អន្តរជាតិ
អាមេរិក គំរាម​ឈប់​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​ដែល​រកស៊ី​ជាមួយ​កូរ៉េខាងជើង​
14, Jun 2017 , 11:39 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក រិច ធីល័រសិន (រូបភាព Reuters)
រដ្ឋមន្ត្រីការបរទេសអាមេរិក រិច ធីល័រសិន (រូបភាព Reuters)
​រដ្ឋមន្ត្រីការបរទេស រិច ធី​ល័​រ​សិន (Rex Tillerson) បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ថា អាមេរិក​កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ដែល​មិន​ជួយ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង តែ​បន្ត​រកស៊ី​ជាមួយ​រដ្ឋ​កុម្មុយនីស្ត​នេះ​ទៀត​។ លោក ធី​ល័​រ​សិន និយាយថា អាមេរិក ដែល​គ្មាន​ការរកស៊ី​ជាមួយ​កូរ៉េខាងជើង​បន្តិច​សោះ មិនអាច​ដាក់​សម្ពាធ​ដោយផ្ទាល់​បានឡើយ ហើយ​ត្រូវ​ពឹង​ផ្អែកលើ​ប្រទេស​ទី​បី​ក្នុងការ​ដាក់ទណ្ឌកម្ម​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​មហិច្ឆតា​នុយក្លេអ៊ែរ​។​



​ទណ្ឌកម្ម​បន្តបន្ទាប់​របស់​សហគម​ន៍​អន្តរជាតិ​ដែល​ដឹកមុខ​ដោយ​អាមេរិក ធ្វើ​ឲ្យ​កូរ៉េខាងជើង​រង​ផលប៉ះពាល់​ខ្លាំង តែ​រដ្ឋ​ឯកោ​មួយ​នេះ​នៅតែ​អាចមាន​ច្រក​ដកដង្ហើម​សេដ្ឋកិច្ច​របស់ខ្លួន​ដដែល​។ កូរ៉េខាងជើង​នៅតែ​អាច​បន្ត​នាំចូល​ផលិតផល​ចាំបាច់​ដូចជា​ប្រេងឥន្ធនៈ​ជាដើម ព្រោះ​គេ​ឃើញ​មាន​ប្រទេស​មួយចំនួន​បន្តធ្វើ​ជំនួញ​ជាមួយ​កូរ៉េខាងជើង​ដដែល បើទោះជា​មានការ​ហាមឃាត់​ដោយ​សេចក្ដីសម្រេច​ក្រុមប្រឹក្សាសន្តិសុខ​ក្ដី​។​

​ដោយហេតុថា​មាន​ប្រទេស​ខ្លះ​មិន​រវីរវល់​នឹង​ទណ្ឌកម្មសេដ្ឋកិច្ច​នោះ អាមេរិក​កំពុង​រក​មធ្យោបាយ​ថ្មី​ទៀត​ក្នុងការ​បិទទ្វារ​សេដ្ឋកិច្ច​កូរ៉េខាងជើង​ទាំងស្រុង​តែម្ដង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេស​អាមេរិក  រិច ធី​ល័​រ​សិន និយាយ​ក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិការ​កិច្ចការបរទេស​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​១៣ ខែមិថុនា ថា អាមេរិក​នឹង​បង្កើន​សម្ពាធ​នយោបាយ និង​សេដ្ឋកិច្ច​លើ​កូរ៉េខាងជើង ដោយ​សហការ​ជាមួយ​សម្ព័ន្ធមិត្ត​ទាំងឡាយ​របស់ខ្លួន​។​

​បើតាម​លោក ធី​ល័​រ​សិន ក្រុង​វ៉ាស៊ីនតោន នឹងធ្វើ​ការ​នេះ​ជាមួយ​ប្រទេស​ផ្សេងទៀត​ដើម្បី​បិទផ្លូវ​របស់​ក្រុង​ព្យុងយ៉ាង​ក្នុងការ​នាំចូល​ទំនិញ​សំខាន់ៗ​ដូចជា​ប្រេងឥន្ធនៈ​ជាដើម​។ ជាមួយគ្នា​នោះ ក្រុង​វ៉ាស៊ីនតោន ក៏​កំពុង​ពិចារណា​ឈប់​រកស៊ី ឬក៏​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ដែរ​ធ្វើ​ជំនួញ​ជាមួយ​របប​ក្រុង​ព្យុងយ៉ាង​ដូចគ្នា​ដែរ​។ បច្ចុប្បន្ននេះ ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​កូរ៉េខាងជើង គឺ​ចិន ដែល​អាមេរិក​កំពុង​ត្រូវការ​ដើម្បី​ដាក់បន្ទុក​លើ​កូរ៉េខាងជើង​វិញ​។​

​ច្បាស់​ណាស់​ថា បើ​អាមេរិក​ចង់​ធ្វើ​អ្វី​លើ​កូរ៉េខាងជើង អាមេរិក​ត្រូវការ​ចិន​ជា​ចាំបាច់​បំផុត​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ ដោយសារ​កូរ៉េខាងជើង​ចេះតែ​បន្តសកម្មភាព​ព្រហើន​ម្ដង​ហើយ​ម្ដងទៀត អាមេរិក​ក៏​ព្យាយាម​បញ្ចុះបញ្ចូល​ចិន​ឲ្យ​ជួយ​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ហើយ​ចិន​ក៏បាន​ចាត់វិធានការ​ខ្លះ​វិញ​ដែរ​ដូចជា​ការបិទ​នាំចូល​ធ្យូងថ្ម​ជាដើម​។ ប៉ុន្តែ​សម្រាប់​អាមេរិក ការបិទ​ការនាំ​ចូល​ធ្យូងថ្ម​ប៉ុណ្ណេះ មិន​គ្រប់គ្រាន់​ទេ​។

​មួយវិញទៀត​នោះ អាមេរិក ត្រូវការ​ប្រទេស​ទី​បី​ក្នុង​ការដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ដែរ ដ្បិត​អាមេរិក​គ្មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​កូរ៉េខាងជើង​ឡើយ​។ នេះ​មានន័យថា បើ​ប្រទេស​ទី​បី​បន្ត​រកស៊ី​ជាមួយ​កូរ៉េខាងជើង​នោះ ទណ្ឌកម្ម​ដែល​សម្រេចបាន​ដោយ​លំបាក​នៅឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ នឹង​មិនអាច​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​បានឡើយ​។ ចុងក្រោយ​នោះ អាមេរិក​នឹង​បង្វែរ​រ៉ា​ដា​របស់ខ្លួន​ដាក់​ប្រទេស​ណា​ដែល​ធ្វើ​ជំនួញ​ជាមួយ​កូរ៉េខាងជើង​វិញ​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ​
  រិច ធី​ល័​រ​សិន
© រក្សាសិទ្ធិដោយ thmeythmey.com