ជាតិ
សេដ្ឋកិច្ច
ILO ស្នើ​រដ្ឋាភិបាល​តាមដាន​«​រោងចក្រ​ម៉ៅការ​បន្ត​» ដែល​អាច​មានការ​គេចវេស​ពី​ច្បាប់​
30, May 2017 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ខណៈ​មាន​ភាពមិន​ស៊ីគ្នា​រវាង​កំណើន​នាំចេញ​ក្នុង​វិស័យ​កាត់ដេរ និង​ការថយចុះ​ចំនួន​ការងារ​និង​រោងចក្រ​កាត់ដេរ​ចុះបញ្ជី​នៅ​កម្ពុជា​នៅក្នុង​ឆ្នាំ​២០១៦  អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បានស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​តាមដាន​ដោយ​ប្រុងប្រយ័ត្ន​លើ​រោងចក្រ​កាត់ដេរ​ម៉ៅការ​បន្ត ដែល​រោងចក្រ​ប្រភេទ​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​គេចវេស​ពី​ការគោរព​ច្បាប់​។ នេះ​បើតាម​ព្រឹ​ត្ត​ប​ត្រ​ព័ត៌មាន​របស់ ILO ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៩​ខែឧសភា​។​



ILO បាន​ឲ្យ​ដឹងថា ការនាំចេញ​បន្ត​កើនឡើង​ក្នុង​ល្បឿន​ដ៏​រឹងមាំ​ក្នុង​ឆ្នាំ​២០១៦ ដោយ​កើនឡើង ៧,២ ភាគរយ ដល់​ទឹកប្រាក់ ៧,៣ ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ចំនួន​រោងចក្រ​នាំចេញ​ដែល​ចុះបញ្ជី​ផ្លូវការ​ក្នុង​វិស័យនេះ​បាន​ធ្លាក់ចុះ ១០,៤​ភាគរយ ហើយ​ចំនួន​កម្មករ​បាន​ធ្លាក់ចុះ​ចំនួន ២,៩ ភាគរយ​នៅក្នុង​ឆ្នាំ​២០១៦ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។​

​ចំពោះ​ភាពមិន​ស៊ីសង្វាក់​គ្នា​នៃ​តួលេខ​ខាងលើ ILO បានកំណត់​កត្តា​ចម្បង​ចំនួន ៣ ដែល​នាំ​ឲ្យ​កើតមាន​បញ្ហា​នេះ​។ កត្តា​ទាំងនោះ​រួមមាន ការកើនឡើង​នូវ​ផលិតភាព​របស់​ឧស្សាហ​កម្មនេះ និង​បញ្ហា​ផ្នែក​ស្ថិតិ​ទាក់ទង​នឹង​ការវាស់វែង​ចំនួន​ការងារ និង​រោងចក្រ ព្រមទាំង​កំណើន​ផលិតកម្ម​នៅក្នុង​រោងចក្រ​ម៉ៅការ​បន្ត ដែលជា​ចំណុច​ត្រូវបាន​សង្កត់ធ្ងន់​ដោយ ILO ។

​លោក Maurizio Bussi នាយក​ការិយាល័យ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​ឡាវ បាន​មានប្រសាសន៍ថា​៖«​កំណើន​ការងារ និង​ផលិតកម្ម​នៅក្នុង​រោងចក្រ​ម៉ៅការ​បន្ត (Subcontracting Factories) អាចជា​ការព្រួយបារម្ភ​មួយ ប្រសិនបើ​ការ​ម៉ៅការ​បន្ត​កំពុង​ត្រូវបាន​ប្រើប្រាស់​ជា​វិធី​មួយ​ដើម្បី​ចៀសវាង​ការគោរព​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​នានា រួមទាំង​ច្បាប់​ការងារ និង​ប្រាក់​ឈ្នួល​អប្បបរមា​នោះ​»​។

​លោក Maurizio Bussi  បានស្នើ​ឲ្យ​អ្នកពាក់ព័ន្ធ​បញ្ចេញ​សកម្មភាព​ចំពោះ​អាជីវកម្ម​រោងចក្រ​ម៉ៅការ​បន្ត ដោយ​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ស្ថានភាព​នេះ​គួរ​ត្រូវបាន​តាមដាន​ដោយ​ប្រុងប្រយ័ត្ន​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ និង​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​»​។

​ព្រឹ​ត្ត​ប​ត្រ​ដដែល​បាន​បញ្ជាក់ថា​៖«​មិន​ដូចជា​រោងចក្រ​នាំចេញ​ដែល​បាន​ចុះបញ្ជី​ទេ អ្នកម៉ៅការ​បន្ត​មិន​ត្រូវបាន​ត្រួតពិនិត្យ​តាមដាន​ដោយ​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​នោះទេ ហើយក៏​អាចមាន​ការយកចិត្តទុកដាក់​ពី​សំណាក់​ស្ថាប័ន​អនុវត្ត​ច្បាប់​ជាតិ តិចជាង​រោងចក្រ​ធម្មតា​ដែរ​»​។​

​ការនាំចេញ​សំលៀកបំពាក់ និង​ស្បែកជើង នៅតែ​ជា​ផលិតផល​នាំចេញ​ដ៏​សំខាន់​របស់​កម្ពុ​ចា ដែល​តំណាង​ឲ្យ ៧៨ ភាគរយ​នៃ​ទំនិញ​នាំចេញ​សរុប​របស់​ប្រទេស​ក្នុង​ឆ្នាំ​២០១៦ ។ នេះ​បើតាម​របាយការណ៍​រប​ស់ ILO ដែល​បញ្ជាក់ថា ទីផ្សារ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បានកា​ន់​កាប់​ចំណែក​ទីផ្សារ ៦៥ ភាគរយ នៅ​ឆ្នាំ​២០១៦ ដែល​ធ្លាក់ចុះ​ពី ៧២​ភាគរយ​នៅ​ឆ្នាំ​២០១៥ ប៉ុន្តែ​មាន​កំណើន​ចំណែក​ទីផ្សារ​ផ្សេងទៀត ដូចជា ជប៉ុន និង​កាណាដា​។

​របា​ការណ៍​បន្ថែមថា ចំណូល​ប្រចាំខែ​ជា​មធ្យម ដោយ​គិត​ទាំង​ប្រាក់​ម៉ោង​បន្ថែម របស់​កម្មករ​កាត់ដេ​រ​សំលៀកបំពាក់​និង​ស្បែកជើង​កម្ពុជា បាន​កើនឡើង​ពី ១៤៥ ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៤ ដល់ ១៧៥ ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ និង​ដល់ ១៩៥ ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ៕


Tag:
 កាត់ដេរ
© រក្សាសិទ្ធិដោយ thmeythmey.com