អន្តរជាតិ
អូ​បា​ម៉ា ថា ត្រាំ «​បោះបង់ចោល​អនាគត​»​ព្រោះ​ឈប់​គាំទ្រ​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​
02, Jun 2017 , 5:08 pm        
រូបភាព
​អតីត​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ទិតៀន​ការសម្រេចចិត្ត​ដក​អាមេរិក​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ ដែលជា​ផ្នែក​មួយ​នៃ​សមិទ្ធផល​នយោបាយ​ដ៏​សំខាន់​របស់លោក​នោះ​។ អូ​បា​ម៉ា បានចាត់ទុក​ការសម្រេចចិត្ត​នេះ​ជាការ​បោះបង់ចោល​អនាគត​អាមេរិក​ខ្លួនឯង​ផង​និង​ពិភពលោក​ទាំងមូល​ផង​។​



​អតីត​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចេញមុខ​រិះគន់​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​លោក ដូ​ណា​ល់ ត្រាំ ជាថ្មី​ទៀតហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១​មិថុនា ចាប់តាំងពី​លោក​ចាក​ចេញពី​សេត​វិមាន​នៅ​ខែម​ករានោះ​។ លោក​រិះគន់​រដ្ឋបាល​ត្រាំ​រឿង​ដកខ្លួន​ឈប់​គាំទ្រ​កិច្ចព្រមព្រៀង​ស្តីពី​ប្រែប្រួល​អាកាសធាតុ​ដែល​ពិភពលោក​សម្រេចបាន​ឆ្នាំ ២០១៥​នោះ​។​

​អតីត​ប្រធានាធិបតី​រូបនេះ​បញ្ជាក់ថា អាមេរិក​គួរតែ​នាំមុខគេ​ពេល​និយាយ​ដល់​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​។ លោក​ក៏បាន​ហៅ​ការសម្រេច​របស់​រដ្ឋបាល ដូ​ណា​ល​ត្រាំ ថា​ជាការ​បោះបង់ចោល​អនាគត​របស់​អាមេរិក​ផង​និង​ពិភពលោក​ផង ដែរ​។​

 «​រដ្ឋបាល​បច្ចុប្បន្ននេះ​កំពុង​ចូលរួម​ជាមួយ​ក្រុម​ប្រទេសមួយ​ក្តាប់​តូច​ដែល​បោះបង់ចោល​អនាគត​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក ក្រោយ​ដូ​ណា​ល់ ត្រាំ​ប្រកាស​បញ្ចប់​សមាជិកភាព​អាមេរិក​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​។​

​តាមពិតទៅ រដ្ឋបាល​លោក អូ​បា​ម៉ា បាន​ចំណាយ​កម្លាំង​និង​ពេលវេលា​យ៉ាងច្រើន​ដើម្បី​ជំរុញ​ឲ្យ​មានការ​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​អាកាសធាតុ​ដែល​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើតឡើង​ដោយសារ​ការឡើង​កម្តៅ​ផែនដី​នេះ​។ វា​ក៏​ជា​ផ្នែក​មួយ​នៃ​មរតក​នយោបាយ​សំខាន់​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ដែរ​។​

​ដោយឡែក លោក អូ​បា​ម៉ា ជឿជាក់ ប្រទេស​ដែល​អាច​រក្សា​ការគាំទ្រ​ខ្ជាប់ខ្ជួន​ចំពោះ​កិច្ចព្រមព្រៀង​នេះ​នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន​ទាំង​ការងារ​ផង និង​ប្រយោជន៍​ផ្នែក​ឧស្សាហកម្ម​ផងដែរ​។ លោក​លើកឡើង​ដូច្នេះ​៖ «​សម្រាប់​បណ្តា​ប្រទេស​ទាំងឡាយណា​ដែល​បន្ត​ការប្តេជ្ញាចិត្ត​ទទួលយក​អនាគត និង​គាំទ្រ​កិច្ចព្រមព្រៀង​អាកាសធាតុ​នេះ វា​នឹង​ក្លាយជា​ទ្វារ​មួយ​សម្រាប់​ឲ្យ​អ្នកជំនួញ​, អ្នកវិទ្យាសាស្ត្រ និង​បណ្តា​ក្រុម​វិស្វករ ចូលរួម​ស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​ទំនើបៗ​, ការវិនិយោគ​ដែល​បញ្ចេញ​កាបូន​ឌី​អុក​ស៊ី​ល​ទាប និង ការច្នៃប្រឌិត​ខ្ពស់​ផងដែរ​»​។​

​ដូ​ណា​ល់ ត្រាំ អះអាងថា ការប្រែប្រួល​អាកាសធាតុ​ជា​រឿង​បោកប្រាស់​ប៉ុណ្ណោះ ដែល​វា​បង្កើតឡើង​ដោយ​ចិន​ដើម្បី​ទាញ​ប្រយោជន៍ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​អាមេរិក​ផង​។ លោក​ថែមទាំង​ចោទថា កិច្ចព្រមព្រៀង​នេះ​កម្រិត​សិទ្ធិ​អាមេរិក​ក្នុងការ​សាងសង់​ឧស្សាហកម្ម​ធ្យូងថ្ម ខណៈដែល​អនុញ្ញាត​ឲ្យ​ចិន​និង​ឥណ្ឌា​ទាញយក​ប្រយោជន៍​ទៅវិញ​។ 

​តាមពិតទៅ ខែធ្នូ​ឆ្នាំ ២០១៥ ប្រទេស ១៩៥ លើ​ពិភពលោក​បាន​ឯកភាពគ្នា​បង្កើត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឡើង ហើយ​វា​ចូល​ជា​ធរមាន​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​។ កិច្ចព្រមព្រៀង​នេះ​តម្រូវ​ឲ្យ​ប្រទេស​ទាំងអស់​តូច​ឬ​ធំ មាន​ឬ​ក្រ ចូលរួម​ទាំង​គ្នា​កម្រិត​ការបញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ដែល​បង្កើន​កម្តៅ​ផែនដី​។ ក្រោម​អំណាច​នៃ​កិច្ចព្រមព្រៀង​នេះ សហរដ្ឋអាមេរិក​ត្រូវ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ចន្លោះ​ពី ២៦ ទៅ ២៨ ភាគរយ​នៃ​កម្រិត​ឧស្ម័ន​ដែល​បញ្ចេញ​ចោល​ឆ្នាំ ២០០៥ នោះ​នៅ​ឆ្នាំ ២០២៥​។​

​ជារួម​សហរដ្ឋអាមេរិក​មាន​ប្រជាជន​ប្រហែល ៤​ភាគរយ​ប៉ុណ្ណោះ​នៃ​ប្រជាជន​ពិភពលោក​បច្ចុប្បន្ន​ប៉ុន្តែ​បើ​និយាយ​ពី​ការបំពុល​បរិស្ថាន​វិញ​អាមេរិក​ឈរ​នៅ​លំដាប់​ប្រទេស​ដែល​បំពុលបរិស្ថាន​ខ្លាំងជាងគេ​។ អាមេរិក​ទទួលខុសត្រូវ​ចំពោះ​ការបញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ប្រហែល​មួយ​ភាគបី​នៃ​ឧស្ម័ន​កាបូនឌីអុកស៊ីត​សរុប​លើ​ពិភពលោក​ទាំងមូល​ឯណោះ​។​


Tag:
 បា​រ៉ា​ក់ អូ​បា​ម៉ា​
  ដូ​ណា​ល់ ត្រាំ​
  កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស​
© រក្សាសិទ្ធិដោយ thmeythmey.com