អន្តរជាតិ
ខួប៣ឆ្នាំនៃការធ្វើរដ្ឋប្រហារ លោកស្រី យីងឡាក់ ប្រាប់របបសឹកថៃឲ្យរក្សាពាក្យសន្យា
× អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) បានស្នើឲ្យរបបយោធារក្សាពាក្យសម្ដីរបស់ខ្លួន ដែលបានសន្យាពេលធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រីកាលពីបីឆ្នាំមុន។ បើតាមលោកស្រី យីងឡាក់ ក្រុមយោធាថៃបានសន្យាដោះស្រាយវិបត្តិនយោបាយ និងការបែកបាក់នៅក្នុងសង្គម ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចប្រទេសផង។ ប៉ុន្តែមកទល់ពេលនេះ ការកែទម្រង់មិនទាន់ចេញជាដុំកំភួននៅឡើយ។
ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ជាខួបទី៣ឆ្នាំនៃការធ្វើរដ្ឋប្រហារមិនបង្ហូរឈាមមួយដើម្បីទម្លាក់រដ្ឋាភិបាលស៊ីវិល។ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ក្រុមឧត្តមសេនីយ៍ដឹកនាំដោយមេទ័ពជើងគោក ប្រាយុទ្ធ ចន្ទអូចា បានដណ្ដើមពីរដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ហើយក៏បានដឹកនាំប្រទេសដោយប្រើកណ្ដាប់ដែក និងបិទសិទ្ធិប្រជាជនយ៉ាងខ្លាំង។ ដោយឡែក ការបោះឆ្នោត ក៏ចេះតែពន្យារពេលមួយឆ្នាំហើយមួយឆ្នាំទៀត។
នៅចំខួបទី៣ឆ្នាំដែលខ្លួនត្រូវយោធាប្លន់អំណាច អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ ក៏បានសរសេរសារមួយលើទំព័រហ្វេសប៊ុកលោកស្រី ដែលមានន័យក្រើនរំឭករបបយោធាពីពាក្យសន្យាពេលធ្វើរដ្ឋប្រហារ។ លោកស្រីលើកឡើងថា ក្រុមយោធាបានយកលេសវិបត្តិនយោបាយក្នុងប្រទេស ដើម្បីដណ្ដើមអំណាច និងបានសន្យាកែទម្រង់ប្រទេសដើម្បីដោះស្រាយបញ្ហាសង្គម និងវិសមភាពសេដ្ឋកិច្ច ដែលបញ្ហាទាំងនេះបានបែងចែកសង្គមថៃយ៉ាងធ្ងន់ធ្ងរ។
អតីតនាយករដ្ឋមន្ត្រីរូបនេះ បាននិយាយលើហ្វេសប៊ុកទៀតថា អស់រយៈពេលបីឆ្នាំមក ប្រជាជនថៃនៅតែស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងនីតិរដ្ឋដដែល។ លោកស្រីបន្តថា៖ «យើងមិនទាន់ឃើញមានលទ្ធផលជាក់ស្ដែងអ្វីឡើយក្នុងការកែទម្រង់របស់របបសឹក។ បើការកែទម្រង់បរាជ័យ អ្វីៗនឹងបាត់បង់ទាំងអស់ ហើយវិបត្តិសេដ្ឋកិច្ចនឹងកើតមានឡើយ ដោយសារតែការគាស់រំលើងរបបដឹកនាំតាមបែបប្រជាធិបតេយ្យ»។
ដោយសារបីឆ្នាំកន្លងផុតទៅដោយគ្មានលទ្ធផលចេញជារូបរាងតាមការសន្យា លោកស្រី យីងឡាក់ ដែលជាប្អូនស្រីអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ បានទទូចឲ្យរដ្ឋាភិបាលយោធាគោរពសម្ដីដែលខ្លួនសន្យាពេលដណ្ដើមអំណាច។ នេះបើយោងតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
យ៉ាងណាមិញ មេដឹកនាំរបបសឹកថៃឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយការពារការដឹកនាំរបស់លោកក្នុងពេលបីឆ្នាំនេះ។ លោកបាននិយាយកាលពីសប្ដាហ៍មុនថា លោកប្រឹងប្រែងអស់ពីសមត្ថភាពហើយក្នុងការកាច់ចង្កូតប្រទេស និងព្យាយាមដោះស្រាយវិបត្តិសង្គម ក៏ដូចជាបញ្ហាសេដ្ឋកិច្ចជាច្រើនដែរ ហើយលោកធ្វើគ្រប់យ៉ាងទៅតាមពេលវេលា និងធនធានដែលលោកមាន។ លោកក៏ប្រាប់ឲ្យប្រជាជនថៃដែរថា លោកមិនសន្យាដូចអ្នកនយោបាយឡើយ ហើយអ្វីដែលលោកបារម្ភ គឺប្រទេសជាតិ មិនមែនប្រជាធិបតេយ្យឡើយ។
Tag:
ថៃ
យីងឡាក់ ស៊ីណាវ៉ាត់
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com