អន្តរជាតិ
កូរ៉េខាងត្បូង អាច​កាត់បន្ថយ​សព្វាវុធ​និង​សមយុទ្ធ​ជាមួយ​អាមេរិក បើ​កូរ៉េខាងជើង​ឈប់​បង្ករឿង​
17, Jun 2017 , 8:59 pm        
រូបភាព
​ទីប្រឹក្សា​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១៦ ខែមិថុនា បាន​និយាយថា កូរ៉េខាងត្បូង​នឹង​ពិភាក្សា​ជាមួយ​អាមេរិក​ក្នុងការ​កាត់បន្ថយ​សព្វាវុធ​របស់​អាមេរិក ក៏ដូចជា​កាត់បន្ថយ​ស​ម​យុទ្ធ​យោធា​រួមគ្នា បើ​កូរ៉េខាងជើង​សុខចិត្ត​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។ បើតាម​លោក Moon Chung-in ទីប្រឹក្សា​ពិសេស​ប្រធានាធិបតី នេះ​ជា​គំនិត​របស់លោក មូ​ន  ចេ​អ៊ី​ន ក្នុងការ​ដោះស្រាយ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​ជា​ជំហានៗ ជាជាង​ការដោះស្រាយ​បញ្ហា​ទាំងមូល​។​



​កូរ៉េខាងជើង​បាន​រង​ទណ្ឌកម្ម​ខ្លាំងៗ​អស់​ពេល​ជាច្រើន​ឆ្នាំ​ដោយសារ​មហិច្ឆតា​អភិវឌ្ឍ​នុយ​ក្ល​អ៊ែរ​របស់ខ្លួន​។ សហគមន៍​អន្តរជាតិ​នាំគ្នា​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ជាច្រើនលើក​ច្រើនសារ ដើម្បី​បង្ខំ​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​បញ្ឈប់​គំនិត​អភិវឌ្ឍ​អាវុធ​មហា​ប្រល័យ​នេះ​ទៀត​។ ទណ្ឌកម្ម​របស់​អន្តរជាតិ គឺជា​វិធានការ​ខ្លាំង សំដៅ​បញ្ចប់​មហិច្ឆតា​របស់​កូរ៉េខាងជើង​តែម្ដង​។ យ៉ាងណាក្ដី កូរ៉េខាងជើង​នៅតែ​មានះ​បន្ត​អភិវឌ្ឍ​អាវុធ​ដដែល​។​

​ទំនង​មើលឃើញថា​ការដាក់ទណ្ឌកម្ម​ដើម្បី​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​ជា​រឿង​លំបាក​សម្រេចបាន ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន លើក​ជា​គំនិត​ដោយ​សំដៅ​បន្ថយ​ចំនួន​អាវុធ​អាមេរិក​នៅ​កូរ៉េខាងត្បូង ជា​ថ្នូរ​នឹង​ការបញ្ចប់​ទង្វើ​បង្កហេតុ​របស់​កូរ៉េខាងជើង​ដូចជា​ការបាញ់​មី​ស៊ី​ល​ជាដើម​។ ថ្លែង​ក្នុង​សិក្ខាសាលា​នៅ​អាមេរិក​នៅ​ថ្ងៃទី​១៥ ខែមិថុនា លោក Moon Chung-in ទីប្រឹក្សា​លោក មូ​ន ចេ​អ៊ី​ន និយាយថា ប្រធានាធិបតី​កូរ៉េខាងត្បូង​លើកសំណើ​បែបនេះ​ដើម្បី​ដោះស្រាយ​វិបត្តិ​ឧបទ្វីប​កូរ៉េ​តាម​សម្រួល​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក Moon Chung-in និយាយថា លោក មូ​ន ចេ​អ៊ី​ន បានលើកឡើង​សំណើ​ចំនួន​ពីរ​ក្នុងការ​បញ្ចប់​បញ្ហា​នេះ​ទៅតាម​លំដាប់ ដោយ​ចាប់ផ្ដើម​ពី​ការផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​ជាមុន​។ លោក​បន្តថា ទីមួយ គឺ​កូរ៉េខាងជើង​ត្រូវ​ផ្អាក​ការបាញ់​មី​ស៊ី​ល ឬ​ការសាកល្បង​នុយក្លេអ៊ែរ​សិន បន្ទាប់មក​កូរ៉េខាងត្បូង​អាច​នឹង​ជជែក​ជាមួយ​អាមេរិក​ដើម្បី​បន្ថយ​បរិមាណ​សព្វាវុធ​យុទ្ធសាស្ត្រ​ដែល​ត្រូវបាន​ពង្រាយ​នៅ​កូរ៉េខាងត្បូង ព្រមទាំង​បន្ថយ​ចំនួន​សមយុទ្ធ​រួមគ្នា​ដែរ​។  

​បើតាម​សម្ដី​ទីប្រឹក្សា​រូបនេះ លោក មូ​ន ក៏មាន​បំណង​បង្កើត​សន្តិភាព​តាមរយៈ​ការលុបបំបាត់​នុយក្លេអ៊ែ​រ​ពី​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​នេះ​ជា​រឿង​ដ៏​ស្មុគស្មាញ​មួយ និង​មិន​ងាយ​សម្រេចបាន​ដូច​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​ឡើយ​។ យ៉ាងណាក្ដី គំនិត​ទាំងពីរ​នេះ មាន​គោលដៅ​បញ្ចប់​បញ្ហា​នៅ​ឧបទ្វីប​កូ​រ៉ និង​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​តែម្ដង​។ គំនិត​ទាំងនេះ អាច​ដោះស្រាយ​បញ្ហា​បន្តិច​ម្ដងៗ ព្រោះ​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ទាំងមូល មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។​

​សំណើ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង ទំនងជា​អាច​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​កូរ៉េខាងជើង ព្រោះ​តាំងពីដើម​មក​នោះ កូរ៉េខាងជើង​មិន​ពេញចិត្ត​ទាល់​សោះ​វត្តមាន​អាមេរិក​នៅ​កូរ៉េខាងត្បូង ក៏ដូចជា​ការពង្រាយ​ស​ព្វា​វុ​ធ​យុទ្ធសាស្ត្រ​ជាដើម​។ ម្យ៉ាងទៀត​នោះ ព្យុងយ៉ាង​ក៏​មិនអាច​សប្បាយ​ចិត្តនឹង​សមយុទ្ធ​រួមគ្នា​រវាង​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន​ដែរ ហើយ​បានចាត់ទុក​ជាការ​រៀប​ចំ​ធ្វើសង្គ្រាម​ទៅទៀត​។ ប៉ុន្តែ​គេ​មិនទាន់​ដឹងថា​កូរ៉េខាងជើង និង​អា​មេ​រក​គិត​យ៉ាងណា​ចំពោះ​សំណើ​នេះ​ទេ​៕


Tag:
 ​កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  អាមេរិក​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com