អន្តរជាតិ
បួន​ប្រទេស​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​កាតា ដោយ​ចោទថា​គាំទ្រ​ក្រុម​ភេរ​វករ​
05, Jun 2017 , 4:18 pm        
រូបភាព
មហាក្សត្រកាតា Sheikh Tamim bin Hamad Al-Thani
មហាក្សត្រកាតា Sheikh Tamim bin Hamad Al-Thani
​ប្រទេស​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស​ចំនួន​បួន នៅ​ថ្ងៃទី​៥ ខែមិថុនា បាន​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ​កាតា ដោយបាន​ចោទប្រកាន់​កាតា​ថា​បាន​គាំទ្រ​ក្រុម​ភេរវ​ករ​ជ្រុលនិយម​។ ក្រៅពី​ការ​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត អេ​ហ្ស៊ី​ប បា​រ៉ែ​ន អារ៉ាប់​រួម​អេ​មី​រ៉ា​ត និង​អា​រ៉ា​ប៊ី​សា​អូឌីត ក៏​ផ្ដាច់​ចរាចរណ៍​ទៅមក​តាមផ្លូវ​អាកាស និង​ផ្លូវទឹក​ជាមួយ​កាតា​ដែរ​។ ការផ្ដាច់​ទំនាក់ទំនង​ការទូត បានធ្វើ​ឲ្យ​តំបន់​ឈូង​សមុទ្រ​ទាំងមូល​រង្គោះរង្គើ​កាន់តែខ្លាំង ខណៈ​កំពុង​បែកបាក់​ដោយសារ​ការប្រកាន់​និកាយ​សាសនា​ខុសគ្នា​ស្រាប់​។



​ស្ថានការណ៍​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស​ធ្លាក់​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ ក្រោយ​អេ​ហ្ស៊ី​ប បា​រ៉ែ​ន អារ៉ាប់​រួម​អេ​មី​រ៉ា​ត និង​អា​រ៉ា​ប៊ី​សា​អូឌីត ប្រកាស​ផ្ដាច់ទំនាក់ទំនង​ការទូត និង​ការផ្អាក​ការធ្វើដំណើរ​ទៅមក​ជាមួយ​កាតា ទាំង​ផ្លូវអាកាស និង​ផ្លូវទឹក​ផងដែរ​។ ប្រទេស​ទាំង​បួន​ដែល​ប្រកាន់​សាសនា​ឥស្លាម​និកាយ​ស៊ូ​នី បាន​ចោទ​រដ្ឋ​កាតា​ថា​គាំទ្រ​ក្រុម​ភេរ​វករ ដែល​អុកឡុក​ពេញ​តំបន់ ក៏ដូចជា​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ទៀតផង​។​

​មន្ត្រីការទូត​មកពី​ប្រទេស​ទាំង​បួន​នេះ នឹង​ចាក​ចេញពី​កាតា​ក្នុង​រយៈពេល ៤៨​ម៉ោង ហើយ​មន្ត្រីការទូត​កាតា​ក៏មាន​ពេល ៤៨​ម៉ោង​ដូចគ្នា​ដើម្បី​ចាកចេញ​ពី​ប្រទេស​ទាំង​បួន​។ អា​រ៉ា​ប៊ី​សា​អូឌីត ក៏​ប្រកាស​ដែរ​ថា កងទ័ព​កាតា​ដែល​កំពុង​ចូលរួម​ក្នុង​ប្រតិបត្តិការ​សឹក​នៅ​យែ​ម៉ែន ក៏ត្រូវ​ដកចេញ​ត្រឡប់ទៅផ្ទះ​វិញ​ដែរ​។ អ្វីដែល​គួរកត់សម្គាល់​នោះ គេ​មិនដឹង​ការសម្រេចចិត្ត​ប៉ះពាល់​ដល់​កងទ័ព​អាមេរិក​ជាង​មួយ​ម៉ឺន​នាក់ ដែល​ពង្រាយ​នៅ​កាតា​ឬ​យ៉ាងណាដែរ​។​

