ជាតិ
គ្មាន​អាវុធ មាន​សង្គ្រាម​? បណ្ឌិត និង​អ្នកនយោបាយ ផ្តល់​ការវិភាគ​
30, May 2017 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ បញ្ហា​«​សង្គ្រាម​»​ក្រោយ​ការបោះឆ្នោត ត្រូវបាន​លើកយក​ពិភាក្សាគ្នា ក្នុង​វេទិកា​តុមូល​មួយ​ដែល​រៀបចំឡើង​ដោយ​រាជបណ្ឌិត្យសភាកម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា​។ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​វាគ្មិន​ភាគច្រើន​ដែលជា​បណ្ឌិត មើលឃើញ​ពី​បញ្ហា​ដែល​អាច​កើតឡើង ប៉ុន្តែ​តំណាង​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយចំនួន គិតថា គ្មាន​ផ្លូវ​នោះឡើយ ពីព្រោះ «​គ្មាន​អាវុធ​»​។​



​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងប្រាប់​ពលរដ្ឋ​ថា ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​រដ្ឋាភិបាល​នោះ  គ្មាន​គណបក្ស​ណា​ដែល​អាចដឹកនាំ​ប្រទេស​ឲ្យ​មាន​ស្ថេរភាព សន្តិភាព និង​ការអភិវឌ្ឍ​នោះទេ ហើយ​សង្គ្រាម​នឹង​អាច​កើតឡើង​ផងដែរ​។ បើទោះជា​មិនទាន់មាន​ការបកស្រាយ​អត្ថន័យ​ឲ្យ​ច្បាស់​នៃ​ពាក្យ​ថា «​សង្គ្រាម​» ដែល​អាច​ផ្ទុះឡើង​ក្រោយ​ការបោះឆ្នោត​ក្តី តែ​សម្ដេច ហ៊ុន សែន ធ្លាប់បាន​លើក​ទឡ្ហីករណ៍​ខ្លះ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​សង្គ្រាម​នោះ គឺ​ដោយសារតែ​ក្រុម​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និង​ក្រុម​ឧក​ញ្ញា ឬ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​មួយចំនួន បាន​ក្លាយជា​មុខសញ្ញា​កម្ចាត់​ចោល​របស់​ក្រុមប្រឆាំង​។

​ថ្លែង​ក្នុង​វេទិកា​តុមូល​កាលពី​ថ្ងៃ​ចន្ទ  តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ លើកឡើងថា គណបក្ស​ខ្លួន​នឹងមិន​ចាត់ទុក​ខ្មែរ​ណា​ជាស​ត្រូវ​ឡើយ នៅពេល​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស​។ គណបក្ស​លោក​ធានា​ឯកភាព​ជាតិ ជា​លក្ខណៈ​គ្រួសារ និង​រួបរួម​ជាមួយ​គណបក្ស​ដ​ទៃ ដើម្បី​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ដូច្នេះ​លោក​ជឿជាក់ថា គ្មាន​សង្គ្រាម​កើតឡើង​ក្រោយ​ការបោះឆ្នោត​។​

​សូម​ស្ដាប់​សំឡេង​លោក សុន ឆ័យ​៖




​មិន​ខុសពី​លោក សុន ឆ័យ នោះទេ លោក ផាន់ សិទ្ធិ តំណាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បន្ថែមថា មូល​ហេតុដែល​សង្គ្រាម​មិនអាច​ផ្ទុះឡើង​នោះ ដោយសារតែ​គណបក្ស​ដ​ទៃ​គ្មាន​អាវុធ និង​កងកម្លាំង​នៅក្នុង​ដៃ ដូច​គណបក្សកាន់អំណាច​នោះទេ​។​

​សូម​ស្ដាប់​សំឡេង​លោក ផាន់ សិទ្ធិ​៖
 



​សម្រាប់​លោក សាម ស៊ុន​ឌឿ​ន អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញ ជឿជាក់ថា គ្រប់​គណបក្សនយោបាយ​ទាំងអស់​ប្រាកដជា​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើយ ដូច្នេះ​មានតែ​ការគោរព​លើ​លទ្ធផល​បោះឆ្នោត​ទេ ដែល​អាច​ឲ្យ​ប្រទេស​មាន​ស្ថេរភាព និង​រក្សា​សន្តិភាព​។​

