អន្តរជាតិ
ប្រធានាធិបតី ពូ​ទីន ថា អាមេរិក​ភ័យ ពេល​រុស្ស៊ី​ចង់​ចូល​ណា​តូ​
14, Jun 2017 , 4:49 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងផលិតករភាពយន្តអាមេរិក Oliver Stone (រូបភាពពីសារព័ត៌មានរុស្ស៊ី Ria Novosti)
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងផលិតករភាពយន្តអាមេរិក Oliver Stone (រូបភាពពីសារព័ត៌មានរុស្ស៊ី Ria Novosti)
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​រំឭក​ឡើងវិញ​ពី​ជំនួប​រវាង​លោក និង​អតីត​ប្រធានាធិបតី​អាមេរិក ប៊ី​ល គ្លី​ន​តុ​ន ដោយពេល​នោះ​លោក ពូ​ទីន លើកឡើង​ពី​លទ្ធភាព​ដែល​រុស្ស៊ី​អាច​ចូលរួម​ជាមួយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​។ លោក ពូ​ទីន ក៏បាន​រំឭក​ចម្លើយ​យល់ព្រម​របស់​អតីត​ប្រធានាធិបតី គ្លី​ន​តុ​ន ប៉ុន្តែ​ពេល​ដំណាលគ្នា​នេះ គណៈប្រតិភូ​របស់​អាមេរិក​បែរជា​នាំគ្នា​ភ័យ​ទៅវិញ ពេលឮ​លោក ពូ​ទីន បង្ហាញ​បំណង​ចង់​ធ្វើជា​សមាជិក​ណា​តូ​នោះ​។​



​ទោះ​រុស្ស៊ី និង​សម្ព័ន្ធ​យោធា​ណា​តូ​ជា​គូប្រជែង​យូរ​មកហើយ​ក្ដី ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន មាន​ម្ដង​នោះបាន​ប្រាប់​អតីត​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន ពី​បំណង​របស់​រុស្ស៊ី​ក្នុងការ​ក្លាយជា​សមាជិក​មួយ​រប​ស់​សម្ព័ន្ធ​យោធា​មាន​គោលដៅ​ការពារ​អឺរ៉ុប​មួយ​នេះ​។ បំណង​របស់លោក ពូ​ទីន មិនត្រូវ​បាន​លោក គ្លី​ន​តុ​ន បដិសេធ​ឡើយ ប៉ុន្តែ​បំណង​នេះ​ក៏​មិនបាន​ក្លាយជា​ការពិត​ដែរ ព្រោះ​អាមេរិក​ទំនងជា​មិន​ចង់​ចែក​អំណាច​ជាមួយ​រុស្ស៊ី​ឡើយ​។​

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នកដឹកនាំ​រឿង​អាមេរិក Oliver Stone ដែល​ត្រូវ​ចេញផ្សាយ​ជា​បន្តបន្ទាប់ ប្រធានាធិបតី ពូ​ទីន បាន​ប្រាប់​អ្នកដឹកនាំ​រឿង​រូបនេះ​ថា លោក​បាន​សួរនាំ​លោក គ្លី​ន​តុ​ន ជុំវិញ​បំណង​របស់​រុស្ស៊ី​ក្នុងការ​ចូលរួម​ជាមួយ​ណា​តូ អំឡុងពេល​ទស្សនកិច្ច​នៅ​មូ​ស្គូ​ក្នុង​ឆ្នាំ​២០០០ ។ បើតាម​លោក ពូ​ទីន អតីត​ប្រធានាធិបតី​អាមេរិក គ្លី​ន​តុ​ន ឆ្លើយថា ហេតុអ្វី​មិនបាន ប៉ុន្តែ​ខណៈនោះ មន្ត្រី​អាមេរិក​ផ្សេងទៀត​ប្រែប្រួល​ទឹកមុខ​ទៅវិញ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត​មាន Xinhua ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​យល់ថា ប្រតិភូ​អមដំណើរ​លោក គ្លី​ន តុ​ន ជ្រួលច្របល់ ព្រោះ​បើ​រុស្ស៊ី​ក្លាយជា​សមាជិក​ណា​តូ​មែន​នោះ រុស្ស៊ី​នឹងមាន​សំឡេង​មួយ​ក្នង​សម្ព័ន្ធ​យោធា​នេះ ហើយ​អាមេរិក​ក៏​មិន​អាចធ្វើ​អ្វី​តែ​បានដែរ​។ លោក​បន្តថា​៖ «​ដោយសារ​រឿងនេះ ទើប​មន្ត្រី​អាមេរិក​ជា​មិត្តភក្តិ​របស់​យើង មិន​អនុញ្ញាត​ឲ្យ​រុស្ស៊ី​ចូលរួម​ជាមួយ​សម្ព័ន្ធ​ណា​តូ ហើយ​សូម្បីតែ​គិត​ក៏​មិនបាន​ផង​»​។​

​បើទោះជា​ធ្លាប់​មានបំណង​ចង់​ក្លាយជា​សមាជិក​ណា​តូ​ក្ដី លោក ពូ​ទីន ក៏​មិន​ភ្លេច​រិះគន់​ណា​តូ ដែល​ចេះតែ​ពង្រីក​ឥទ្ធិពល​កាន់តែខ្លាំង​មកកាន់​តំបន់​អឺរ៉ុប​ខាងកើត​ដែល​ជាប់​ព្រំដែន​ជាមួយ​រុស្ស៊ី​។ លោក ប្រា​ប់លោក Stone ថា រុស្ស៊ី​នឹង​ឆ្លើយតប​សកម្មភាព​របស់​ណា​តូ​វិញ​ទៅតាម​ទិដ្ឋភាព​ជាក់ស្ដែង​ដើម្បី​រក្សា​តុល្យ​ភាពជា​យុទ្ធសាស្ត្រ ព្រោះ​ណា​តូ​ជា​អ្នក​បង្ខំ​ឲ្យ​រុស្ស៊ី​ចាត់វិធានការ​បែបនេះ​សម្រាប់​ការពារ​ខ្លួនឯង​ប៉ុណ្ណោះ​។​

​ទាំង​អាមេរិក ទាំង​រុស្ស៊ី សុទ្ធតែ​បាន​បន្ថែម​កម្លាំង​រៀងៗ​ខ្លួន​នៅ​ចាប់តាំងពី​តំបន់​អឺរ៉ុប​ប៉ែក​ខាងកើត ដល់ តំបន់​បាល់​ទិ​ក​។ ក្រៅពី​កម្លាំង​ទ័ព អាមេរិក បាន​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​សឹង​មួយ​ជុំ​រុស្ស៊ី​ទៅហើយ មិន​ថា​អឺរ៉ុប ឬ​រដ្ឋ​អា​ឡា​ស្កា​ឡើយ​។ ចំពោះ​លោក ពូ​ទីន ការពង្រឹង​កម្លាំង​របៀប​នេះ​គ្មាន​ន័យ​ឡើយ ហើយក៏​មិនដឹង​ពង្រាយ​ដើម្បី​ប្រឆាំង​អ្នកណា​ដែរ ដ្បិត​សហភាពសូវៀត​បាន​ដួលរលំ ឯ​អ៊ីរ៉ង់​វិញ​ក៏​សុខចិត្ត​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​អស់​ដែរ​៕ 


Tag:
 ​រុស្ស៊ី​
  អាមេរិក​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com