អន្តរជាតិ
ចិន លូកដៃ​ជ្រៅ​ជួយ​សម្របសម្រួល​ជម្លោះ​ជនជាតិភាគតិច​នៅ​មី​យ៉ាន់​ម៉ា​
24, May 2017 , 9:19 pm        
រូបភាព
ប្រេសិតពិសេសរបស់ចិនសម្រាប់កិច្ចការអាស៊ី Sun​ Guoxiang (រូបភាព Xinhua)
ប្រេសិតពិសេសរបស់ចិនសម្រាប់កិច្ចការអាស៊ី Sun​ Guoxiang (រូបភាព Xinhua)
​សន្និសីទ​សន្តិភាព​លើក​ទី​ពីរ បានចាប់ផ្ដើម​ហើយ​នៅ​រដ្ឋធានី​ណៃ​ពិដោ​នៅ​ថ្ងៃទី​២៤ ខែឧសភា ដែល​ចូលរួម​ដោយ​ក្រុម​ឧទ្ទាម​ជាច្រើន​ក្រុម​នៅ​មី​យ៉ាន់​ម៉ា រដ្ឋាភិបាល និង​ក្រុម​យោធា​ដ៏​មាន​ឥទ្ធិពល​។ ក្រុម​ឧទ្ទាម​ខ្លះ​មកពី​តំបន់​ខាងជើង ដែល​មិន​ចូលរួម​កាលពី​សន្និសីទ​លើកទីមួយ​ចុងឆ្នាំ​២០១៦ ក៏មាន​វត្តមាន​ក្នុង​សន្និសីទ​លើក​នេះដែរ ក្រោយ​មានការ​សម្របសម្រួល​ដោយ​រដ្ឋាភិបាល​ចិន​។ សន្និសីទ​នេះ មាន​គោលដៅ​បញ្ចប់​ជម្លោះ​ជនជាតិភាគតិច​ដែល​អូសបន្លាយ​រាប់​ទសវត្សរ៍​មកហើយ​។​



​ការជួបជុំ​ដ៏​ធំ​រវាង​ក្រុម​ឧទ្ទាម​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ បានចាប់ផ្ដើម​ឡើងជា​មួយ​នឹង​ក្ដីសង្ឃឹម​ក្នុងការ​ស្វែងរក​សន្តិភាព​។ ក្រុម​ជនជាតិភាគតិច​ប្រដាប់អាវុធ​ចំនួន​១២ ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​សន្និសីទ​សន្តិភាព​លើក​ទី​២ នេះ​។ រដ្ឋាភិបាល​លោកស្រី អ៊ុង​សាន ស៊ូ​ជី ចង់​បញ្ចប់​ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​ឧទ្ទាម និង​កម្លាំង​រដ្ឋាភិបាល និង​រវាង​ក្រុម​ឧទ្ទាម និង​ក្រុម​ឧទ្ទាម ដែល​អូសបន្លាយ​តាំងពី​ឆ្នាំ​១៩៤៨​មក​។  

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​វត្តមាន​បេសកជន​ចិន​នៅលើ​ទឹកដី​មី​យ៉ាន់​ម៉ា​មុន​សន្និសីទ​មកដល់​។ គេ​ជឿថា ដោយសារ​ការសម្របសម្រួល​របស់លោក Sun Guoxiang ប្រេសិត​ពិសេស​របស់​រដ្ឋាភិបាល​ចិន ទើប​ក្រុម​ឧទ្ទាម​មក​តំបន់​ខាងជើង​ជាច្រើន​ក្រុម អាច​ចូលរួម​ការជួបជុំ​នៅ​ថ្ងៃទី​២៤ ខែឧសភា​នេះ​។ លោក Sun Guoxiang បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល មេទ័ព និង​បណ្ដា​មេដឹកនាំ​ក្រុម​ភាគតិច​នៅតាម​បណ្ដោយ​ព្រំដែន​ចិន​។​

​បើតាម​សារព័ត៌មាន The Irrawaddy លោក Sun Guoxiang បាន​ជួប​ជាមួយ​អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង ទីប្រឹក្សា​រដ្ឋ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ក៏ដូចជា​ប្រធាន​ក្រុម​ចរចា​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​។ នៅមុននេះ លោក​ក៏មាន​ជំនួប​ជាមួយ​ក្រុម​ឧទ្ទាម​ភាគតិច​ជាច្រើន​ក្រុម​នៅ​ខេត្ត Yunnan ផងដែរ​។ ជាមួយ​ជំនួប​ទាំ​ាំ​ង​អស់នេះ ចិន​ទំនងជា​កំពុង​ដើរតួ​ជា​អ្នកសម្របសម្រួល​ក្នុង​ជម្លោះ​ជនជាតិភាគតិច​របស់​មី​យ៉ាន់​ម៉ា​។

