អន្តរជាតិ
មេដឹកនាំ​របប​សឹក​ថៃ ប្រា​យុទ្ធ ថា ការបោះឆ្នោត​ឆ្នាំក្រោយ​អាច​ពន្យារពេល​
24, May 2017 , 8:19 pm        
រូបភាព
​បន្ទាប់ពី​ការផ្ទុះ​គ្រាប់បែក​ក្នុង​មន្ទីរ​ព​ទ្យេ​នៅ​ទីក្រុង​បាងកក មេដឹកនាំ​របប​យោធា​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានបង្ហាញ​ការព្រួយបារម្ភ​ថា ការបោះឆ្នោត​ទូទៅ​នៅ​ឆ្នាំក្រោយ អាច​នឹង​ត្រូវបាន​ពន្យា​រ​ពេល​មិន​ខាន បើ​ស្ថានការណ៍​ក្នុងប្រទេស​មិនល្អ​បែបនេះ​។ បើតាម​លោក ប្រា​យុទ្ធ ការបោះឆ្នោត​អាចធ្វើ​បាន លុះត្រា​តែមាន​សន្តិភាព និង​សណ្ដាប់ធ្នាប់​ជាមុនសិន តែបើ​ការគំរាមកំហែង និង​ការផ្ទុះ​គ្រាប់បែក​ចេះតែ​បន្ត​កើតមាន គ្មាន​ហេតុផល​អ្វី​ត្រូវ​រៀបចំ​ការបោះឆ្នោត​ឡើយ​។​



​កាលបរិច្ឆេទ​បោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០១៨ កំពុងស្ថិត​ក្នុង​ភាពស្រពិចស្រពិល បន្ទាប់ពី​ការផ្ទុះ​គ្រាប់បែក​ជា​បន្តបន្ទាប់ រហូតមកដល់​ការផ្ទុះ​ក្នុង​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​បាងកក ក្នុង​មន្ទីរពេទ្យ  Phramongkutklao បង្ក​ឲ្យ​មាន​មនុស្ស ២៤​នាក់​រងរបួស​នា​ថ្ងៃទី ២២ ខែ ឧសភា ។ Phramongkutklao ជា​មន្ទីរពេទ្យ​យោធា​ដែល​សម្បូរ​ដោយ​មន្ត្រី​យោធា​ចូលនិវត្តន៍​ចូល​ព្យាបាល​ផង​។ មេដឹកនាំ​របប​សឹក​ថៃ​ជឿថា ការវាយប្រហារ​នេះ មិន​អំណោយផល​ដល់​ការបោះឆ្នោត​ឡើយ​។  

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ មេដឹកនាំ​រដ្ឋប្រហារ និង​ជា​នាយករដ្ឋមន្ត្រី លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ព្រលយ​ពាក្យ​ថា ពេលវេលា​បោះឆ្នោត​អាច​ផ្លាស់ប្ដូរ បើសិនជា​គ្មាន​សន្តិភាព​ក្នុងប្រទេស​ទេ​។ លោក​បន្តថា ការបោះឆ្នោត​អាច​រៀបចំ​បាន​ឬ​យ៉ាងណា​នោះ​បើ​ស្ថានការណ៍​បែបនេះ​ចេះតែ​បន្ត​ទៅមុខ គ្រាប់បែក​នៅតែ​ផ្ទុះ ការបែកបាក់​ក្នុងចំណោម​ប្រជាជន​នៅតែមាន រួម​នឹង​បញ្ហា​ផ្សេងទៀត​កើតឡើង​មិន​ឈប់​មិន​ឈរ​នោះ​។ ការបោះឆ្នោត​បាន ឬ​មិនបាន អាស្រ័យ​លើ​ការចូលរួម​របស់​ប្រជាជន​ទាំងអស់​។​

​ជាមួយគ្នា​នោះ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ទាត់ចោល​ពាក្យ​ច​ចាម​អារាម​មួយចំនួន​លើ​បណ្ដាញ​សង្គម​ដែល​ចោទ​រដ្ឋាភិបាល​ថា​នៅ​ពីក្រោយ​ការផ្ទុះ​នេះ​។ ពាក្យ​ច​ចាម​អារាម​ដែល​ផ្សព្វផ្សាយ​នោះ​និយាយទៀតថា របប​យោធា​ធ្វើ​ដូចនេះ ដើម្បី​បាន​លេស​បន្ត​គ្រប់គ្រង​អំណាច​។ ប៉ុន្តែ​នៅ​ថ្ងៃទី​២៣ ខែឧសភា លោក ប្រា​យុទ្ធ ចេញមក​បញ្ជាក់ថា គ្មាន​ហេតុផល​អ្វីដែល​រដ្ឋាភិបាល​ត្រូវធ្វើ​អំពើ​ឆ្កួត​ឡប់​បែបនេះ​ឡើយ លើកលែងតែ​ក្រុម​ចង់បាន​អំណាច​ពី​លោក​ប៉ុណ្ណោះ​។​

​ទាក់ទង​នឹង​ការផ្ទុះ​គ្រាប់​នៅ​មន្ទីរពេទ្យ​នេះដែរ សន្តិសុខ​ត្រូវបាន​ពង្រឹង​យ៉ាងខ្លាំង​នៅ​មន្ទីរពេទ្យ​ដដែល​នេះ និង​នៅតាម​កន្លែង​មាន​មនុស្ស​កកកុញ​។ មន្ត្រី​យោធា​ថៃ​និយាយថា ក្រុម​ឧទ្ទាម​នៅ​ភាគខាងត្បូង​អាច​នៅ​ពីក្រោយ​ហេតុការណ៍​នេះ ដើម្បី​ទម្លាក់​តម្លៃ​រដ្ឋាភិបាល​។ សាលារៀន និង​ទី​សក្ការ​សាសនា​ជាច្រើន ក៏ត្រូវ​បាន​ពង្រឹង​សុវត្ថិភាព​ដែរ ព្រោះ​ក្រុម​ភេរវជន​បាន​ប្ដូរ​គោលដៅ​របស់ខ្លួន និង​បង្វែរ​គោលដៅ​ដាក់​ប្រជាជន​ស្លូតត្រង់​វិញ​។​

​ការបោះឆ្នោត​គ្រោង​នឹង​រៀបចំ​នៅ​ឆ្នាំ​២០១៨ បន្ទាប់ពី​ការចូល​ធរមាន​រដ្ឋធម្មនុញ្ញ​ថ្មី​។ គណៈកម្មាធិការ​ព្រាងរ​ដ្ឋ​ធម្មនុញ្ញ កំពុង​ញាប់​ដៃជើង​ក្នុងការ​សរសេរ​ច្បាប់​សំខាន់ៗ​មួយចំនួនទៀត​ដែល​ចាំបាច់​សម្រាប់​ការបោះឆ្នោត​ដូចជា​ច្បាប់​បក្សនយោបាយ និង​ច្បាប់​តំណាងរាស្ត្រ​ជាដើម​។ ដោយសារ​ច្បាប់​ច្រើន ពេលវេលា​ក៏ត្រូវ​អូសបន្លាយ​យូរ​តាម​នឹង​ដែរ​។ ទន្ទឹមនឹង​បញ្ហា​ច្បាប់ ក៏​ស្រាប់តែ​លេចចេញ​បញ្ហា​អសន្តិសុខ​ដែល​គំរាម​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​ទៅទៀត​៕


Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  ការបោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com