អន្តរជាតិ
ប្រធានាធិបតី​បារាំង ម៉ា​ក្រុង ថា ទ្វារ​អឺរ៉ុប​នៅតែ​ចំហ​ចាំ​អង់គ្លេស​
14, Jun 2017 , 8:39 pm        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស ថេរ៉េសា ម៉េយ៍ (រូបភាព AFP)
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស ថេរ៉េសា ម៉េយ៍ (រូបភាព AFP)
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ប្រាប់​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ ថា ទ្វារ​អឺរ៉ុប​នៅតែ​ចំហ​សម្រាប់​អង់គ្លេស ដរាបណា​ចរចា​ចាកចេញ​មិនទាន់​បញ្ចប់​ទេ​។ លោក ម៉ា​ក្រុង ក៏​បញ្ជាក់ដែរថា លោក​គោរព​ការសម្រេចចិត្ត​របស់​ប្រជាជន​អង់គ្លេស​ដែល​ចង់​ចាក​ចេញពី​អឺរ៉ុប ប៉ុន្តែ​បើ​ការចរចា​ចាប់ផ្ដើម​ហើយ​នោះ ការ​ត្រឡប់​វិល​វិញ​ក៏​ជា​រឿង​លំបាក​ដែរ​។ ក្នុងជំនួប​ថ្ងៃទី​១៣ ខែមិថុនា នៅ​ទីក្រុង​ប៉ារីស លោកស្រី ម៉េ​យ៍ ឆ្លើយ​វិញ​ថា ការចរចា​ចាកចេញ នឹងធ្វើ​ឡើង​តាម​គ្រោងទុក​។​



​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ បាន​ទៅ​ជួប​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ដល់​រដ្ឋធានី​ប៉ារីស​។ ទស្សនកិច្ច​របស់លោក​ស្រី ម៉េ​យ៍ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​អង់គ្លេស និង​បារាំង​ទើប​រៀបចំ​ការបោះឆ្នោត​សភា​ដូចគ្នា ហើយ​ទទួល​ជ័យជម្នះ​ដូចគ្នា​។ ចំណុច​ខុសប្លែកគ្នា គឺ​បក្ស​អភិរក្ស​របស់លោក​ស្រី ម៉េ​យ៍ មិន​ទទួលបាន​សំឡេង​ភាគច្រើន​ក្នុង​សភា​ឡើយ តែ​បក្ស​លោក ម៉ា​ក្រុង អាច​ដណ្ដើមបាន​អាសនៈ​ច្រើន​ក្នុង​សភា​។​

​សំណុំរឿង​ចរចា​លែងលះ​រវាង​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស នៅតែ​ជា​ប្រធានបទ​សំខាន់​ក្នុងជំនួប​រវាង​មេដឹកនាំ​ទាំងពីរ​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ប្រធានាធិបតី​បារាំង​កំពុងមាន​ប្រជាប្រិយភាព​ខ្ពស់ លោក ម៉ា​ក្រុង បានបង្ហាញ​ជំហរ​ចង់​ឲ្យ​អង់គ្លេស​បន្ត​ជា​សមាជិក​សហភាព​អឺរ៉ុប​ទៀត ប៉ុន្តែ​លោក​ក៏​ប្រាប់​ឲ្យ​អង់គ្លេស​ត្រូវ​សម្រេចចិត្ត​ឲ្យ​ច្បាស់​មុន​ការចរចា​លែងលះ​ត្រូវបាន​បញ្ចប់ ដើម្បី​កុំ​ឲ្យ​លំបាក​នៅ​ថ្ងៃក្រោយ​។​

​ក្នុង​សន្និសីទកាសែត​នៅ​វិមាន Elysee លោក ម៉ា​ក្រុង និយាយ​ច្បាស់ៗ​ត្រង់ៗ​ថា ទ្វារ​អឺរ៉ុប​នៅតែ​បើកចំហរ​សម្រាប់​អង់គ្លេស​ដដែល បើ​អង់គ្លេស​ចង់​វិល​វិញ​បន្ត​ជា​សមាជិក​សហភាព​អឺរ៉ុប​។ ដោយមាន​លោកស្រី​នាយករដ្ឋមន្ត្រី ម៉េ​យ៍ ឈរ​ក្បែរ ប្រធានាធិបតី​ថ្មីថ្មោង​រូបនេះ បន្តទៀតថា ក្នុងករណី​ដំណើរការ​លែងលះ​មិនទាន់​ចប់​ទេនោះ លទ្ធភាព​នៃ​ការ​ត្រឡប់ក្រោយ​នៅតែមាន ប៉ុន្តែ​វា​នឹងមិន​ងាយស្រួល​ឡើយ​។​

​យ៉ាងណាក្ដី បំណង​របស់​ប្រធានាធិបតី​បារាំង ហាក់​មិនត្រូវ​បានទទួល​យក​ដោយ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ឡើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​សន្និសីទ​រួមគ្នា​ខាងលើ លោកស្រី ម៉េ​យ៍ បាន​សង្កត់ធ្ងន់​ពី​ជំហរ​របស់​អង់គ្លេស​ក្នុងការ​អនុវត្តតាម​កា​ល​បរិច្ឆេទ​ដែល​កំណត់​បាន​ពេលវេលា​ចរចា​លែងលះគ្នា​នេះ​។ បើតាម​គម្រោង ក្រុង​ឡុង​ដ៍ និង​ក្រុង​ព្រុ​ច​សែ​ល នឹង​ចាប់ផ្ដើម​ការចរចា​នៅ​សប្ដាហ៍​ក្រោយ ហើយ​ភាគី​ទាំងពីរ​មាន​រយៈពេល​ពីរ​ឆ្នាំ​ដើម្បី​សម្រេច​ឲ្យ​បាន​លក្ខខណ្ឌ​លែងលះ​សមស្រប​។​

​រឿង​គួរ​ឲ្យ​កត់សម្គាល់​នោះ លោកស្រី ម៉េ​យ៍ ទើប​រង​បរាជ័យ​ក្នុងការ​ប្រមូល​អំណាច​ដើម្បី​ចរចា​លែងលះ​នេះ​។ លទ្ធផល​បោះឆ្នោត​ថ្ងៃទី​៨ ខែមិថុនា បង្ហាញ​ពី​ការធ្លាក់ចុះ​ប្រជាប្រិយភាព​របស់​ក្រុម​អភិរក្ស ដែល​មិនអាច​ប្រមូល​សំឡេង​ភាគច្រើន​ក្នុង​សភា​បាន​។ ដោយ​គ្មាន​សំឡេង​គ្រប់គ្រាន់ លោកស្រី ម៉េ​យ៍ ត្រូវ​ប​បង្ខំចិត្ត​ចងសម្ព័ន្ធភាព​ជាមួយ​បក្ស​តូច​មួយ​ដើម្បី​បង្គ្រប់​សំឡេង​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​។ កាន់តែ​សំខាន់ រឿងនេះ ក៏​នឹង​ប៉ះពាល់​ដល់​ដំណើរ​ការចរចា​ជាមួយ​អឺរ៉ុប​ផងដែរ​៕


Tag:
 អឺរ៉ុប​
  បារាំង​
  អង់គ្លេស​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  ថេ​រ៉េ​សា ម៉េ​យ៍
© រក្សាសិទ្ធិដោយ thmeythmey.com