អន្តរជាតិ
អតីតប្រធានាធិបតី ប៉ាក ហ្គឺនហេ អាចជាប់ទោស១០ឆ្នាំ ដោយសារប្រព្រឹត្តអំពើពុករលួយ អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ ពេលចូលសវនាការ (រូបភាព Reuters)
× តុលាការកូរ៉េខាងត្បូង បានចាប់ផ្ដើមសវនាការជំនុំជម្រះសំណុំរឿងពុករលួយរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ នៅថ្ងៃទី២៣ ខែឧសភា។ លោកស្រី ប៉ាក ហ្គឺនហេ ដែលអស់តំណែងដោយសាររឿងនេះ និងជនសង្ស័យពីរនាក់ទៀតដែលជាប់ពាក់ព័ន្ធសំណុំរឿងនេះ ក៏បានបង្ហាញវត្តមានក្នុងបន្ទប់សវនាការដែរ។ យ៉ាងណាក្ដី អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានទាត់ចោលការចោទប្រកាន់ទាំងអស់មកលើលោកស្រី។
អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ បានទៅដល់តុលាការក្រុងសេអ៊ូលដើម្បីចូលរួមសវនាការលើកទី១ លើសំណុំរឿងពុករលួយ ដែលធ្វើឲ្យលោកស្រីរបូតតំណែង។ លោកស្រី ប៉ាក ត្រូវបានប៉ូលិសដាក់ខ្នោះដៃពេលយកចេញពីមន្ទីរឃុំឃាំងរហូតដល់បន្ទប់សវនាការទើបខ្នោះត្រូវបានដោះវិញ។ ក្នុងបន្ទប់សវនាការ លោកស្រីអង្គុយក្បែរនាយកក្រុមហ៊ុន Lotte លោក Shin Dong-bin និងមិត្តជិតស្និទ្ធ Choi Soon-sil ។
លោកស្រី ប៉ាក ហ្គឺនហេ ដែលត្រូវជាប់ឃុំឃាំងតាំងពីថ្ងៃទី៣១ ខែមីនាមក ត្រូវបានចោទប្រកាន់លើករណីជាច្រើនដូចជាការទទួលសំណូក, បំពានអំណាច, គំរាមកំហែង និងធ្វើឲ្យលេចធ្លាយកិច្ចការសម្ងាត់របស់រដ្ឋាភិបាល។ ករណីធ្ងន់ធ្ងរជាងគេ គឺលោកស្រីត្រូវបានចោទថាទារប្រាក់ចំនួន៥២លានដុល្លារពីក្រុមហ៊ុនធំៗចំនួនបី គឺSamsung, Lotte និង SK សម្រាប់លោកស្រីផ្ទាល់ និងសម្រាប់មិត្តជិតស្និទ្ធិ Choi Soon-sil ។
បើរកឃើញថាពិតជាមានកំហុសមែន អតីតប្រធានាធិបតីស្ត្រីទីមួយរបស់កូរ៉េខាងត្បូង ប្រឈមមុខជាប់ពន្ធនាគារច្រើនជាង១០ឆ្នាំឯណោះ។ រដ្ឋអាជ្ញាកូរ៉េខាងត្បូងនិយាយថា លោកស្រី ប៉ាក បានបំពាននិតីវិធី, បំផ្លាញទំនុកចិត្តប្រជាជន និងនីតិរដ្ឋ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ យ៉ាងណាក្ដី លោកស្រី បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់មក ដោយមេធាវីលោកស្រីនិយាយការពារថា អ្វីដែលរដ្ឋអាជ្ញាលើកឡើង គឺយកពីសារព័ត៌មាន និងគ្មានភស្តុតាងជាក់លាក់ឡើយ។
បើតាមទីភ្នាក់ងារព័ត៌មាន Yonhap ក្រៅពីការទទួលសំណូក លោកស្រី ប៉ាក ហ្គឺនហេ ក៏រងការចោទប្រកាន់ថាបានបង្កើតបញ្ជីឈ្មោះតារាសិល្បៈដែលរិះគន់រដ្ឋាភិបាល, ដាក់សម្ពាធលើក្រុមហ៊ុននានាឲ្យបរិច្ចាគប្រាក់រាប់ពាន់លានវ៉ុនទៅឲ្យមូលនិធិចំនួនពីររបស់លោកស្រី Choi Soon-sil ។ រដ្ឋអាជ្ញា ក៏ចោទលោកស្រី ប៉ាក ថាបានបង្ខំឲ្យក្រុមហ៊ុននៅកូរ៉េខាងត្បូងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយក្រុមហ៊ុនលោកស្រី Choi ដែរ។
លោកស្រី ប៉ាក ដែលជាកូនស្រីអតីមេដឹកនាំផ្ដាច់ការ ប៉ាក ជុងហ៊ី ជាអតីតប្រធានាធិបតីកូរ៉េខាងត្បូងទីបី ដែលត្រូវចូលសវនាការកាត់ក្ដី គឺបន្ទាប់ពីលោក Chun Doo-hwan និង Roh Tae-woo។ តុលាការកូរ៉េខាងត្បូង នឹងបើកសវនាការទីពីរនៅថ្ងៃទី២៥ ខែឧសភា ហើយការសម្រេចចុងក្រោយលើករណីពុករលួយនេះ អាចនឹងប្រកាសនៅមុនពេលរយៈពេល៦ខែនៃការឃុំខ្លួនលោកស្រី ប៉ាក ត្រូវបញ្ចប់៕
Tag:
កូរ៉េខាងត្បូង
ប៉ាក ហ្គឺនហេ
© រក្សាសិទ្ធិដោយ thmeythmey.com