អន្តរជាតិ
អាល្លឺម៉ង់​គំរាម​សងសឹក បើ​ទណ្ឌកម្ម​អាមេរិក​លើ​រុស្ស៊ី​ប៉ះពាល់​ក្រុមហ៊ុន​អាល្លឺម៉ង់​
17, Jun 2017 , 9:59 pm        
រូបភាព
​អាល្លឺម៉ង់ នឹង​ចាត់វិធានការ​ឆ្លើយតប​វិញ បើ​ទណ្ឌកម្ម​លើ​រុស្ស៊ី​ដែល​ទើប​អនុម័ត​ដោយ​ព្រឹទ្ធសភា​អាមេរិក បង្កបញ្ហា​ដល់​ក្រុមហ៊ុន​អាល្លឺម៉ង់​។ ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​នេះ មិនទាន់​ចេញ​ជា​រូបរាង​ផ្លូវការ​ឡើយ ព្រោះ​រង់ចាំ​ការសម្រេចចិត្ត​របស់រ​ដ្ឋ​សភា និង​ហត្ថលេខា​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សិន ប៉ុន្តែ​អាល្លឺម៉ង់​បារម្ភ​ថា ទណ្ឌកម្ម​ថ្មី​នេះ​អាច​ប៉ះពាល់​ក្រុមហ៊ុន​របស់ខ្លួន​ដែល​កំពុង​រកស៊ី​ជាមួយ​រុស្ស៊ី​ក្នុងការ​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​។



​នៅ​ថ្ងៃទី​១៥ ខែមិថុនា ព្រឹទ្ធសភា​អាមេរិក​បានអនុម័ត​ក​ញ្ច​ប់​ទណ្ឌកម្ម​ថ្មី​ទៀត​លើ​រុស្ស៊ី និង​អ៊ីរ៉ង់​ដោយ​សំឡេង​៩៨ ទល់​២ ។ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន មិនបាន​ភ្ញាក់ផ្អើល​នឹង​ទណ្ឌកម្ម​ថ្មី​នេះឡើយ ប៉ុន្តែ​អាល្លឺម៉ង់ ជា​រដ្ឋ​សមាជិក និង​មាន​ក្រុមហ៊ុន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​រុស្ស៊ី កំពុង​បារម្ភ​ខ្លាំង​នឹង​ទណ្ឌ​កម្មនេះ ព្រោះ​ក្រុមហ៊ុន​របស់ខ្លួន​អាច​រង​ការពិន័យ​ពី​សំណាក់​អាមេរិក ដោយសារ​ជាប់​ពាក់ព័ន្ធ​ជាមួយ​រុស្ស៊ី​។​

​ទណ្ឌកម្ម​ថ្មី ដែល​រង់ចាំ​ការសម្រេច​ពី​រដ្ឋសភា និង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រូវគេ​មើលឃើញ​ជាមុន​ថា​ជា​វិធានការ​ប្រឆាំង​ក្រុមហ៊ុន​ដែល​សហការ​ជាមួយ​រុស្ស៊ី​ក្នុងការ​សាងសង់​បណ្ដាញ​បង្ហូរ​ថាមពល​សម្រាប់​នាំចេញ​។ អាល្លឺម៉ង់ កំពុង​ភ័យខ្លាច​ថា​ទណ្ឌ​កម្មនេះ​នឹង​បើកផ្លូវ​ដល់​ការពិន័យ​លើ​ក្រុមហ៊ុន​របស់ខ្លួន ក៏ដូចជា​ក្រុមហ៊ុន​អឺរ៉ុប​ផ្សេងទៀត ដែល​កំពុង​រកស៊ី​ជាមួយ​រុស្ស៊ី​ក្នុង​គម្រោង​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​កាត់​តំបន់​បាល់​ទិ​ក​។​

​អ្នកនាំពាក្យ​អធិការបតី​អាល្លឺម៉ង់ Angela Merkel ចាត់ទុក​សំណើ​ច្បាប់​របស់​ព្រឹទ្ធសភា​អាមេរិក​ជា​រឿង​ចំឡែក​។ លោក Steffen Seibert ជា​អ្នកនាំពាក្យ​និយាយថា វា​ជា​រឿង​ប្លែក​ដែល​ទណ្ឌកម្ម​របស់​អាមេរិក​ដាក់​លើ​រុស្ស៊ី​ព្រោះតែ​ការជ្រៀតជ្រែក​កិច្ចការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ​២០១៦ បែរជា​អាចដាក់​ពិន័យ​ក្រុមហ៊ុន​អាល្លឺម៉ង់​ទៅវិញ​។ លោក​បន្តថា រឿង​ប្លែកៗ​របៀបនេះ មិនអាច​កើតឡើង​បានឡើយ​។​

​ជាមួយគ្នានេះ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាល្លឺម៉ង់ Brigitte Zypries បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែរ​ថា ក្រុង​បែរ​ឡាំង​អាច​រក​វិធានការ​តប​វិញ ប្រសិនបើ​ប្រធានាធិបតី ត្រាំ ដែលមាន​សិទ្ធិ​ជំទាស់​គម្រោង​ទណ្ឌកម្ម​ថ្មី គាំទ្រ​ផែនការ​របស់​ព្រឹទ្ធសភា​នេះ​មែន​។ លោក​បញ្ជាក់ថា ប្រសិនបើ​លោក ត្រាំ ពិតជា​ចុះហត្ថលេខា​យល់ព្រម​មែន នោះ​អាល្លឺម៉ង់​ត្រូវតែ​ពិចារណា​ពី​ចំណាត់ការ​ឆ្លើយតប​វិញ​។

​ច្បាស់​ណាស់​ថា យោងតាម​ស្ថានភាព​ជាក់ស្តែង ច្បាប់​នេះ​នឹង​បង្កើត​ឧបសគ្គ​ថ្មី​ទៀត​សម្រាប់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ដែលមាន​បំណង​ចង់​បង្កើត​ចំណងមិត្តភាព​ស្និទ្ធស្នាល​ជាមួយ​របប​ដឹកនាំ​រុស្ស៊ី​នោះ ក៏​ដូច​ជ​សម្ព័ន្ធមិត្ត​អា​មេ​រិ​នៅ​អឺរ៉ុប​ផងដែរ​។ បើ​ចេញ​ជា​រូប​បរា​ង​មែន​នោះ ទំនាក់ទំនង​រវាង​អាមេរិក និង​សមាជិក​អឺរ៉ុប​ដែល​កំពុង​ប្រេះស្រាំ​ស្រាប់​ផង​នោះ នឹង​កាន់តែ​ផុង​ជ្រៅ​មិន​ខាន ហើយ​រដ្ឋបាល​លោក ត្រាំ នឹង​ឃ្លាត​កាន់តែ​ឆ្ងាយ​ពី​មិត្ត​ចាស់វស្សា​របស់ខ្លួន​៕


Tag:
 អាមេរិក​
  អាល្លឺម៉ង់​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com