​បើតាម​សារព័ត៌មាន CNN ក្រ​សូង​ការបរទេស​ប៉ា​រ៉ែ​ន​បញ្ជាក់ថា​ការសម្រេចចិត្ត​ផ្ដាច់ចំណង​ការទូត​នេះ គឺ​ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​។ ប៉ា​រ៉ែ​ន បាន​ចោទ​កាតា​ថា​បាន​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ញុះញង់ គាំទ្រ​ក្រុម​ភេរវ​ករ​ប្រដាប់អាវុធ ព្រមទាំង​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​ក្រុម​ជ្រុលនិយម​អ៊ីរ៉ង់​ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​ទង្វើ​បំផ្លិចបំផ្លាញ និង​ធ្វើ​ឲ្យ​មាន​កោលាហល​នៅលើ​ទឹកដី​ប៉ា​រ៉ែ​ន​។ ដោយឡែក​ប្រទេស​បី​ទៀត​ក៏បាន​ចោទ​កាតា​លើ​បញ្ហា​ស្រដៀង​គ្នា​នេះដែរ​។ 

​សារព័ត៌មាន​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ស្រង់​សម្ដី​មន្ត្រី​ម្នាក់​ដែរ​ថា ក្រៅពី​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ហើយ​នោះ ការធ្វើដំណើរ​ទាំងអស់​រួមមាន​ផ្លូវគោក ផ្លូវអាកាស និង​ផ្លូវទឹក ក៏ត្រូវ​កាត់ផ្ដាច់​ដែរ​។ ការសម្រេចចិត្ត​នេះ​មាន​គោលដៅ ការពារ​ប្រទេសជាតិ​ពី​ភេរវកម្ម​និយម និង​អំពើ​ជ្រុលនិយម ដែលមាន​រដ្ឋ​កាតា​នៅ​ពីក្រោយ​។ ឯ​អេ​ហ្ស៊ី​ប​វិញ​និយាយថា កាតា​បាន​ដើរ​លើផ្លូវ​ប្រឆាំង​ខ្លួន ហើយ​អេ​ហ្ស៊ី​ប​មិនអាច​បញ្ចុះបញ្ចូល​ឲ្យ​កាតា​ឈប់​គាំទ្រ​ភេរវកម្ម​និយម​បានឡើយ​។​

​តាមពិតទៅ កាតា​ដែលជា​រដ្ឋ​ជាប់​ឈូង​សមុទ្រ​ពែ​រ្ស មិនត្រូវ​គ្នា​ជាមួយ​រដ្ឋ​ឈូង​សមុទ្រ​ដូចគ្នា​ជា​យូរ​មកហើយ​ដែរ​។ កាតា រង​ការរិះគន់​ខ្លាំង​ពីរ​ដ្ឋ​ដទៃ​ព្រោះ​ហ៊ាន​គាំទ្រ​ក្រុម​ភាតរភាព​បងប្អូន​នៅ​អេ​ហ្ស៊ី​ប ខណៈ​ក្រុម​នេះ​ត្រូវបាន​អេ​ហ្ស៊ី​ប និង​អា​រ៉ា​ប៊ី​សា​អូឌីត​ចាត់ទុកជា​ក្រុម​ភេរ​វករ​។ លើសពីនេះ កាតា​ក៏បានផ្ដល់​ទីជម្រក​ឲ្យ​មេដឹកនាំ​ក្រុម​ហា​ម៉ាស់​កំពុង​រត់គេចខ្លួន និង​ក្លាយជា​កន្លែង​ផ្គត់ផ្គង់​លុយ​ទៅ​ឲ្យ​ក្រុម​នេះ​ទៀត​។ កាតា ក៏ត្រូវ​ចោទថា​បានអនុញ្ញាត​ឲ្យ​មានការ​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​សាខា​ក្រុម​អាល់​កៃ​ដា​នៅ​ស៊ី​រី​ដែរ​៕  

Tag:
 អេ​ហ្ស៊ី​ប​
  បា​រ៉ែ​ន​
  អារ៉ាប់​រួម​អេ​មី​រ៉ា​ត​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  កាតា​
  ភេរ​វករ
© រក្សាសិទ្ធិដោយ thmeythmey.com