អន្តរជាតិ
ក្រោយ​ការវាយប្រហារ​នៅ​ក្រុង​ឡុង​ដ៍ ប្រមុខ​ការពារជាតិ​អាមេរិក​ថា «​យើង​អត់​ខ្លាច​ទេ​»
05, Jun 2017 , 10:39 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិអាមេរិក James Mattis អមដំណើរដោយសមភាគីអូស្ត្រាលី Marise Payne (រូបភាព Reuters)
រដ្ឋមន្ត្រីការពារជាតិអាមេរិក James Mattis អមដំណើរដោយសមភាគីអូស្ត្រាលី Marise Payne (រូបភាព Reuters)
​ប្រមុខ​ការពារជាតិ​អាមេរិក លោក ជេ​ម​ស៍ ម៉ា​ធី​ស បានប្រកាសថា អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន មិន​ញញើតញញើម​នឹង​ការវាយប្រហារ​ដោយ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ឡើយ​។ ទាំង​អាមេរិក ទាំង​សម្ព័ន្ធមិត្ត នឹង​បន្ត​យុទ្ធនាការ​បោសសម្អាត​ក្រុម​ជ្រុលនិយម​មួយ​នេះ​ទាល់តែ​អស់​។ ប្រមុខ​ការពារជាតិ​អាមេរិក ប្រកាស​ដូចនេះ បន្ទាប់ពី​ការវាយប្រហារ​នៅ​កណ្ដាល​ក្រុង​ឡុង​ដ៍ ដែល​បណ្ដាល​ឲ្យ​មនុស្ស​៧​នាក់​ហើយ​បាន​ស្លាប់ ខណៈ​ក្រុម​រដ្ឋ​ឥស្លាម​បានប្រកាស​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។​



​ចក្រភព​អង់គ្លេស បាន​រង​ការវាយប្រហារ​ភេរវកម្ម​ចំនួន​បី​លើក​ហើយ​ក្នុង​រយៈពេល​បី​ខែ​មកនេះ​។ ការវាយប្រហារ​ចុងក្រោយ កើតឡើង​នៅ​រាត្រី​ថ្ងៃទី​៣ ខែមិថុនា​។ ហេតុការណ៍​បើកឡាន​បំ​បុក​មនុស្ស​លើ​ស្ពាន និង​ការប្រើ​កាំបិត​ចាក់​សម្លាប់​នៅ​ទីផ្សារ បាន​ឆក់យក​ជីវិត​មនុស្ស​មនុស្ស​៧​នាក់​បាត់បង់​ក្នុងនោះ​ក៏មាន​ជនជាតិ​បារាំង​ម្នាក់ និង​ជនជាតិ​កាណាដា​ម្នាក់ ខណៈ​មនុស្ស​ជិត​៥០​នាក់​ផ្សេងទៀត បាន​រងរបួស​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ បានប្រកាសថា វា​គ្រប់គ្រាន់​ហើយ​សម្រាប់​ក្រុម​ភេរវជន ហើយ​អង់គ្លេស​នឹង​ចាត់វិធានការ​ម៉ឺងម៉ាត់ ដើម្បី​ឆ្លើយតប​នឹង​ទង្វើ​ជ្រុលនិយម​នេះ​។ ដោយឡែក អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​អង់គ្លេស និង​កំពុងតែ​ដឹកនាំ​សម្ព័ន្ធមិត្ត​អន្តរជាតិ​បោសសម្អាត​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម បានលើកឡើង​ដែរ​ថា អាមេរិក នឹង​បន្តការងារ​របស់ខ្លួន ដើម្បី​កម្ទេច​ក្រុម​ភេរ​វករ​មួយ​នេះ​ឲ្យ​បាន​ស្អាត​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម​ស៍ ម៉ា​ធី​ស បាន​និយាយ​ក្នុង​ទីក្រុង​ស៊ីដនី នៅ​ថ្ងៃទី​៥ ខែមិថុនា ថា​៖ «​អាមេរិក និង​សម្ព័ន្ធមិត្ត នឹង​នៅតែ​រួបរួមគ្នា​ដដែល​ក្នុងការ​ប្រយុទ្ធប្រឆាំង​សត្រូវ ដែល​គិតថា​អាច​បន្លាច​យើង​បាន​ក៏ដោយ​។ យើង​មិន​ខ្លាច​អ្វី​ឡើយ​»​។ លោក ម៉ា​ធី​ស កំពុង​ស្ថិតនៅ​អូស្ត្រាលី​ជាមួយ​រដ្ឋមន្ត្រីការបរទេស រិច ធី​ល័​រ​សិន ដើម្បី​ជួប​ជាមួយ​សម​ភាគី​អូស្ត្រាលី​រៀងៗ​ខ្លួន​។​

​ដោយឡែក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ម៉ា​ល់ខម ធើ​ន​ប៊ូល (Malcolm Turnbull) វិញ ក៏បាន​ថ្កោលទោស​ការវាយប្រហារ​នៅ​ក្រុង​ឡុង​ដ៍​ដែរ ដោយ​លោក​ចាត់ទុក​សកម្មភាព​នេះ​ជា​រឿង​កំសាក ហើយក៏​មិនមែនជា​រឿង​គួរ​ឲ្យ​សរសើរ​អ្វី​ដែរ​។ លោក​ក៏​ព្រមាន​ដែរ​ថា ពិ​ភ​ភព​លោក អាច​នឹង​មើលឃើញ​ការវាយប្រហារ​របៀបនេះ​ជាច្រើន​ទៀត ដែល​វា​តម្រូវ​ឲ្យ​ពិភពលោក​ទាំង​ត្រូវតែ​ប្រុងប្រយ័ត្ន និង​ត្រូវ​ជម្នះ​បញ្ហា​នេះ​ឲ្យ​បាន​ដាច់ខាត​។​

​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម កំពុង​ប្រឈមមុខ​ការបាត់បង់​ទឹកដី​កំពុង​ត្រួតត្រា​ទាំង​នៅ​អ៊ីរ៉ាក់ និង​នៅ​ស៊ី​រី​។ នៅឯ​អ៊ីរ៉ាក់ កងទ័ព​អ៊ីរ៉ាក់ ដែល​ជួយ​គាំទ្រ​ដោយ​កម្លាំង​ទ័ពអាកាស​សម្ព័ន្ធមិត្ត​លោកខាងលិច​មាន​អាមេរិក​ជា​អ្នកដឹកនាំ កំពុង​សម្រុក​វាយ​សង្គ្រោះ​ទីក្រុង Mosul ដែលជា​មូល​ដ្ឋា​រឹងមាំ​ចុងក្រោយ​របស់​ក្រុម​រដ្ឋ​ឥស្លាម​។ ចំណែក​នៅ​ស៊ី​រី ក្រុម​ជ្រុលនិយម​នេះ ក៏​បាត់បង់​តំបន់​ត្រួតត្រា​ច្រើន​ដែរ ដ្បិត​កងទ័ព​ឃើ​ដ​ស៊ី​រី​កំពុង​វាយប្រហារ​ខ្លាំង​ផងដែរ​៕     


Tag:
 អាមេរិក​
  ជេ​ម​ស៍ ម៉ា​ធី​ស​
  អង់គ្លេស​
  ភេរវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com