អន្តរជាតិ
លោក ពូ​ទីន ទុក​ឲ្យ​ប្រជាជន​រុស្ស៊ី​សម្រេចចិត្តថា​នរណា​ជា​ប្រធានាធិបតី​
16, Jun 2017 , 7:39 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងកម្មវិធីឆ្លើយសំណួរប្រចាំឆ្នាំ (រូបភាពគេហទំព័រប្រធានាធិបតីរុស្ស៊ី)
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងកម្មវិធីឆ្លើយសំណួរប្រចាំឆ្នាំ (រូបភាពគេហទំព័រប្រធានាធិបតីរុស្ស៊ី)
​តើ​លោក​នឹង​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី ឬទេ​នៅ​ឆ្នាំក្រោយ​? នេះ​ជា​សំណួរ​ចាក់​ដោត​មួយ​ក្នុងចំណោម​សំណួរ​ជាច្រើន​ដែល​សួរ​ទៅកាន់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ពី​សំណាក់​ប្រជាជន​រុស្ស៊ី​នាឱកាស​កម្មវិធី​សំណួរ​និង​ចម្លើយ​ប្រចាំឆ្នាំ​នៅ​ថ្ងៃទី​១៥ ខែមិថុនា​។ លោក ពូ​ទីន មិនបាន​ឆ្លើយ​ចំ​សំណួរ​ទេ តែ​ឆ្លើយ​ពង្វាង​ថា​ប្រជាជន​រុស្ស៊ី​នឹង​សម្រេចចិត្តថា​នរណា​ជា​ប្រធានាធិបតី​។ នាឱកាស​នោះ លោក​ក៏បាន​ឆ្លើយ​សំណួរ​ច្រើន​ទៀត​ទាក់ទង​បញ្ហា​ក្នុងស្រុក នយោបាយ​ការបរទេស និង​បញ្ហា​ទាក់ទង​គ្រួសារ​របស់លោក​ផងដែរ​។​



​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចំណាយពេល​ជិត​បួន​ម៉ោង​ក្នុងការ​ឆ្លើយតប​នឹង​សំណួរ​ជិត​៧០ ក្នុង​កម្មវិធី​សួរ​ឆ្លើយ​ប្រចាំឆ្នាំ​នៅ​ថ្ងៃទី​១៥ ខែមិថុនា​។ ច្រើនជាង​ពាក់កណ្ដាល​នៃ​សំណួរ​ទាំងអស់ ជា​ចម្ងល់​របស់​ប្រជាជន​រុស្ស៊ី​ទាក់ទង​បញ្ហា​សង្គម និង​សេដ្ឋកិច្ច ខណៈ​មាន​សំណួរ​ចំនួន​៧ ទាក់ទង​បញ្ហា​អន្តរជាតិ​ដូចជា​អាមេរិក អ៊ុយ​ក្រែ​ន និង​ស៊ី​រី​ជាដើម​, សំណួរ​ចំនួន​២ ស្ដីពី​បញ្ហា​បរិស្ថាន និង​មាន​សំណួរ​៤ ទាក់ទង​បញ្ហា​ក្នុងស្រុក​ផ្សេងៗ​។​

១. ប្រជាជន​រុស្ស៊ី​នឹង​សម្រេច​ថា នរណា​ជា​ប្រធានាធិបតី​

​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៨ គឺជា​ប្រធានបទ​សំខាន់​មួយ​ក្នុងការ​ឆ្លើយឆ្លង​សំណួរ​លើក​នេះ ហើយ​សំណួរ​ដែល​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រូវ​ឆ្លើយ គឺ​នរណា​នឹង​ក្លាយជា​ប្រធានាធិបតី​រុស្ស៊ី​។ ជា​សំណួរ​ដែល​អាច​ដឹង​ចម្លើយ​ជាមុន តែ​លោក ពូ​ទីន មិនបាន​ផ្ដល់​ចម្លើយ​ទេ ដោយ​លោក​បាន​ត្រឹម​ឆ្លើយថា ប្រជាជន​រុស្ស៊ី​នឹង​សម្រេចចិត្ត​ដោយ​ខ្លួនឯង បើទោះជា​លោក​មាន​បេក្ខជន​ដែល​លោក​ពេញចិត្ត​ក៏ដោយចុះ​។​

