អន្តរជាតិ
ក្រោយ​បាន​ប៉ា​ណា​ម៉ា ចិន​ដាក់​សម្ពាធ​លើ​ប្រទេស​៥​ទៀត​ឲ្យ​ទម្លាក់​កម្រិត​ការទូត​ជាមួយ​តៃវ៉ាន់​
15, Jun 2017 , 7:39 pm        
រូបភាព
​ចិនដីគោក ទើបតែ​ទទួលជោគជ័យ​ថ្មី​មួយ​ក្នុង​សង្គ្រាម​ការទូត​ជាមួយ​កោះ​តៃវ៉ាន់ ដោយបាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​ប៉ា​ណា​ម៉ា​ដែលជា​មិត្តភក្តិ​យូរ​ឆ្នាំ​របស់​តៃវ៉ាន់​។ បន្ទាប់ពី​ទទួលបាន​ប៉ា​ណា​ម៉ា ចិន​កំពុង​ដាក់​សម្ពាធ​លើ​មិត្តភក្តិ​របស់​តៃវ៉ាន់​ចំនួន​ប្រាំ​ប្រទេស​ទៀត​ឲ្យ​បន្ថយ​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការបរទេស​តៃវ៉ាន់​នៅ​ថ្ងៃទី​១៥ ខែមិថុនា ដោយបាន​ហៅ​សកម្មភាព​របស់​ចិន​ជា​ទង្វើ​ព្រហើន​ទៀតផង​។​



​ក្រសួងការបរទេស​តៃវ៉ាន់​ប្រកាសថា ចិន​បានដាក់​គំនាប​ខ្លាំង​លើ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត បា​រ៉ែ​ន អេ​ក្វា​ឌ័​រ ហ្ស៊​កដា​នី និង​នី​ហ្សេ​រី​យ៉ា ឲ្យ​ទម្លាក់​កម្រិត​ការទូត​ជាមួយ​តៃវ៉ាន់​។ ការដាក់​គំនាប​នេះ​ធ្វើឡើង ក្រោយ​ប៉ា​ណា​ម៉ា​សម្រេចចិត្ត​ផ្ដាច់ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ហើយ​ងាក​ទៅ​ចងសម្ព័ន្ធភាព​ជាមួយ​ចិន​វិញ​នៅ​ថ្ងៃទី​១៤ ខែមិថុនា​។ មិន​ត្រឹមតែ​ភ្ជាប់​ចំណង​ការទូត​ឡើយ ប៉ា​ណា​ម៉ា ក៏​ទទួលស្គាល់​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​ផងដែរ​។​

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ស្រង់សេចក្ដី​ថ្លែងការណ៍​ក្រសួងការបរទេស​តៃវ៉ាន់ ចិន​បានស្នើ​ឲ្យ​ប្រទេស​ទាំង​៥ ប្ដូរ​ឈ្មោះ​ការិយាល័យ​តំណាង​តៃវ៉ាន់​នៅតាម​ប្រទេស​ទាំងនោះ ហើយ​ប្រើប្រាស់​ឈ្មោះ​ផ្សេង​វិញ​ដូចជា «​ការិយាល័យ​ពាណិជ្ជកម្ម​តៃវ៉ាន់​» ជំនួស​ឲ្យ​ពាក្យ «​ការិយាល័យ​ពាណិជ្ជកម្ម​សាធារណរដ្ឋ​ចិន​»​។ នេះ​ក៏​ព្រោះតែ​សាធារណរដ្ឋ​ចិន​ជា​ឈ្មោះ​ផ្លូវការ​របស់​តៃវ៉ាន់ ចាប់តាំងពី​ក្រុម​ជាតិនិយម​កាន់អំណាច​នៅ​ដីគោក​រហូត​ដល់ពេលរ​ត់​ភៀសខ្លួន​ទៅ​កោះ​តៃវ៉ាន់​។​

​ការផ្លាស់ប្ដូរ​ឈ្មោះ​ដោយ​មិនមាន​ពាក្យ​សាធារណរដ្ឋ​ចិន គឺជា​ការទម្លាក់​ទំនាក់ទំនង​ការទូត ហើយក៏​មានន័យ​ស្មើនឹង​ការមិនទទួលស្គាល់​អធិប​តេ​យ្យ​របស់​តៃវ៉ាន់​ដែរ​។ ចិន ដែល​តាំងពីដើម​មក​មិនដែល​រអា​នឹង​ការប្រើ​កម្លាំង​ដើម្បី​គ្រប់គ្រង​តៃវ៉ាន់ ហាក់​បង្កើន​យុទ្ធនាការ​ការទូត​យ៉ាងខ្លាំង​សំដៅ​បិទ​ដង្ហើម​របស់​តៃវ៉ាន់ តាមរយៈ​ការអូសទាញ​ប្រទេស​ណា​ដែលមាន​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ឲ្យ​មក​ធ្វើ​មិត្ត​ជាមួយ​ខ្លួន​វិញ​។​

​ទាំង​ចិន ទាំង​តៃវ៉ាន់ សុទ្ធតែ​បាន​ចំណាយលុយ​រៀងៗ​ខ្លួន​ក្នុង​សង្គ្រាម​ការទូត​នេះ បើទោះជា​តៃវ៉ាន់​ធ្លាប់​ប្រកាសថា​ខ្លួន​នឹងមិន​លេងល្បែង​ទឹកប្រាក់​ជាមួយ​ចិន​ក្ដី​។ ប៉ុន្តែ​ចិន​ដែលជា​មហាអំណាច​សម្បូរ​លុយ ពិតជា​អាច​ទាក់ទាញ​ប្រទេស​នានា​មក​ធ្វើ​មិត្ត​ជាមួយ​ខ្លួន​បាន​យ៉ាង​ងាយ​។ សូមបញ្ជាក់ថា ក្រោម អាណត្តិ​ប្រធានាធិបតី ថៃ អ៊ីង​វិ​ន (Tsai Ing-wen) ប៉ា​ណា​ម៉ា ជា​ប្រទេស​ទី​ពីរ ដែល​ផ្ដាច់ ចំណង​ការ ទូត​ជាមួយ​តៃវ៉ាន់ បន្ទាប់ពី​សៅ​តូ​ម៉េ និង​ប្រាំង​ស៊ី​ប​។​

​មកទល់ពេលនេះ មិនមាន​ប្រទេស​ច្រើន​ឡើយ​ដែល​ស្ម័គ្រស្មោះ​ជាមួយ​តៃវ៉ាន់​។ ប្រទេស​ទាំងនោះ​ភាគច្រើន​ប្រទេស​ក្រី​ក្រី​មកពី​តំបន់​អាមេរិក​ឡាទីន អាហ្វ្រិក និង​បណ្ដា​កោះ​តូចៗ​ខ្លះទៀត​។ ទាំង​តូច ទាំង​មិនសូវមាន​លុយ​ចាយ​ដូច​ចិនដីគោក កោះ​តៃវ៉ាន់​ប្រឈមមុខ​នឹង​ការបាត់បង់​ប្រទេស​ជា​មិត្ត​កាន់តែខ្លាំង ដ្បិត​ចិន​មិន​ខ្លាច​ជះ​លុយ​ដើម្បី​ធ្វើ​ឲ្យ​តៃវ៉ាន់​កាន់តែ​ឯកោ ហើយ​ទទួលស្គាល់ថា​ខ្លួន​ជា​ផ្នែក​មួយ​របស់​ដីគោក​ឡើយ​៕  


Tag:
 ចិន​
  តៃវ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com