អន្តរជាតិ
 ឌូ​ទើ​តេ ថា ចិន​គំរាម​ធ្វើសង្គ្រាម បើ​ហ្វីលីពីន​បូម​ប្រេង​នៅ​សមុទ្រ​ចិន​ខាងត្បូង​
20, May 2017 , 1:13 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​រង​ការព្រមាន​ចំៗ​ពី​សំណាក់​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ លោក ឌូ​ទើ​តេ បាន​រំឭក​ឡើងវិញ​ពី​ជំនួប​រវាង​លោក និង​ប្រធានាធិបតី​ចិន​នៅ​ទីក្រុង​ប៉េកាំង ហើយ​លោក​ក៏បាន​ប្រាប់​មេដឹកនាំ​ចិន​ពី​បំណង​របស់​ហ្វីលីពីន​ក្នុងការ​បូម​យក​ប្រេង​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​របស់​ហ្វីលីពីន​។ ប៉ុន្តែ​លោក ស៊ី ជីន​ភីង ក៏បាន​ប្រាប់​វិញ​ថា កុំ​ប៉ះពាល់​ប្រេង​ឲ្យ​សោះ បើ​មិន​អ៊ីចឹង​ទេ សង្គ្រាម​នឹង​ផ្ទុះ​មិន​ខាន​។


 
​ទំនាក់ទំនង​រវាង​ហ្វីលីពីន និង​ចិន ស្អិតល្មួត​ខ្លាំង​នា​រយៈពេល​ចុងក្រោយ ដោយ​មេដឹកនាំ​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ មាន​ជំហរ​ទន់ភ្លន់​ច្រើន​ដាក់​ចិន​។ ប៉ុន្តែ​ទំនាក់ទំនង​ល្អ​នេះ នៅតែ​មិនអាច​ចៀស​ផុតពី​ការប្រទាំងប្រទើស​លើ​បញ្ហា​អធិបតេយ្យ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដដែល​។ នៅ​ថ្ងៃទី​១៩ ខែឧសភា ម្សិលមិញ លោក ឌូ​ទើ​តេ បាន​ទម្លាយ​ព័ត៌មាន​សំខាន់​ក្នុង​កិច្ចសន្ទនា​របស់លោក និង​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ដែល​រួមទាំង​ការ​គំរាម​ធ្វើសង្គ្រាម​ផង​។
 
​អំឡុងពេល​ស​ន្ទា​នា​នោះ ប្រធានាធិបតី ឌូ​ទើ​តេ បាន​សម​ភាគី​ចិន ស៊ី ជីន​ភីង ពី​បំណង​របស់​ហ្វីលីពីន​ក្នុងការ​ខួង​យក​ប្រេង​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែល​ហ្វីលីពីន​ហៅថា​សមុទ្រ​ហ្វីលីពីន​ខាងលិច ព្រោះ​ទីតាំង​នោះ​ស្ថិតក្នុង​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) របស់​ហ្វីលីពីន​។ លោក ឌូ​ទើ​តេ ប្រា​ប់លោក ស៊ី ជីន​ភីង ត្រង់ៗ​ថា ទីនោះ​ជា​កម្មសិទ្ធិ​របស់​ហ្វីលីពីន​ដែរ ហើយ​ហ្វីលីពីន​នឹង​ទៅ​ខួង​យក​ប្រេង​ពី​ទីនោះ​។
«​យើង​គឺជា​មិត្ត​។ ចិន មិន​ចង់​ឈ្លោះប្រកែក​ជាមួយ​ហ្វីលីពីន​ឡើយ ហើយ​ចិន​គ្រាន់​ចង់​រក្សា​ទំនាក់ទំនង​ល្អប្រសើរ​ពេលបច្ចុប្បន្ន​នេះ​។ ប៉ុន្តែ​បើ​ហ្វីលីពីន​បង្ខំ ចិន​នឹងធ្វើ​សង្គ្រាម​មិន​ខាន​»​។ នេះ​ជាស​ម្ដី​ឆ្លើយតប​របស់​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង អំឡុងពេល​ជំនួប​ជាមួយ​មេដឹកនាំ​ហ្វីលីពីន ដែល​ត្រូវបាន​រំឭក​ឡើងវិញ​ដោយ​លោក ឌូ​ទើ​តេ ផ្ទាល់ និង​ផ្សាយ​ដោយសារ​ព័ត៌មាន Rappler ។ បើតាម​សម្ដី​លោក ឌូ​ទើ​តេ មេដឹកនាំ​ទាំង​២ ក៏​និយាយ​ការពារ​ជំហរ​ទាមទារ​អធិបតេយ្យ​ក្នុង​តំបន់​ជម្លោះ​ដែរ​។
​ប្រធានាធិបតី​ហ្វីលីពីន បាន​លើកយក​អំណះអំណាង​នៃ​សាលក្រម​តុលាការអន្តរជាតិ​ដែល​កាត់ក្ដី​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន​ក្នុង​សំណុំ​រឿងនេះ​។ ប៉ុន្តែ​ប្រធានាធិបតី​ចិន បាន​លើកយក​បញ្ហា​ប្រវត្តិសាស្ត្រ​មក​ការពារ​ជំហរ​របស់ខ្លួន ហើយ​ថែមទាំង​ហៅ​ការទាមទារ​របស់​ហ្វី​លី​ពី​ថា ជា​សាលក្រម​ដែល​ពឹង​ផ្អែកលើ​ព្រឹ​ត្ត​ការណ៍​បច្ចុប្បន្ន​ប៉ុណ្ណោះ​។ លោក ស៊ី ក៏​ប្រា​ប់លោក ឌូ​ទើ​តេ វិញ​ថា រឿង​សាលក្រម​នេះ​ចាំ​និយាយ​ពេល​ក្រោយ​។
​ចិន មិន​ចង់​លើក​រឿង​សាលក្រម​មក​និយាយ ព្រោះ​ចិន​បារម្ភ​ថា វៀតណាម ឬ​ប្រទេស​ទាមទារ​កម្មសិទ្ធិ​ផ្សេងទៀត អាច​ដើរ​តាម​ហ្វីលីពីន រួច​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការអន្តរជាតិ​ដែរ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ការគាស់កកាយ​កិច្ចសន្ទនា​នេះ ធ្វើ​ក្រោយ​ចិន និង​ហ្វីលីពីន​បើក​កិច្ចប្រជុំ​ពិភាក្សា​ទ្វេភាគី​ស្ដីពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ចិន ទំនង​មិន​សប្បាយចិត្ត​ឡើយ ពេល​ប្រធាន​ធិបតី​ហ្វីលីពីន​ទម្លាយ​ព័ត៌មាន​បែបនេះ​នោះ​៕  

Tag:
 ហ្វីលីពីន​
  ចិន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  ស៊ី ជីន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com