អន្តរជាតិ
រុស្ស៊ី​ផ្ដល់​សិទ្ធិ​ជ្រកកោន​ឲ្យ​លោក ខូ​មី បើ​ចង់​គេចខ្លួន​ពី​ការកាត់ទោស​នៅ​អាមេរិក​
16, Jun 2017 , 9:39 pm        
រូបភាព
​រុស្ស៊ី ត្រៀម​រួចរាល់​ហើយ​ក្នុងការ​ផ្ដល់​សិទ្ធិ​ជ្រកកោន​ឲ្យ​អតីត​ប្រធានការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) លោក ជេ​ម​ស៍ ខូ​មី (James Comey) បើ​មិន​ចង់​រង​ការកាត់ទោស​នៅ​អាមេរិក​ជុំវិញ​ការស៊ើបអង្កេត​លើ​ករណី​រុស្ស៊ី​ជ្រៀតជ្រែក​កិច្ចការ​បោះឆ្នោត​អាមេរិក​ឆ្នាំ​២០១៦ ទេនោះ​។ នេះ​ជាការ​ប្រកាស​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​១៥ ខែមិថុនា ហើយ​លោក​ក៏​អះអាង​ម្ដង​ទៀតថា រុស្ស៊ី​មិនបាន​ធ្វើ​អ្វី​ដូច​ការចោទប្រកាន់​ឡើយ​។​



​នាឱកាស​វេទិកា​សំណួរ​-​ចម្លើយ​ប្រចាំឆ្នាំ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បានទទួល​សំណួរ​ជាច្រើន​ទាក់ទង​ទាំង​បញ្ហា​ក្នុងស្រុក ទាំង​បញ្ហា​ក្រៅ​ស្រុក​។ ទំនាក់ទំនង​រុស្ស៊ី និង​អាមេរិក គឺជា​ប្រធានបទ​សំខាន់​ដែល​ប្រជាជន​រុស្ស៊ី​សួរ​លោក ពូ​ទីន ជាពិសេស​សំណុំរឿង​បោះឆ្នោត​ឆ្នាំ​២០១៦ ដែល​រុស្ស៊ី​ត្រូវបាន​ចោទថា​លូកលាន់​កិច្ចការ​បោះឆ្នោត​អាមេរិក​។ លោក ពូ​ទីន ក៏​និយាយ​ដល់​លោក ជេ​ម​ស៍ ខូ​មី ដែល​អស់តំណែង​ដោយសារ​ការស៊ើបអង្កេត​រឿងនេះ​។​

​ក្នុង​ការផ្ដល់​សក្ខីកម្ម​ដល់​សភា​កាលពី​ខែ​មុន លោក ខូ​មី ដែល​ត្រូវ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បញ្ចប់​តំណែង​ជា​ប្រធាន FBI បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ថា លោក ត្រាំ បាន​ប្រា​ប់លោក​ឲ្យ​បញ្ចប់​ការស៊ើបអង្កេត​លើ​ការទាក់ទង​រវាង​សមាជិក​ក្រុម​ឃោសនា​របស់លោក និង​មន្ត្រី​រុស្ស៊ី​។ យ៉ាងណាក្ដី លោក​ប្រធានាធិបតី ត្រាំ បាន​ចោទ​លោក ខូ​មី វិញ​ថា​បាន​និយាយ​កុហក​ទៅវិញ ហើយ​លោក​ក៏​មិនបាន​ទាក់ទង​ជាមួយ​រុស្ស៊ី​ដែរ​។​

​ជុំវិញ​បញ្ហា​នេះ លោក ពូ​ទីន និយាយថា បើ​លោក ខូ​មី រង​ការកាត់ទោស​ណាមួយ​ដោយសារតែ​ការខ្វែងគំនិត​គ្នា​ជាមួយ​លោក ត្រាំ នោះ​រុស្ស៊ី​អាច​ផ្ដល់​សិទ្ធិ​ជ្រកកោន​ឲ្យ​លោក​បាន ហើយ​លោក ខូ​មី ផ្ទាល់​ក៏​គួរ​ដឹង​ពី​រឿង​នេះដែរ​។ ប្រធានាធិបតី​រុស្ស៊ី​ឆ្ងល់​ដែរ​ថា ហេតុអ្វី​បានជា​លោក ខូ​មី ដែល​កំពុងកាន់​តំណែង​ជា​ប្រធាន FBI ហ៊ាន​ប្រគល់​ខ្សែអាត់​កិច្ចសន្ទនា​រវាង​លោក និង​លោក ត្រាំ ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមរយៈ​មិត្តភក្តិ​ទៅវិញ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​ជាមួយគ្នា​នោះ ដោយ​សំដៅ​ដល់​ការផ្ដល់​សក្ខីកម្ម​របស់​លោក ខូ​មី ក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា លោក ពូ​ទីន អះអាងថា គ្មាន​ភស្តុតាង​បង្ហាញ​ពី​ការ​លូកដៃ​របស់​រុស្ស៊ី​ក្នុង​ការងារ​បោះឆ្នោត​រប​ស់​អាមេរិក​តាម​ការចោទប្រកាន់​អ្វី​ឡើយ​។ លោក​បន្តថា​៖ «​អ្វីដែល​ទាក់ចិត្ត​ខ្ញុំ​ដំបូង គឺ​អតីត​ប្រធាន FBI រូបនេះ ជឿថា​រុស្ស៊ី​កកូរកកាយ​ដំណើរការ​បោះឆ្នោត​អាមេរិក ប៉ុន្តែ​នៅ​ចំពោះមុខ​ព្រឹទ្ធសភា លោក​មិនបាន​ផ្ដល់​ភស្តុតាង​បញ្ជាក់​ឡើយ​»​។​

​ទន្ទឹមនឹង​ការផ្ដល់​សិទ្ធិ​ជ្រកកោន​ឲ្យ​លោក ខូ​មី ប្រធានាធិបតី​រុស្ស៊ី​ក៏​មិន​ភ្លេច​រិះគន់​អាមេរិក​ដែល​លូកលាន់​កិច្ចការ​បោះឆ្នោត​ប្រទេស​ផ្សេង​ដូចជា​រុស្ស៊ី​ជាដើម​។ លោក ពូ​ទីន បកស្រាយ​ថា បើ​និយាយ​ដល់​ពិភពលោក គេ​ឃើញ​អាមេរិក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ជាច្រើន ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ លោក​ថា លោក​ដឹង​រឿងនេះ​ពេល​លោក​និយាយ​ជាមួយ​មេដឹកនាំ​ប្រទេស​ផ្សេង ប៉ុន្តែ​លោក​មិន​ចង់​បញ្ចេញ ព្រោះ​មិន​ចង់​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ល្អកកករ​៕  

Tag:
 រុស្ស៊ី​
  អាមេរិក​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  ជេ​ម​ស៍ ខូ​មី
© រក្សាសិទ្ធិដោយ thmeythmey.com