ជាតិ
​​​ន​យោ​បាយ​ជាតិ​
១​នាទី ៣០០​ដុល្លារ សម្រាប់​ទូរទស្សន៍​ដែល​ផ្សាយ​ផ្ទាល់​យុទ្ធនាការ​ចុងក្រោយ​របស់ CPP
02, Jun 2017 , 12:54 pm        
រូបភាព
ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​មុខជា​លើកដំបូង នៃ​ការដឹកនាំ​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​ថ្ងៃ​ចុងក្រោយ​នេះ​។ តាមរយៈ​សកម្មភាព​ឃោសនា​នយោបាយ​ជា​លើកដំបូង​នេះ នៅតាម​បណ្ដា​ទូរទស្សន៍​នានា បាន​ផ្ដិត​យក​រូបភាព និង​ចុះផ្សាយ​ព្រោងព្រាត​ពី​សកម្មភាព​របស់​សម្ដេច ហ៊ុន សែន​។​


 
​ថ្លែង​នៅលើ​រថយន្ត​ដង្ហែ​ក្បួន​ឃោសនា នា​រង្វង់​មូល​កាំភ្លើង​កួច​កាណុង ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​គ្រប់​បណ្ដា​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​ពី​សកម្មភាព​សម្ដេច​នេះ ដោយសារ​គណបក្ស​ប្រជាជន បាន​ទិញ​ម៉ោង​ទូរទស្សន៍​ទាំងនោះ ក្នុង​មួយ​នាទី តម្លៃ​៣០០​ដុល្លារ សម្រាប់​ការផ្សព្វផ្សាយ​។ បើតាម​សម្ដេច ហ៊ុន សែន គណបក្ស​ប្រជាជន​បាន​កុងត្រា​ជួល​ម៉ោង​ជាមួយ​ទូរទស្សន៍​ចំនួន​៨​ប៉ុស្តិ៍​។​
 
​សម្ដេច ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖«​សូម​ជម្រាប​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថា យើង​បាន​ជួល​ម៉ោងក្នុង​មួយ​នាទី ៣០០​ដុល្លារ​សហរដ្ឋអាមេរិក ព្រោះថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត តម្រូវ​ឲ្យ​ទូរទស្សន៍​ឯកជន​ទាំងអស់ បើ​ជួលម៉ោង​ឲ្យ​បក្ស​មួយ​បាន ត្រូវ​ជួល​ឲ្យ​បក្ស​មួយ​ផ្សេងទៀត​។ ដូច្នេះ​គណបក្ស​ប្រជាជន​បានធ្វើ​កុងត្រា​ជួល​ជាមួយ​ទូរទស្សន៍បាយ័ន (​ពីរ​ប៉ុស្តិ៍​) CTN (៤​ប៉ុស្តិ៍​) ហង្ស​មាស​មួយ អប្សរា​មួយ PNN​មួយ អាស៊ីអាគ្នេយ៍​មួយ​ដែរ​។ យើង​នៅ​ព្រឹក​នេះ​ប្រហែល​អស់​លុយ​បន្តិច​…។ហើយ​យើង​ក៏​ជួល​ឧទ្ធម្ភាគចក្រ​ដែរ​»​។​
 
​ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏​ប្រាប់​ទៅ​គណបក្ស​ដទៃទៀត ដែលមាន​បំណង​ចង់​ជួល​ម៉ោង​ទូរទស្សន៍​ផ្សាយ​ពី​សកម្មភាព​ឃោសនា​ខ្លួន​នោះ ពួកគេ​អាច​ទៅ​ចុះ​កុងត្រា​ជាមួយ​បណ្ដា​ទូរទស្សន៍​ទាំងនោះ ដោយ​ទិញ​ម៉ោង​ក្នុងតម្លៃ​ដូចគ្នា​នឹង​គណបក្ស​ប្រជាជន​បានដែរ​។​
 
​ក្រៅពី​ការផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទូរទស្សន៍​ឯកជន​ដែល​សម្ដេច ហ៊ុន សែន បាន​រៀបរាប់​ខាងលើនេះ គេ​សង្កេតឃើញថា មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣, ប៉ុស្តិ៍​លេខ​៩ និង​ទូរទស្សន៍​ខ្សែកាប​ជាច្រើន​ទៀត បានផ្សាយពីសកម្មភាពសម្ដេច​ផងដែរ​៕
 

Tag:
 ហ៊ុន សែន​
 ​ឃោសនាបោះឆ្នោត​ឃុំ​សង្កាត់​
© រក្សាសិទ្ធិដោយ thmeythmey.com