អន្តរជាតិ
អាល្លឺម៉ង់ ត្រៀម​រើ​ទ័ព​ចេញពី​មូលដ្ឋានទ័ព​តួ​ក​គី ទៅប្រើ​មូលដ្ឋានទ័ព​នៅ​ហ្ស៊​កដា​នី​វិញ​
06, Jun 2017 , 3:38 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ Ursula von der Leyen (រូបភាព Spiegel)
រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ Ursula von der Leyen (រូបភាព Spiegel)
​រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់ លោកស្រី Ursula von der Leyen បាន​និយាយថា កងទ័ព​អាល្លឺម៉ង់ បាន​ត្រៀម​រួចរាល់​ហើយ​ដើម្បី​ប្ដូរ​មូលដ្ឋានទ័ព​នៅ​តួ​ក​គី ទៅប្រើ​ប្រាស់​មូលដ្ឋានទ័ព​របស់​ហ្ស៊​កដា​នី​វិញ​។ គម្រោង​ផ្លាស់ប្ដូរ​មូលដ្ឋានទ័ព​នេះ ធ្វើឡើង​ក្រោយពេល​តួ​ក​គី​មិន​អនុញ្ញាត​ឲ្យ​សមាជិកសភា​អាល្លឺម៉ង់​ចូល​សួរ​សុខ​ក្ខ​ទាហាន​របសខ្លួន​នៅ​មូលដ្ឋាន​ទ័ពអាកាស Incirlik ដែលជា​ការឆ្លើយ​នឹង​សកម្មភាព​របស់​អាល្លឺម៉ង់​ដែល​ផ្ដល់​សិទ្ធិ​ជ្រកកោន​ឲ្យ​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ក្នុង​រដ្ឋប្រហារ​នៅ​តួ​ក​គី​កាលពី​ខែកក្កដា ឆ្នាំ​២០១៦ ។



 បញ្ហាក្នុងទំនាក់ទំនង​រវាង​អាល្លឺម៉ង់ និង​តួ​ក​គី ដែលជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​ដូចគ្នា កាន់តែ​រីក​ធំ ក្រោយ​អាល្លឺម៉ង់បដិសេធធ្វើ​បត្យាប័ន​ជនសង្ស័យ​ជាប់ទាក់ទង​ក្នុង​រដ្ឋប្រហារ​នៅ​តួ​ក​គី ទៅ​ឲ្យ​រដ្ឋាភិបាល​តួ​ក​គី​វិញ​។ តួ​ក​គី មិន​សប្បាយ​ចិត្តនឹង​ទង្វើ​របស់​អាល្លឺម៉ង់​ឡើយ ហើយ​ក៏បាន​បិទផ្លូវ​មិន​ឲ្យ​សមាជិកសភា​អាល្លឺម៉ង់ ចូលទៅ​កាន់​មូលដ្ឋាន​ទ័ពអាកាស Incirlik ជាទី​ដែល​កងទ័ព​អាល្លឺម៉ង់ និង​យន្តហោះ​មួយចំនួនទៀត​កំពុង​ចូលរួម​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​។​

​ក្រោយ​មាន​បញ្ហា​នេះ អាល្លឺម៉ង់ ក៏​ចាប់ផ្ដើម​រកមើល​មូលដ្ឋាន​កងទ័ព​ថ្មី​នៅក្នុង​រដ្ឋ​នៅ​មជ្ឈិមបូព៌ា ដើម្បី​ប្រើប្រាស់​ជំនួស​មូលដ្ឋាន​ទ័ពអាកាស​របស់​តួ​ក​គី ហើយ​ជាមួយគ្នានេះ អាល្លឺម៉ង់ និង​តួ​ក​គី ក៏បាន​ចរចា​គ្នា​ដោះស្រាយ​ការខ្វែងគំនិត​ដែរ​។ ប៉ុន្តែ​ក្រោយពី​ជំនួប​មិនបាន​ផល​រវាង​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី និង​សម​ភាគី​អាល្លឺម៉ង់​មក​នោះ អាល្លឺម៉ង់ ក៏​ទំនងជា​បាន​រកឃើញ​ទីតាំង​ថ្មី​ធ្វើជា​មូលដ្ឋាន​សម្រាប់​កងទ័ព​របស់ខ្លួន​ដែរ​។​

