អន្តរជាតិ
ព្រះចៅ អាគីហ៊ីតុ នឹងក្លាយជាអធិរាជជប៉ុនទីមួយ ដែលដាក់រាជ្យបានក្នុងពេល២០០ឆ្នាំ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ និងរជ្ជទាយាទ ណារុហ៊ីតុ (រូបភាព AFP)
× គណៈរដ្ឋមន្ត្រីជប៉ុន បានអនុម័តសេចក្ដីស្នើច្បាប់ពិសេសមួយ ដែលនឹងអនុញ្ញាតឲ្យអធិរាជ អាគីហ៊ីតុ ដាក់រាជ្យបាន។ ដោយលើកហេតុផលបញ្ហាព្រះរាជសុខភាព ព្រះចៅអាគីហ៊ីតុ បានបង្ហាញព្រះទ័យដាក់រាជ្យកាលពីខែសីហា ឆ្នាំ២០១៦ ហើយផ្ទេររាជ្យថ្វាយរជ្ជទាយាទ ណារុហ៊ីតុ (Naruhito) ប៉ុន្តែច្បាប់ជប៉ុនមិនអនុញ្ញាតឡើយ។ ដោយសាររឿងនេះ រដ្ឋាភិបាលលោក ស៊ីនហ្សូ អាបេ ក៏ប្រញាប់រៀបចំច្បាប់ពិសេសមួយ ដែលបើកផ្លូវឲ្យព្រះអង្គលាលែងពីតំណែងបាន។
ព្រះចៅ អាគីហ៊ីតុ នឹងក្លាយជាអធិរាជជប៉ុនដំបូងគេក្នុងរយៈពេលពីរសតវត្សរ៍ ដែលអាចដាក់រាជ្យសម្បត្តិ ទោះនៅមានព្រះជន្មក៏ដោយ។ រដ្ឋាភិបាលនាយករដ្ឋមន្ត្រី ស៊ីនហ្សូ នៅថ្ងៃទី១៩ ខែឧសភា បានឯកភាពលើសេចក្ដីស្នើច្បាប់ដែលអនុញ្ញាតឲ្យអធិរាជ ផ្ទេរបល្ល័ង្កឲ្យរាជបុត្រណារុហ៊ីតុ ដែលជារជ្ជទាយាទ។ បន្ទាប់មក សេចក្ដីស្នើច្បាប់នេះ នឹងត្រូវបញ្ជូនបន្តទៅកាន់ស្ថាប័ននីតិបញ្ញត្តិដើម្បីអនុម័តចុងក្រោយ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ សេចក្ដីស្នើច្បាប់នេះ ត្រូវបានតាក់តែងឡើងសម្រាប់តែករណីអធិរាជ អាគីហ៊ីតុ មួយអង្គប៉ុណ្ណោះ។ វាមានភាគរយខ្ពស់ដែលសភាជប៉ុនអនុម័តសំណើច្បាប់នេះ ព្រោះត្រូវបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ហើយម្យ៉ាងបក្សលោក អាបេ ក៏មានសំឡេងភាគច្រើនក្នុងសភាដែរ។ បើតាមសេចក្ដីស្នើច្បាប់ដដែល អធិរាជ អាគីហ៊ីតុ អាចនឹងដាក់រាជ្យថ្វាយរជ្ជទាយាទនៅខែធ្នូ ឆ្នាំ២០១៨ នៅពេលព្រះអង្គមានព្រះជន្មគម្រប់៨៥វស្សា។
ករណីដាក់រាជ្យចុងក្រោយបំផុតនៅជប៉ុន កើតឡើងនៅឆ្នាំ១៨១៧ ពេលអធិរាជ Kokaku ដាក់រាជ្យ។ យ៉ាងណាក្ដី ក្នុងប្រវត្តិសាស្ត្រជប៉ុន ករណីដាក់រាជ្យសម្បត្តិនេះ មានដល់ទៅពាក់កណ្ដាលនៃអធិរាជជប៉ុនទាំងអស់ចំនួន ១២៧អង្គ។
ច្បាប់ជប៉ុនបច្ចុប្បន្ន បានបិទផ្លូវមិនឲ្យមានការដាក់រាជ្យឡើយ ហើយអធិរាជត្រូវបានកាន់តំណែងរហូតដង្ហើមចុងក្រោយ។ ច្បាប់ដដែល ក៏មិនអនុញ្ញាតឲ្យរាជវង្សជាស្ត្រីស្នងរាជ្យដែរ ហើយនេះជាបញ្ហាគួរឲ្យព្រួយបារម្ភបំផុតសម្រាប់អនាគតរាជវង្សជប៉ុន។ មកទល់ពេលនេះ ក្នុងចំណោមសមាជិករាជវង្សទាំង ១៩អង្គ មានបុរសតែ៤អង្គប៉ុណ្ណោះ អាចស្នងរាជ្យបាន គឺរជ្ជទាយាទណារុហ៊ីតុ, អនុជព្រះអធិរាជ, ព្រះអង្គម្ចាស់អាគីស៊ីណុ និងរាជបុត្រហ៊ីសាហ៊ីតុវ័យ ១១វស្សាជាបុត្រាព្រះអង្គម្ចាស់អាគីស៊ីណុ។
នៅឆ្នាំក្រោយសមាជិករាជវង្សជប៉ុន នឹងនៅសល់តែ ១៨អង្គ ព្រោះព្រះនាងម៉ាកុ ចៅស្រីអធិរាជ នឹងរៀបអភិសេកជាមួយរាស្ត្រសាមញ្ញ ហើយព្រះនាងក៏ក្លាយជារាស្ត្រសាមញ្ញដែរ។ ការថយចុះចំនួនសមាជិករាជវង្ស និងការមិនអនុញ្ញាតឲ្យសមាជិកស្ត្រីស្នងតំណែង ឬបន្តជាសមាជិករាជវង្សពេលរៀបការ ក្លាយជាបញ្ហាសំខាន់ដែរ ដែលអ្នកនយោបាយប្រឆាំងស្នើឲ្យមានការពិចារណា។ ប៉ុន្តែរដ្ឋាភិបាលអភិរក្សររបស់លោក អាបេ ហាក់មិនខ្វល់ខ្វាយពីបញ្ហានេះឡើយ។
តាមពិតទៅ បញ្ហាស្នងរាជ្យសម្បត្តិនេះ កើតមានម្ដងហើយទៅហើយ មុនពេលព្រះអង្គម្ចាស់ ហ៊ីសាហ៊ីតុ ប្រសូតក្នុងឆ្នាំ ២០០៦ ។ នៅពេលនោះ រដ្ឋាភិបាលជប៉ុនរបស់អតីតនាយករដ្ឋមន្ត្រី Junichiro Koizumi ត្រៀមកែប្រែច្បាប់ហាមឃាត់ស្ត្រីឡើងសោយរាជ្យទៅហើយ ព្រោះចៅរបស់អធិរាជអាគីហ៊ីតុ សុទ្ធតែស្រី ហើយសមាជិករាជវង្សផ្សេងទៀតក៏មានព្រះជន្មច្រើនដែរ។ យ៉ាងណាមិញ ការប្រសូតរបស់ព្រះអង្គម្ចាស់ហ៊ីសាហ៊ីតុ ធ្វើឲ្យស្ថានភាពប្រសើរឡើងវិញ៕
Tag:
ជប៉ុន
អធិរាជអាគីហ៊ីតុ
© រក្សាសិទ្ធិដោយ thmeythmey.com