អន្តរជាតិ
យោធា​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​ការពារ​កោះ Dokdo ដែលមាន​ជម្លោះ​ជាមួយ​ជប៉ុន​
15, Jun 2017 , 8:39 pm        
រូបភាព
កោះ Dokdo ឬកោះ Takeshima ដែលកំពុងគ្រប់គ្រងដោយកូរ៉េខាងត្បូង និងទាមទារដោយជប៉ុន (រូបភាព Xinhua)
កោះ Dokdo ឬកោះ Takeshima ដែលកំពុងគ្រប់គ្រងដោយកូរ៉េខាងត្បូង និងទាមទារដោយជប៉ុន (រូបភាព Xinhua)
​យោធា​ជើង​ទឹក​កូរ៉េខាងត្បូង បានប្រកាស​ពី​គម្រោង​ធ្វើ​សមយុទ្ធ​មួយ​នៅ​កោះ Dokdo ដែលមាន​ទីតាំងនៅ​ភាគ​ខាងកើត​បំផុត និង​ជា​កោះ​កំពុង​ទាមទារ​ដោយ​ជប៉ុន​។ សមយុទ្ធ​ការពារ​នេះ ចាប់ផ្ដើម​ថ្ងៃទី​១៥ ខែមិថុនា ដោយមាន​ការចូលរួម​ពី​នាវាចម្បាំង​ជាច្រើន​គ្រឿង​មកពី​កងទ័ពជើងទឹក​កូរ៉េខាងត្បូង​។ កោះ Dokdo នេះ គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ​ដែល​រារាំង​ដល់​ការកសាង​ទំនាក់ទំនង​ល្អប្រសើរ​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន​។​



​ជា​លើកទីមួយ​នៃ​រដ្ឋបាល​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន កងទ័ព​កូរ៉េខាងត្បូង នឹងធ្វើ​សមយុទ្ធ​មួយ​ដោយ​ចាប់ផ្ដើម​នៅថ្ងៃនេះ​។ កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង​ប្រកាសថា ខ្លួន​នឹងធ្វើ​សមយុទ្ធ​រយៈពេល​ពីរ​ថ្ងៃ ដែល​សំដៅ​ការពារ​កោះ Dokdo ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ជប៉ុន​។ នេះ គឺជា​សមយុទ្ធ​ការពារ​ប្រចាំឆ្នាំ ដែល​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​១៩៨៦ មក ហើយ​សមយុទ្ធ​នេះ តែង​ធ្វើឡើង​ពីរដង​ក្នុង​មួយឆ្នាំ​ដើម្បី​ការពារ​កោះ Dokdo ។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង ចាត់ទុក​សមយុទ្ធ​នេះ​ជាការ​ប្រុងប្រៀប​ការពារ​អធិបតេយ្យ​របស់ខ្លួន​ពី​ការគំរាមកំហែង​ខាងក្រៅ​។ បើទោះជា​មិន​និយាយ​ចំ​ក៏ដោយ គេ​យល់ច្បាស់​ណាស់​ថា ការគំរាមកំហែង​ខាងក្រៅ គឺ​សំដៅ​ជប៉ុន​តែម្ដង​។ ក្រុង​តូ​ក្យូ បានទាមទារ​កម្មសិទ្ធិ​គ្រប់គ្រង​កោះ Dokdo ដែល​ស្ថិតក្នុង​សមុទ្រ​ខាងកើត ហើយ​ដែល​បច្ចុប្បន្ន​កំពុងស្ថិត​ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុង​សេ​អ៊ូ​ល​។​

​នៅក្នុង​សមយុទ្ធ​លើក​នេះ កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង បាន​បញ្ជូន​នាវា​ពិឃាត​មួយគ្រឿង​មាន​ទម្ងន់ ៣២០០​តោន កប៉ាល់​៦​គ្រឿង​។ ក្រៅពី​កប៉ាល់​ទាំង​៧​គ្រឿង យោធា​កូរ៉េខាងត្បូង​ក៏​ពង្រាយ​យន្តហោះ​៤​គ្រឿង​ផ្សេងទៀត​ដែរ ក្នុងនោះ​ក៏មាន​យន្តហោះ​ចម្បាំង​ធុន F-15K មួយគ្រឿង និង​យន្តហោះ​ល្បាត P-3C Orion មួយ​គ្រឿ​ដែរ​។ មន្ត្រី​ជើង​ទឹក​កូរ៉េខាងត្បូង​និយាយថា សមយុទ្ធ​លើក​នេះ គឺ​មិន​ខុសពី​លំ​ហាត់​លើក​មុន​ដែរ​។​

​ដោយឡែក​ជប៉ុន​ឯណោះ ក៏​មិន​សប្បាយចិត្ត​អ្វី​ឡើយ ពេល​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​ការពារ​កោះ​ដែល​ខ្លួន​ទាមទារ​នោះ​។ ជប៉ុន​បាន​ប្រឆាំង​ផែនការ​រៀបចំ​សមយុទ្ធ​នេះ​ជា​យូរ​មកហើយ​។ អំឡុង​ខែមីនា រដ្ឋមន្ត្រីការបរទេស​ជប៉ុន ហ្វ៊ូមី​អូ គី​ស៊ី​ដា (Fumio Kishida) បាន​និយាយ​ជា​ចំហ​ថា ជប៉ុន​មិនអាច​ទទួលយក​សមយុទ្ធ​បែបនេះ​ឡើយ ហើយ​ជប៉ុន​ពិតជា​សោកស្ដាយ​ណាស់ ព្រោះ​ជប៉ុន​ជា​អ្នក​ទាមទារ​កម្មសិទ្ធិ​កោះ Dokdo ដែរ​។​

​កោះ Dokdo ជា​ឈ្មោះ​ហៅ​តាម​ភាសា​កូរ៉េ ឯ​ជប៉ុន​វិញ​ហៅ​កោះ​នេះ​ថា Takeshima ។ ប្រទេស​ទាំងពីរ​សុទ្ធ​មាន​អំណះអំណាង​រៀងៗ​ខ្លួន​ដើម្បី​ទាមទារ​កម្មសិទ្ធិ ប៉ុន្តែ​កង​ឆ្នាំ​ការពារ​ឆ្នេរ​កូរ៉េខាងត្បូង​ចូល​គ្រប់គ្រង​កោះ​នេះ​តាំងពី​ឆ្នាំ​១៩៥៤ ។ កូរ៉េខាងត្បូង​លើកឡើងថា​ជប៉ុន​ទទួលស្គាល់​នេះ​ជា​ទឹកដី​កូរ៉េខាងត្បូង​តាំងពី​ឆ្នាំ​១៦៩៦ មកម្ល៉េះ ឯ​ជប៉ុន​វិញ​បាន​ត្រឹម​ចោទ​កូរ៉េខាងត្បូង​ថា កំពុង​គ្រប់គ្រង​ទឹកដី​របស់ខ្លួន​ដោយ​ខុសច្បាប់​ប៉ុណ្ណោះ​៕ 
  


Tag:
 កូរ៉េខាងត្បូង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com