​ការលើកឡើង​របស់លោក ពូ​ទីន ធ្វើឡើង ចំពេល​ដែ​លោក​ផ្ទាល់​មិនទាន់​បង្ហាញ​ជំហរ​ច្បាស់លាស់​ថា​លោក​នឹងចូលរួម​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ​ឬ​អត់​ទេ​។ ប៉ុន្តែ​នៅ​ចុងបញ្ចប់​កម្មវិធី​មានឈ្មោះ​ថា​ការជជែក​ផ្ទាល់​ជាមួយ​ប្រធានាធិបតី​នៅ​ឆ្នាំនេះ ប្រជាជន​រុស្ស៊ី​ក៏បាន​សួរ​លោក​ថា នឹងមាន​កម្មវិធី​នេះ​ជាមួយ​រូបលោក​ទៀត​ឬទេ​នៅ​ឆ្នាំក្រោយ​។ លោក ពូ​ទីន ដែល​កាន់តំណែង​ប្រធានាធិបតី​ចំនួន​បី​អាណត្តិ​មកហើយ ក៏​ឆ្លើយ​ថាបើ​លោក​ជាប់ កម្មវិធី​ជជែក​ផ្ទាល់​នេះ​នឹងមាន​ទៀត​។​

​បើតាម​សារព័ត៌មាន RT លោក​ប្រធានាធិបតី ពូ​ទីន ក៏​បង្ហើប​ដែរ​ថា លោក​មិន​យល់​ទាស់​អ្វី​ទេ​ចំពោះ​មេដឹកនាំ​កាន់អំណាច​យូរ​ឆ្នាំ​នោះ សំខាន់​ឲ្យ​តែ​ស្របតាម​ច្បាប់​ទៅបាន​ហើយ​។ ចំពោះ​លោក ពូ​ទីន ការ​កាន់តំណែង​យូរ គឺជា​រឿង​ធម្មតា ឲ្យ​តែ​ការ​កាន់តំណែង​នេះ​ធ្វើឡើង​តាម​យន្តការ​ប្រជាធិបតេយ្យ និង​ច្បាប់​របស់​ប្រទេស​នោះ​។ លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅក្រោយ​បញ្ចប់​កម្មវិធី​ទៀតថា នៅ​រុស្ស៊ី មិនទាន់មាន​នរណា​ល្មើសច្បាប់​នៅឡើយ​ទេ​។​

​សព្វថ្ងៃនេះ លោក ពូ​ទីន កំពុង​កាន់តំណែង​ប្រធានាធិបតី​ក្នុង​អាណត្តិ​ទី​បី​។ ប៉ុន្តែ​ច្បាប់រដ្ឋធម្មនុញ្ញ​រុស្ស៊ី​ចែងថា គ្មាន​នរណា​អាច​កាន់តំណែង​ប្រធានាធិបតី​លើសពី​ពីរ​អាណត្តិ​ឡើយ​។ ដោយ​រឿងនេះ ទើប​ក្នុង​ឆ្នាំ​២០០៨ លោក ពូ​ទីន ដែល​ពេលនោះ​កំពុងកាន់​តំណែង​ក្នុង​អាណត្តិ​ទី​ពីរ បាន​គាំទ្រ​លោកនាយក​រដ្ឋមន្ត្រី ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ ជា​ប្រធានាធិបតី មុនពេល​ឈរ​ជា​បេក្ខជន​ប្រធានាធិបតី​ម្ដងទៀត​ក្នុង​ឆ្នាំ​២០១២ ។

២. ពូ​ទីន មិន​ចង់​ឲ្យ​កូនចៅ​របស់លោក​ទទួល​បានការ​យកចិត្តទុកដាក់​ដូច​រាជវង្ស​ឡើយ

​ក្រៅពី​រឿង​នយោបាយ​សំខាន់ៗ ប្រធានាធិបតី​រុស្ស៊ី​ក៏បាន​ទទួលបាន​សំណួរ​ទាក់ទង​បញ្ហា​គ្រួសារ​របស់លោក​ផងដែរ​។ តាំងពីដើម​មក​នោះ លោក ពូ​ទីន កម្រ​នឹង​លើកយក​បញ្ហា​គ្រួសារ​មក​និយាយ​ជា​សាធារណៈ​ណាស់ ខណៈ​កូន និង​ចៅៗ​របស់លោក​រស់នៅក្នុង​ជីវិត​អាថ៌កំបាំង ហើយ​កម្រ​បង្ហាញមុខ​ណាស់ដែរ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា ពួកគេ​ក៏​ទទួលបាន​ការការពារ​ពី​សំណាក់​ភ្នាក់ងារ​ពិសេស​ក្នុងនាម​ពួកគេ​ជា​គ្រួសារ​ប្រធានាធិបតី​។​

