កីឡាអន្តរជាតិ
អន្តរជាតិ
Usain Bolt បញ្ចុះបញ្ចូលឲ្យ Sanchez ចេញពី Arsenal ទៅ Man Utd
× កំពូលអ្នករត់ប្រណាំងពិភពលោក Usain Bolt ណែនាំ Alexis Sanchez ឲ្យបោះបង់ចោលក្រុមកាំភ្លើងធំ Arsenal ហើយទៅចូលរួមជាមួយ Manchester United វិញ។
ខ្សែប្រយុទ្ធសញ្ជាតិស៊ីលី វ័យ២៨ឆ្នាំរូបនេះ នឹងផុតកិច្ចសន្យាជាមួយ Arsenal នៅរដូវក្តៅខាងមុខនេះ ហើយរូបគេក៏មិនទាន់សម្រេចចិត្តថាត្រូវបន្ត ឬចាកចេញពីទឹកដី Emirates រឺយ៉ាងណាទេ ស្របពេលដែលក្រុមក្នុងក្របខណ្ឌ Premier League មួយនេះក៏មិនមានកៅអីនៅ UEFA Champion League រដូវកាលក្រោយផងដែរនោះ។
ដោយមើលឃើញថា អតីតសមាជិកក្រុម Barcelona នេះនៅស្រពេចស្រពិលពីអានាគតខ្លួននោះ ម្ចាស់មេដាយមាសវិញ្ជាសារត់ប្រណាំងអូឡាំពិក Usain Bolt បានបញ្ចុះបញ្ចូលរូបគេឲ្យទៅចូលរួមក្នុងទឹកដី Old Trafford វិញ នៅរដូវកាលក្រោយនេះ។
ស្តេចល្បឿនសញ្ជាតិចាម៉ៃការ វ័យ៣០ឆ្នាំរូបនេះបានប្រាប់ Fox Sport Vivo ថា៖«ខ្ញុំដឹងថាគាត់លេងឱ្យ Arsenal ប៉ុន្តែគាត់គួរតែចាកចេញ។ គាត់នឹងរឹតតែអស្ចារ្យថែមទៀតបើគាត់ទៅចូលរួមជាមួយ Man Utd ហើយគាត់ជាកីឡាករដែលពូកែគ្រប់គ្រងបាល់ និងតែងតែបង្កើតឱកាសស្ទើគ្រប់ការប្រកួត»។
ម្ចាស់ជើងឯករត់ប្រណាំងចម្ងាយ១០០ និង២០០ម៉ែត្រនេះ គឺជាអ្នកគាំទ្រផ្តាប់មុខមួយរូបរបស់ក្រុម Manchester United នេះយូរមកហើយ ហើយកាលពីថ្មីៗនេះក៏លេចលឺថារូបគេចង់ចូលនិវត្តន៍ពីជាជីពរត់ប្រណាំងទៅធ្វើជាកីឡាករបាល់ទាត់ និងចង់លេងក្រោមការគ្រប់គ្រងរបស់អ្នកចាត់ការទូទៅលោក Jose Mourinho ថែមទៀតផង៕
Tag:
បាល់ទាត់
Usain Bolt
Alexis Sanchez
© រក្សាសិទ្ធិដោយ thmeythmey.com