អន្តរជាតិ
ពូ​ទីន​៖ អាមេរិក​ជា​អ្នក​ចិញ្ចឹម​អាល់​កៃ​ដា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​គាំទ្រ​ភេរវ​ករ​នៅ​ឆេ​ឆិ​ន
13, Jun 2017 , 8:39 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងកិច្ចសម្ភាសជាមួយផលិតករភាពយន្តអាមេរិក Oliver Stone (រូបភាព RT)
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងកិច្ចសម្ភាសជាមួយផលិតករភាពយន្តអាមេរិក Oliver Stone (រូបភាព RT)
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចោទ​អាមេរិក​ថា​បាន​បង្កើត និង​ប្រើប្រាស់​ក្រុម​ជ្រុលនិយម​អាល់​កៃ​ដា ដើម្បី​ធ្វើជា​ឧបករណ៍​ប្រឆាំង​វត្តមាន​កងទ័ព​សូ​វៀត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ លោក ពូ​ទីន បញ្ជាក់ថា  CIA របស់​អាមេរិក​បាន​ចិញ្ចឹម​ក្រុម​ជ្រុលនិយម​មួយ​នេះ និង​មេដឹកនាំ​របស់​ពួកគេ អូ​សា​ម៉ា ប៊ិន​ឡា​ដិ​ន ដោយ​មិន​បានគិត​ឲ្យ​ម៉ត់ចត់​ថា​ពួកគេ​នឹង​បែរ​ក្បាល​ដាក់​អាមេរិក​វិញ​ឡើយ​។ ក្រៅពី​ក្រុម​អាល់​កៃ​ដា លោក ពូ​ទីន ក៏​ចោទ​អាមេរិក​បាន​គាំទ្រ​ក្រុម​ភេរ​វករ​នៅ​តំបន់​ឆេ​ឆិ​ន​ផងដែរ​។

 


​អាមេរិក​គួរតែ​ទទួលខុសត្រូវ​ចំពោះ​ការ​ងើបឡើង​របស់​ក្រុម​ជ្រុលនិយម​អាល់​កៃ​ដា និង​មេខ្លោង​ភេរ​វករ អូ​សា​ម៉ា ប៊ិន​ឡា​ដិ​ន ដែល​អាមេរិក​ផ្ទាល់​ជា​អ្នក​ផ្ចុងផ្ដើម​ពួកគេ​ឲ្យ​ប្រឆាំង​ទ័ព​សូ​វៀត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​ជា​សម្ដី​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុង​កិច្ច​សម្ភាស​ដ៏​វែង​ជាមួយ​ផលិតករ​ភាពយន្ត​អាមេរិក Oliver Stone ។ លោក ពូ​ទីន និយាយទៀតថា លោក​ក៏មាន​ភស្តុតាង​បញ្ជាក់​ពី​ការគាំទ្រ​របស់​អាមេរិក​លើ​ក្រុម​ជ្រុលនិយម​នៅ​តំបន់​កូ​កាស​ដែរ​។​

​ក្នុង​កិច្ច​សម្ភាស​វគ្គ​ដំបូង​ដែល​ផ្សាយ​នៅ​ថ្ងៃទី​១២ ខែមិថុនា ប្រធានាធិបតី​រុស្ស៊ី បាន​ទម្លាយ​ពី​ប្រភព​របស់​ក្រុម​ភេរវ​ករ​អាល់​កៃ​ដា​ដែល​អុកឡុក​ពិភពលោក​យ៉ាងខ្លាំង​នាពេល​កន្លងមក​។ លោក ពូ​ទីន បញ្ជាក់​ច្បាស់ៗ​ថា អាល់​កៃ​ដា​កើតចេញពី​ទង្វើ​របស់​អាមេរិក មិនមែន​រុស្ស៊ី​ទេ ហើយ​ក្រុម​នេះ​កើតចេញ​ជា​រូបរាង​ក្នុងសម័យ​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ពេលនោះ​អាមេរិក​គាំទ្រ​ក្រុម​ជ្រុលនិយម​ជាច្រើន​ក្រុម​ដើម្បី​ប្រឆាំង​កងទ័ព​សូ​វៀត​។