​រដ្ឋមន្ត្រី​ការពារ​អាល្លឺម៉ង់ លោកស្រី Ursula von der Leyen បាន​និយាយ​នៅ​ថ្ងៃទី​៥ ខែមិថុនា​ថា អាល្លឺម៉ង់ នឹង​សម្រេចចិត្ត​នៅពេល​ឆាប់​នេះ​ក្នុង​ការប្ដូរ​ទៅប្រើ​ប្រាស់​មូលដ្ឋាន Al-Azrak របស់​ហ្ស៊​កដា​នី ជំនួស​មូលដ្ឋាន​របស់​តួ​ក​គី​។ ទន្ទឹមនេះដែរ កងទ័ព​អាល្លឺម៉ង់ ត្រៀម​រួចហើយ​ក្នុងការ​ផ្ទេរ​ទៅកាន់​មូលដ្ឋាន​នៅ​ហ្ស៊​កដា​នី​។ បើតាម​សារព័ត៌មាន RT លោកស្រី von der Leyen បញ្ជាក់ដែរថា គណៈរដ្ឋមន្ត្រី​អាល្លឺម៉ង់ នឹង​សម្រេច​ថា​ផ្ទេរ ឬ​មិន​ផ្ទេរ​នៅ​ថ្ងៃស្អែក​។​

​ទាក់ទិន​រឿង​មូលដ្ឋាន​នៅ​តួ​ក​គី ប្រមុខ​ការពារជាតិ​អាល្លឺម៉ង់​ក៏បាន​ចាត់ទុក​បន្ទាយទ័ព Incirlik ជាទី​តាំង​ល្អ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវ​ករ​ដែរ ព្រោះ​នៅក្បែរ​ស៊ី​រី និង​អ៊ីរ៉ាក់​ស្រាប់​។ ប៉ុន្តែ​ការបិទ​មិន​ឲ្យ​មានដំណើរ​ទស្សនកិច្ចរ​បស់​សមាជិកសភា​អាល្លឺម៉ង់ គឺជា​រឿង​ដែល​ក្រុង​បែរ​ឡាំង​មិនអាច​ទទួល​បានឡើយ ហើយ​អាល្លឺម៉ង់​សុខចិត្ត​បោះបង់​មូលដ្ឋាន ហើយ​ដើររក​មូលដ្ឋាន​ថ្មី​វិញ​។ អាល្លឺម៉ង់​មាន​ទ័ព​២៥០​នាក់​នៅ​តួ​ក​គី រួមគ្នា​ជាមួយ​យន្តហោះ​ឈ្លប​ការណ៍ និង​យន្តហោះ​ចាក់​សាំង​មួយចំនួនទៀត​។​

​ច្បាស់​ណាស់​ថា ការ​រើ​បន្ទាយទ័ព​អាល្លឺម៉ង់​នៅពេលនេះ ប្រាកដជា​ប៉ះពាល់​ដល់​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​មិន​ខាន ព្រោះ​កងកម្លាំង​អាល្លឺម៉ង់​ដើរតួ​នាំមុខគេ​ក្នុង​សម្ព័ន្ធ​យោធា​នេះ​។ ប៉ុន្តែ​រដ្ឋមន្ត្រី​ការពារ​អាល្លឺម៉ង់ von der Leyen ក៏បាន​ធានា​ដែរ​ថា អាល្លឺម៉ង់​នឹង​ព្យាយាម​កាត់បន្ថយ​ការរអាក់រអួល​ឲ្យ​បាន​ឆាប់​បំផុត​៕


Tag:
 អាល្លឺម៉ង់​
  តួ​ក​គី​
  ហ្ស៊​កដា​នី​
  ក្រុម​រដ្ឋ​ឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com