​សូម​ស្ដាប់​សំឡេង​លោក សាម ស៊ុន​ឌឿ​ន​៖




​បើទោះជា​គណបក្ស​ទាំង​៣​ខាងលើ បាន​លើក​ទឡ្ហីករណ៍​ថា មិនមាន​សង្គ្រាម​កើតឡើង​ក្តី ប៉ុន្តែ​សម្រាប់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន លោក សុខ ឥសាន នៅតែ​អះអាងថា សង្គ្រាម​នៅតែ​កើតមាន​។ មូលហេតុ​ដែល​លោក ឥសាន ថា​មាន​សង្គ្រាម​នោះ ដោយសារតែ​គណបក្សប្រឆាំង អាច​នៅ​បន្ត​ប្រើ​សម្ដី​អហិង្សា តែ​បង្កប់​អត្ថន័យ​ញុះញង់ លាភ​ពណ៌ និង​បញ្ឆេះ​កំហឹង​។​

​សូម​ស្ដាប់​សំឡេង​លោក សុខ ឥសាន​៖





​បើ​និយាយ​ពី​ការធ្វើ​សង្គ្រាម​វិញ ទោះបីជា​គ្មាន​អាវុធ​ក្នុង​ដៃ​ក្តី ក៏​អាច​បង្ក​សង្គ្រាម​បានដែរ​។ នេះ​បើតាម​និយមន័យ​សេដ្ឋកិច្ច ដែល​ត្រូវបាន​លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច ពន្យល់​ន័យ​ថា បើ​អ្នកនយោបាយ​មានទំនាស់​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​នោះ ពួកគេ​នឹង​អាច​ដើរ​ញុះញង់​ឲ្យ​ពលរដ្ឋ ឬ​កម្មករ​រោងចក្រ​តវ៉ា​ពី​បញ្ហា​នេះ ឬ​បញ្ហា​នោះ ដូច្នេះ​វា​ក៏​ជា​ដើមចម​នៃ​សង្គ្រាម​ផងដែរ​។​

​សូម​ស្ដាប់​សំឡេង​លោក គី សេរី​វឌ្ឍន៍​៖





​តែ​យ៉ាងណា​តំណាង​គណៈកម្មាធិការ​ដើ​ម្បី​ការបោះឆ្នោត​ដោយ​សេរី និង យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា (​ខុមហ្វ្រែល​) លោក យឿ​ង សុធា​រ៉ា ដែល​បាន​ចូលរួម​កិច្ចពិភាក្សា​តុមូល​របស់​រាជបណ្ឌិត្យ​សភា​នេះ យល់ឃើញថា បើ​ការបោះឆ្នោត​ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​ព្រម​ទទួលយក​លទ្ធផល​បោះឆ្នោត និង​ព្រម​ផ្ទេរអំណាច​ដោយ​សន្តិវិធី​នោះ ការផ្ទុះ​សង្គ្រាម​នឹង​មិនអាច​កើតមាន​នោះទេ​។​

​សូម​ស្ដាប់​សំឡេង​លោក យឿ​ង សុធា​រ៉ា ៖




​សម្រាប់​អ្នកវិភាគ​វិញ ធ្លាប់​លើកឡើងថា សារ​នយោបាយ​និយាយ​ពី​«​សង្គ្រាម​»​កើតឡើង​ក្រោយ​ការបោះឆ្នោត​របស់​សម្ដេច ហ៊ុន សែន នេះ​គឺ​គ្រាន់តែ​ជាស​ម្តី​បំភិតបំភ័យ​ស្មារតី​របស់​ពលរដ្ឋ​ប៉ុណ្ណោះ ។ អ្នកវិភាគ លើកឡើងថា សម្ដេច ហ៊ុន សែន តែងតែ​និយាយ​ពី​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ​ប្រទេស ដូច្នេះ​សម្ដេច នឹងមិន​បង្ក​ឲ្យ​មាន​សង្គ្រាម​កើតឡើង ហើយ​បំផ្លាញ​សម្មិទ្ធផល​ខ្លួន​ដែល​ខំ​កសាង​អស់​រយៈពេល​ជិត​៤​ទសវត្ស​នេះឡើយ ។

​ទាំង​អ្នកនយោបាយ ក្រុម​បណ្ឌិត និង​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ឲ្យ​មានការ​ភ័យខ្លាច ហើយ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ ដែល​ខ្លួន​ពេញចិត្ត​សម្រាប់​ការអភិវឌ្ឍ​ឃុំ​-​សង្កាត់ និង​ប្រទេសជាតិ​ផងដែរ​៕


Tag:
 ហ្វ៊ុនស៊ិនប៉ិច
  CNRP
 GDP
  CPP
  ​រាជបណ្ឌិតសភា​
 ​ បោះឆ្នោត​ឃុំ​សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com