​លោក ពូ​ទីន បាន​ប្រាប់​ផលិតករ​អាមេរិក Stone ថា អាមេរិក​ផ្ទាល់​ជា​អ្នក​ចិញ្ចឹម​ក្រុម​អាល់​កៃ​ដា និង​លោក ប៊ិន​ឡា​ដិ​ន តែម្ដង​។ យ៉ាងណាក្ដី ដោយ​ចង់​សំដៅ​ដល់​ការវាយប្រហារ​អាគារ​ភ្លោះ​ថ្ងៃទី​១១ ខែកញ្ញា ដែលជា​ស្នាដៃ​ក្រុម​ម​អាល់​កៃ​ដា ប្រធានាធិបតី​រុស្ស៊ី​ក៏​ឆ្ងល់​ដែរ​ថា​អាមេរិក​គួរតែ​គិត​មុន​ដឹង​ពី​ផលវិបាក​នៃ​ការគាំទ្រ​ក្រុម​នេះ ព្រោះ​ពួកគេ​នឹង​វាយបក​អាមេរិក​មិន​ខាន​។ លោក​សង្កត់ធ្ងន់ថា អាមេរិក​គួរតែ​បានដឹង​រឿង​ច្បាស់​ណាស់ តែ​អ្វី​គ្រប់យ៉ាង​ជា​កំហុស​អាមេរិក​ខ្លួនឯង​។​

​បើតាម​សារព័ត៌មាន RT ប្រធានាធិបតី​រុស្ស៊ី ក៏​ចង្អុលមុខ​អាមេរិក​ជុំវិញ​ការ​ងើបឡើង​របស់​ក្រុម​ភេរ​វករ​នៅ​តំបន់​ឆេ​ឆិ​ន (Chechnya) ផងដែរ​។ បើតាម​សម្ដី​លោក ពូ​ទីន រុស្ស៊ី​មាន​ភស្តុតាង​បញ្ជាក់ថា​ភ្នាក់ងារ CIA ពិតជា​បាន​សារភាព​គាំទ្រ​ក្រុម​ភេរ​វករ​មែន ដោយ​ចាត់ទុក​ពួកគេ​ជា​ក្រុមប្រឆាំង​ទៀតផង​។ ពោល គឺ​អាមេរិក​ចេញមុខ​គាំទ្រ​ក្រុម​ភេរវ​ករទាំង​ផ្នែក​នយោបាយ ក៏ដូចជា​បាន​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ទៅទៀត ហើយ​រុស្ស៊ី​ក៏បាន​ផ្ញើ​ភស្តុតាង​ទៅ​ឲ្យ​អាមេរិក​រួច​អស់​ដែរ​។​

​យ៉ាងណាមិញ អាមេរិក មិនបាន​ផ្លាស់ប្ដូរ​នយោបាយ​របស់​ពួកគេ​ក្នុង​ការគាំទ្រ​ក្រុម​ភេរវ​ករ​ទាំងនោះ ទោះជា​លោក ពូ​ទីន ធ្លាប់​ប្រាប់​រឿងនេះ​ដល់​អតីត​ប្រធានាធិបតី​អាមេរិក ច​ច ដាប់​ប៊​ល​យូ ប៊ូ​ស ហើយ​លោក ប៊ូ​ស ផ្ទាល់​ក៏​សន្យាថា​នឹង​ដោះស្រាយ​បញ្ហា​នេះ​ក៏ដោយចុះ​។ CIA របស់​អាមេរិក ក៏បាន​ផ្ញើ​សំបុត្រ​មួយ​ឲ្យ​រុស្ស៊ី ដោយបាន​ប្រាប់ថា អាមេរិក​រក្សា​សិទ្ធិ​គាំទ្រ​ក្រុមប្រឆាំង​ទាំងអស់ ហើយ​អាមេរិក​នឹង​បន្ត​ការគាំទ្រ​នេះ​ទៀត​៕   
 

Tag:
 រុស្ស៊ី​
  អាមេរិក​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com