ជាតិ
រយៈពេល​១៤​ថ្ងៃ ឯកឧត្តម កឹម សុខា នឹង​ដើរ​ឃោសនា​រក​សំឡេងឆ្នោត នៅ​គ្រប់​រាជធានី​-​ខេត្ត​
22, May 2017 , 5:22 pm        
រូបភាព
​ភ្នំពេញ​៖  តាម​ការកំណត់​នៅក្នុង​កម្មវិធី​របស់ខ្លួន ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចុះទៅ​ឲ្យ​គ្រប់​២៥​រាជធានី​-​ខេត្ត ក្នុងប្រទេស​កម្ពុជា ដើម្បី​ឃោសនា រក​សំឡេងឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤ នេះ​។ រយៈពេល​ពីរ​-​បី​ថ្ងៃនេះ ឯកឧត្តម កឹម សុខា បាន​ចុះទៅ​ឃោសនា ដល់​រាជធានី​-​ខេត្ត មួយចំនួន​ហើយ ដែល​រួមមាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត ខេត្ត​កែប ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​។



​ចាប់តាំងពី​រាជធានី​ភ្នំពេញ រហូតដល់​បណ្តា​ខេត្ត​នានា ឯកឧត្តម កឹម សុខា បាន​បរិយាយ​យ៉ាងច្រើន​អំពី​គោលនយោបាយ​អាទិភាព​ទាំង​៥​ចំណុច ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្កើតឡើង សម្រាប់​ការឃោសនា​នេះ​។ គោលនយោបាយ​ទាំង​៥​ចំណុច​នោះ គឺ​ការពង្រឹង​សិទ្ធិអំណាច​ប្រជាពលរដ្ឋ​, ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​អភិវឌ្ឍន៍​លើ​វិស័យ​នានា​, ការ​ព​ង្រឹ​ក​គុណភាព​នៃ​ការផ្តល់​សេវាសាធារណៈ​, ការពង្រឹង​សន្ដិសុខ និង​វិមជ្ឈការ នូវ​គោលនយោបាយ​ថ្នាក់ជាតិ ទៅ​ថ្នាក់ក្រោម​ជាតិ (​ឃុំ​-​សង្កាត់​)​។​

​អ្វីដែល​ឯកឧត្តម កឹម សុខា ហាក់​សង្កត់ធ្ងន់​ជាងគេ ហើយ​តែងតែ​លើកឡើង​ជារឿយៗ នៅក្នុង​ចំណោម​គោលនយោបាយ​ខាងលើ គឺ​ការធ្វើ​វិមជ្ឈការ អំណាច និង​តួនាទី រួមទាំង​ថវិកា ទៅ​ឲ្យ​ឃុំ​-​សង្កាត់​។ ឯកឧត្តម កឹម សុខា ហ៊ាន​សន្យាថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទម្លាក់​ថវិកា​ចំនួន ៥0​ម៉ឺន​ដុ​លា្ល​រ ទៅ​ឲ្យ​ឃុំ​-​សង្កាត់​នីមួយៗ ដើម្បី​អភិវឌ្ឍ​វិស័យ​នានា ដូចជា​ការអប់រំ ប្រព័ន្ធ​សុខាភិបាល កសិកម្ម ផ្លូវថ្នល់ រួមទាំង​ជីវភាព​របស់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​។

​យ៉ាងណា​ក៏​ចុះ ការទម្លាក់​ថវិកា​ទៅ​ឲ្យ​ថ្នាក់ឃុំ​-​សង្កាត់ ដូច​ការសន្យា​ខាងលើ នឹង​អាចធ្វើ​ទៅបាន លុះត្រាតែ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការបោះឆ្នោត​ថ្នាក់ជាតិ ហើយ​បាន​ដឹកនាំ​រដ្ឋាភិបាល​។ 

​ក្រៅពី​ឯកឧត្តម កឹម សុខា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត ក៏បាន​ចុះទៅ​ឃោសនា​រក​សំឡេងឆ្នោត​ផងដែរ នៅក្នុង​ខេត្ត ដែល​ខ្លួន​ទទួលខុសត្រូវ​។      

​គេ សង្កេតឃើញ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានចេញ​ធ្វើ​យុទ្ធនាការ​នៃ​ការឃោសនាបោះឆ្នោត​យ៉ាង​គគ្រឹកគគ្រេង ជាងគេ​។ មានតែ​គណបក្ស​ធំៗ​ទាំងពីរ​នេះ​ទេ ដែល​បានដាក់​បេក្ខជន​នៅ​គ្រប់​ឃុំ​-​សង្កាត់​ទាំង​១៦៤៦ ក្នុងប្រទេស​កម្ពុជា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២0១៧៕


Tag:
 ឃោសនា
© រក្សាសិទ្ធិដោយ thmeythmey.com