​លោក ពូ​ទីន បាន​ពន្យល់ថា លោក​មិន​ចង់​ឲ្យ​កូនស្រី និង​ចៅ​របស់លោក​រស់នៅ​ដូចជា​សមាជិក​រាជវង្ស​ឡើយ តែ​លោក​ចង់​ឲ្យ​ពួកគេ​ធំធាត់​ដូច​មនុស្ស​ធម្មតា ហើយ​ពួកគេ​ក៏ត្រូវ​ការទំនាក់ទំនង​ជាមួយ​ក្មេងៗ​ដទៃទៀត​ដែរ​។ បើតាម​សម្ដី​ប្រធានាធិបតី​រូបនេះ ប្រសិន​គេ​ដឹង​ពី​ឈ្មោះ និង​អាយុ​ពួកគេ អត្តសញ្ញាណ​របស់​ពួកគេ​ត្រូវ​គេឯង​ស្គាល់​ជា​សាធារណៈ ហើយ​ពួកគេ​នឹង​ទទួល​ការរំខាន ឬក៏​មិនអាច​រស់នៅ​ដោយ​ស្ងប់ស្ងៀម​ដែរ​។​

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ផលិតករ​អាមេរិក Oliver Stone លោក ពូ​ទីន ក៏បាន​ទម្លាយ​ព័ត៌មាន​ថា លោក​ក្លាយជា​ជីតា​។ ប្រធានាធិបតី​រុស្ស៊ី​និយាយទៀតថា ចៅប្រុស​ទី​ពីរ​របស់លោក​ក៏​ទើប​ចាប់កំណើត​ថ្មីៗ​នេះដែរ​។ នេះ គឺជា​រឿង​ចម្លែក​ដែល​លោក ពូ​ទីន ទម្លាយ​រឿងរ៉ាវ​ក្នុង​គ្រួសារ ដែល​ធ្លាប់តែ​លាក់បាំង​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​។​

៣. ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក ជា​រឿង​មិនគួរ​ភ្ញាក់ផ្អើល​

​ក្នុងចំណោម​សំណួរ​ទាំងអស់ ដែល​លោក ពូ​ទីន ចំណាយពេល​ដល់​ទៅ​៣​ម៉ោង និង​៥៦​នាទី​ដើម្បី​ឆ្លើយ ក៏មាន​សំណួរ​ទាក់ទង​ជាមួយ​ទណ្ឌកម្ម​អាមេរិក​ដែរ​។ យ៉ាងណាក្ដី លោក​ប្រធានាធិបតី ពូ​ទីន មិន​ភ្ញាក់ផ្អើល​ទណ្ឌកម្ម​ថ្មី​ដែល​ទើប​អនុម័ត​ដោយ​ព្រឹទ្ធសភា​អាមេរិក​ឡើយ ដោយ​លោក​និយាយថា​ទណ្ឌកម្ម​ថ្មី​នេះ​ជា​ធ្វើឡើង​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​ឡើយ​។ លោក​បែរជា​ចាត់ទុក​ទណ្ឌកម្ម​នេះ ជា​ជម្លោះផ្ទៃក្នុង​នៅ​អាមេរិក​ទៅវិញ​។​

​ប្រធានាធិបតី​រុស្ស៊ី​សង្កត់ធ្ងន់ថា រុស្ស៊ី​ស្ថិតក្រោម​ទណ្ឌកម្ម​របស់​បស្ចិមប្រទេស ព្រោះ​រុស្ស៊ី​ជាន់​ជើង​លោកខាងលិច​លើ​ឆាក​អន្តរជាតិ ហើយ​ទណ្ឌ​កម្មនេះ​ក្លាយជា​ឧបករណ៍​សម្រាប់​ការប្រកួតប្រជែង​ក្នុង​វិស័យសេដ្ឋកិច្ច​ផងដែរ​។ សម្រាប់​លោក ពូ​ទីន ក្រុម​លោកខាងលិច នឹង​រក​ផ្លូវ​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ទោះជា​គ្មាន​បញ្ហា​នៅ​គ្រី​មៀ ឬ​បញ្ហា​ផ្សេងទៀត​ក្ដី​។ ពោល គឺ​ពួកលោក​ខាងលិច​នឹង​បង្កើត​បញ្ហា​ដើម្បី​ដាក់ទណ្ឌកម្ម​ទាល់តែ​បាន​៕


Tag:
 អឺរ៉ុប​
  រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com