​តាំងពីដើម​មក ក្រុង​ប៉េកាំង តែង​អំពាវនាវ​ឲ្យ​ក្រុម​ជនជាតិភាគតិច​នៅតាម​បណ្ដោយ​ព្រំដែន​ចិន​-​មី​យ៉ាន់​ម៉ា ឬ​ហៅថា​សម្ព័ន្ធភាព​ភាគ​ខាងជើង ចូលរួម​ក្នុង​ការចរចា​ស្វែងរក​សន្តិភាព​។ ក្រុង​ប៉េកាំង ក៏​ស្នើ​ឲ្យ​យោធា​មី​យ៉ាន់​មា អញ្ជើញ​ក្រុម​ជនជាតិភាគតិច​ចំនួន​បី​នៃ​សម្ព័ន្ធភាព​ភាគ​ខាងជើង​ឲ្យ​ចូលរួម​ក្នុង​សន្និសីទ​សន្តិភាព​ដែរ​។ ជា​លទ្ធផល​នៃ​ការសម្របសម្រួល​របស់​ចិន សម្ព័ន្ធភាព​ភាគ​ខាងជើង​ទាំងអស់​សុទ្ធ​តែមាន​វត្ត​មាន​ក្នុង​សន្និសីទ​ថ្នាក់ជាតិ​ថ្ងៃទី​២៤ ខែឧសភា​។​

​លើសពីនោះ ចិន ថែមទាំង​ចេញថ្លៃ​យន្តហោះ​ឲ្យ​សមាជិក​ក្រុម​ភាគតិច​នៅ​ភាគ​ខាងជើង​ជិះ​មក​ចូលរួម​កិច្ចប្រជុំ​ក្នុង​រដ្ឋធានី​ណៃ​ពិដោ​ទៀតផង​។ ក្រុម​ភាគតិច​មកពី​តំបន់​ខាងជើង​រួមមាន​កងទ័ព​រួបរួម​រដ្ឋ​វ៉ា​, កងទ័ព​អា​រ៉ា​ខាន់​, កងទ័ព​ឯករាជ្យ​កា​ឈិន​, កងទ័ព​រំដោះជាតិ​តា​អង និង​ក្រុម​ប្រដាប់អាវុធ​មួយចំនួនទៀត​។ បើទោះជា​មានការ​លូកដៃ​របស់​ចិន​ក្ដី សម្ព័ន្ធភាព​ភាគ​ខាងជើង​នេះ បង្ហាញ​វត្តមាន​ជា​ភ្ញៀវ​ពិសេស​ប៉ុណ្ណោះ ដែល​មិនអាច​ថ្លែង​អ្វី​បានឡើយ​។​

​តាមពិតទៅ ការណ៍​ដែល​ចិន​លូកដៃ​ចូល​សម្របសម្រួល​កិច្ចការ​ជម្លោះផ្ទៃក្នុង​មី​យ៉ាន់​ម៉ា ក៏​ព្រោះតែ​ចិន​ផ្ទាល់​មិន​ចង់​ឲ្យ​មាន​ជម្លោះ​ក្បែរ​ព្រំដែន​របស់ខ្លួន​ទៅវិញ​ទេ​។ ការជំរុញ​ឲ្យ​ក្រុម​សម្ព័ន្ធភាព​ភាគ​ខាងជើង​ចូលរួម​ស្វែងរក​សន្តិភាព ក៏​បណ្ដាលមកពី​ចិន​មិន​ចង់​ទទួល​ជនភៀសខ្លួន​រាប់​ម៉ឹ​ន​នាក់ ដែល​រត់​ភៀសខ្លួន​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម​ដែរ​។ ក្នុងការ​ប្រយុទ្ធ​គ្នា​កន្លងមក ជនភៀសខ្លួន​ប្រមាណ​ពីរម៉ឺន​នាក់​បាន​រត់​ចូល​ទឹកដី​ចិន ដែល​បង្ក​ការឈឺ​ក្បាល​ខ្លាំង​សម្រាប់​ប៉េកាំង​៕ 


Tag:
 ចិន​
  មី​យ៉ាន់​ម៉ា​
 ​ អ៊ុង​សាន ស៊ូ​ជី​
  Sun Guoxiang
© រក្សាសិទ្ធិដោយ thmeythmey.com