អន្តរជាតិ
ប្រធានាធិបតី ពូ​ទីន ថា អាមេរិក​តែងតែ​លូកលាន់​កិច្ចការ​បោះឆ្នោត​រុស្ស៊ី​
16, Jun 2017 , 8:39 pm        
រូបភាព
​ធ្លាប់តែ​រង​ការចោទប្រកាន់ថា​បាន​លូកលាន់​ការបោះឆ្នោត​អាមេរិក ពេលនេះ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បែរជា​និយាយថា​រុស្ស៊ី​រងគ្រោះ​ដោយសារ​អាមេរិក​កកូរ​កកាយ​កិច្ចការ​បោះឆ្នោត​របស់ខ្លួន​ទៅវិញ​។ លោក ពូ​ទីន បាន​ប្រាប់​អ្នកដឹកនាំ​រឿង​អាមេរិក Oliver Stone ថា អាមេរិក​តែង​បាន​លូកលាន់​កិច្ចការ​បោះឆ្នោត​រុស្ស៊ី​រហូត សូម្បីតែ​ការបោះឆ្នោត​ឆ្នាំ​២០១២​ក្ដី​។ មិន​ត្រឹមតែ​រុស្ស៊ី​ឡើយ សូម្បី​ប្រទេស​អតីត​សហភាពសូវៀត ក៏​រងគ្រោះ​ដូចគ្នា​ដែរ​។​



​សំណុំរឿង​រុស្ស៊ី​លូកលាន់​ការបោះឆ្នោត​នៅ​អាមេរិក​ដែល​លោក ដូ​ណា​ល់ ត្រាំ ឈ្នះឆ្នោត​ជា​ប្រធានាធិបតី កំពុងតែ​ក្ដៅគគុក​នៅឡើយ​។ ដោយសារ​រឿងនេះ ប្រធាន FBI ជេ​ម​ស៍ ខូ​មី ត្រូវអស់​តំណែង និង​ត្រូវ​សភា​ហៅ​ទៅ​សួរចម្លើយ រដ្ឋមន្ត្រី​យុត្តិធម៌ Jeff Sessions ក៏ត្រូវ​ចូលខ្លួន​បំភ្លឺ ឯ​ទីប្រឹក្សា​ជាន់ខ្ពស់ Jared Kushner ជា​កូនប្រសា​រលោក ត្រាំ ក៏មាន​ឈ្មោះ​ជាប់​ពាក់ព័ន្ធ ខណៈ​លោក​ប្រធានាធិបតី ត្រាំ ផ្ទាល់​ក៏​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ទៅទៀត​។​

​ខណៈដែល​ការស៊ើបអង្កេត​កំពុង​ធ្វើឡើង​ដោយ​រដ្ឋអាជ្ញា​ពិសេស នៅ​រុស្ស៊ី​ឯណោះ ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បែរជា​ប្រកាសថា អាមេរិក​ក៏បាន​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​រុស្ស៊ី​ដែរ​។ បើតាម​សារព័ត៌មាន Sputnik លោក ពូ​ទីន បាន​ប្រា​ប់លោក Oliver Stone ថា អាមេរិក​បញ្ចេញ​សកម្មភាព​កាន់តែខ្លាំង​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១២ ដែល​ពេលនោះ​លោក ពូ​ទីន ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​មកដល់​សព្វថ្ងៃ​។

​បើទោះជា​មិន​ទម្លាយ​ព័ត៌មាន​លម្អិត​ក្ដី ប្រធានាធិបតី​រុស្ស៊ី​បាន​ទម្លាយ​ថា អាមេរិក​ធ្វើ​សកម្មភាព​លូកលាន់​នេះ​តាម​មធ្យោបាយ​ជាច្រើន រួមទាំង​ការប្រើប្រាស់​ស្ថានទូត​របស់ខ្លួន​ផងដែរ​។ លោក ពូ​ទីន និយាយថា អាមេរិក​ក៏បាន​ដឹង​ពី​រឿង​នេះដែរ ព្រោះ​លោក​បាន​ប្រាប់​រឿងនេះ​ដល់​អតីត​រដ្ឋមន្ត្រីការបរទេស John Kerry ក៏ដូចជា​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ដែរ​។ លោក​បន្តថា បុគ្គលិក​ស្ថានទូត​អាមេរិក​ចូលរួម​ក្នុងការ​ឃោសនា​របស់​ប​ក្ស​ប្រឆាំង និង​ផ្ដល់​លុយ​ឲ្យ​ពួកគេ​ទៅទៀត​។​

​ក្រៅពី​ការប្រើប្រាស់​ស្ថានទូត លោក ពូ​ទីន ក៏បាន​ចោទ​អាមេរិក​ថា​បាន​ប្រើប្រាស់​អង្គការក្រៅរដ្ឋាភិបាល​ក្នុងការ​ជ្រៀតជ្រែក​កិច្ចការ​បោះឆ្នោត​នេះដែរ​។ ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​សង្កត់ធ្ងន់ថា អង្គការក្រៅរដ្ឋាភិបាល​ទាំងអស់​អាចធ្វើ​ការ​ស្រេច​ចិត្ត តែ​ពួកគេ​ទទួលបាន​ការផ្គត់ផ្គង់​ពី​ស្ថាប័នរដ្ឋ​នៅ​អាមេរិក​ដូចជា​ក្រសួងការបរទេស​ជាដើម ដើម្បី​លូកលាន់​ការងារ​បោះឆ្នោត ហើយ​រឿង​បែបនេះ​កើតឡើង​នៅ​ស្ទើរ​គ្រប់កន្លែង​ទាំងអស់ មិន​ថា​អឺ​រុ​ប​ខាងកើត អាមេរិក​ឡាទីន ឬ​អាហ្វ្រិក​ឡើយ​។​

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ នេះ​ជា​លើកដំបូង​ដែល​លោក​ប្រធានាធិបតី ពូ​ទីន និយាយ​ចោទ​អាមេរិក​ចំៗ​លើ​ការ​កកូរកកាយ​ការបោះឆ្នោត​នៅ​រុស្ស៊ី ខណៈ​រុស្ស៊ី​ក្លាយជា​ផ្ទាំង​ស៊ី​ប​របស់​អាមេរិក​ដោយសា​រ​រឿងនេះ​ដូចគ្នា​។ ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី ក៏​ល្អក់កករ​មិនទាន់​ស្ដារឡើងវិញ​បាន​នៅឡើយ ស្រប​ពេលដែល​មេដឹកនាំ​អាមេរិក​កំពុង​ជាប់​ខ្លួន​ផុង​ក្នុងការ​ស៊ើបអង្កេត​ករ​ណី​នេះ​។ រុស្ស៊ី ត្រូវបាន​ចោទថា ជួយ​ឲ្យ​លោក ត្រាំ ឈ្នះឆ្នោត​តាមរយៈ​ការ​លួច​កែ​ទិន្នន័យ​លទ្ធផល​បោះឆ្នោត​៕  


Tag:
 ​រុស្ស៊ី​
  អាមេរិក​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com