អន្តរជាតិ
ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក អង់គ្លេស​ពង្រាយ​កងទ័ព ខណៈ​ការ​គំរាមកំហែង​​មាន​កម្រិត​ខ្ពស់បំផុត​
24, May 2017 , 10:44 am        
រូបភាព
នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ (Theresa May) បានប្រកាសថា ការគំរាមកំហែង​មកលើ​ចក្រភព​អង់គ្លេស​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត បន្ទាប់ពី​ការផ្ទុះ​គ្រាប់​ក្នុង​ការប្រគំ​តន្ត្រី​នៅ​ទីក្រុង​មេន​ឆេ​ស្ទ័​រ​នៅ​រាត្រី​ថ្ងៃទី​២២ ខែឧសភា​។ ចំនួន​មនុស្ស​ស្លាប់​កើនឡើង​ដល់​២២​នាក់ ខណៈ​អ្នករបួស​បាន​កើនឡើង​លើស​៥០​នាក់ ចំណែក​ជនដៃដល់​ក៏ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ដែរ​ហើយ​។ ឯ​កងទ័ព​វិញ​នឹងត្រូវ​ពង្រាយ​នៅតាម​ទីតាំង​សំខាន់ៗ​ដើម្បី​ការពារ​ការវាយប្រហារ​ណាមួយ​។​



​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​កន្លែង​ប្រគំ​តន្ត្រី Manchester Arena បាន​បង្ខំ​ឲ្យ​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ បង្កើន​កម្រិត​នៃ​ការគំរាមកំហែង​ដល់​ចំណុច​ខ្ពស់បំផុត​។ កងទ័ព​អង់គ្លេស នឹងត្រូវ​ពង្រាយ​ជំនួស​ប៉ូលិស​នៅតាម​ទីសាធារណៈ​សំខាន់​ក្នុង​ទីក្រុង​នេះ និង​នៅតាម​ព្រឹ​ត្ត​ការណ៍​សំខាន់ៗ​មួយចំនួន​។ ការពង្រាយ​យោធា​នេះ ធ្វើឡើង​ក្រោយ​មានការ​ព្រួយបារម្ភ​ថា​ការវាយប្រហារ​អាច​នឹង​កើតមាន​ជាថ្មីទៀត​។​

​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ក្នុងការ​ប្រគំ​តន្ត្រី​របស់​សិល្បករ​អាមេរិក Ariana Grande បានសម្លាប់​មនុស្ស​ដល់​ទៅ​២២​នាក់ ដែល​ភាគច្រើន​ជា​កុមារ និង​រាប់សិប​នាក់​ទៀត​រងរបួស​។ បើតាម​សារព័ត៌មាន BBC ប៉ូលិស​ក៏បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​រួចហើយ​។ Salman Abedi វ័យ​២២​ឆ្នាំ ជា​ជនសង្ស័យ​ក្នុង​ហេតុការណ៍​នេះ ហើយ​រូប​ក៏បាន​បាត​បង់ជីវិត​ក្នុងពេល​បំផ្ទុះ​គ្រាប់បែក​ដែរ​។ នៅពេលនេះ ប៉ូលិស​កំពុង​បន្ត​ការស៊ើបអង្កេត ដើម្បី​កំណត់​ឲ្យ​ច្បាស់​ថា Salman Abedi ធ្វើ​សកម្មភាព​តែឯង ឬ​ជា​ក្រុម​។

​ក្នុង​សេចក្ដីថ្លែងការណ៍​តាម​ទូរទស្សន៍ នាយករដ្ឋមន្ត្រី ម៉េ​យ៍ និយាយថា គេ​មិនអាច​ទាត់ចោល​លទ្ធភាព​ដែល Salman Abedi ធ្វើ​សកម្ម​ភាពជា​ក្រុម​ឡើយ​។ ទំនង​ដោយសារ​មូលហេតុ​នេះ ទើប​កងទ័ព​ត្រូវបាន​ពង្រាយ​ក្នុង​ទីក្រុង​តែម្ដង​។ វត្តមាន​របស់​កងទ័ព​ដែល​ការពារ​នៅក្នុង​ព្រឹត្តិការណ៍​ធំៗ​មាន​មនុស្ស​ច្រើន​ដូចជា​ការប្រគំ​តន្ត្រី និង​ការប្រកួត​កីឡា នឹង​ជួយ​សម្រួល​ការងារ​រប​ស់​ប៉ូលិស ដែល​ត្រូវ​ដើរល្បាត​វិញ​ម្ដង​។​

​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ដែល​កំពុង​បាក់ទ័ព​នៅ​មជ្ឈិមបូព៌ា បានប្រកាស​ទទួលខុស​ត្រូវការ​វាយប្រហារ​នេះ​។ ប៉ុន្តែ​គេ​មិនអាច​បញ្ជាក់ថា​ក្រុម​នេះ​ពិតជា​នៅ​ពី​ក្រោយខ្នង​មែន​ឬក៏​យ៉ាងណាដែរ ដ្បិត​ជនសង្ស័យ​បាន​បាត់បង់​ជីវិត​ទៅហើយ ហើយ​ការស៊ើបអង្កេត​កំពុង​បន្តធ្វើ​នៅឡើយ​។ នៅពេលនេះ ក្រុមមន្ត្រី​សន្តិសុខ​របស់​អង់គ្លេស ក៏​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ស្វែងរក​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ផងដែរ​។​

​ការ​បំផ្ទុះ​ថ្ងៃទី​២២ ខែឧសភា ដែល​សម្លាប់​មនុស្ស​ជាង​២០​នាក់ ជាការ​វាយប្រហារ​បង្ហូ​រ​ឈាម​បំផុត​នៅ​អង់គ្លេស ចាប់តាំងពី​ការវាយប្រហារ​លើ​ប្រព័ន្ធ​ធ្វើដំណើរ​នៅ​ទីក្រុង​ឡុង​ដ៍​កាលពី​ឆ្នាំ​២០០៥ ដែល​ពេលនោះ​មនុស្ស​ដល់​ទៅ​៥២​នាក់​បាន​បាត់​បង់ជីវិត​។ ការ​បំផ្ទុះ​លើក​នេះ កើតឡើង​ខណៈដែល​ទស្ស​និក​ជន​ចាប់ផ្ដើម​ចាកចេញ​ពី​កន្លែង​ប្រគំ​តន្ត្រី​របស់​តារាចម្រៀង Ariana Grande ។ តាមរយៈ​វីដេអូ​ដែល​ថត​បាន មនុស្ស​ជាច្រើន​បាន​ស្រែ​ករក​ជំនួយ និង​រត់​ប្រសេចប្រសាច​ពេញ​កន្លែង​ប្រគំ​តន្ត្រី​៕     

Tag:
 អង់គ្លេស​
  អឺរ៉ុប​
  Theresa May
© រក្សាសិទ្ធិដោយ thmeythmey.com