឡើង​ដែរនោះ គឺ​វិបត្តិ​នុយក្លេអ៊ែរ​កូ​រ៉​ខាងជើង​។ មន្ត្រី​កូរ៉េខាងត្បូង នឹង​ពិភាក្សា​ជាមួយ​ដៃគូ​ចិន ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នេះ ដ្បិត​កូរ៉េខាងជើង​នៅតែ​បន្ត​មហិច្ឆតា​នុយក្លេអ៊ែរ​របស់ខ្លួន​មិន​ឈប់​សោះ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​បង្ហាញ​ជំហរ​ច្បាស់​ហើយ គឺ​ប្រើប្រាស់​គ្រប់​លទ្ធភាព​ដើម្បី​ដោះស្រាយ​បញ្ហា ហើយ​លោក​ក៏​ត្រៀម​ទៅ​ព្យុងយ៉ាង​ដែរ តែ​លោក​ក៏​ព្រមាន​ដែរ​ថា លទ្ធភាព​ដែល​កូរ៉េ​ទាំង​២ ផ្ទុះ​សង្គ្រាម​មាន​ខ្ពស់​ណាស់​៕


Tag:
 កូរ៉េខាងត្បូង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com