អន្តរជាតិ
បក្ស​ប្រធានាធិបតី ម៉ា​ក្រុង រំពឹង​ឈ្នះ​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​សភា​
18, Jun 2017 , 1:14 pm        
រូបភាព
​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​បារាំង​ជុំ​ទី​ពីរ​កំពុង​ធ្វើឡើង​នៅ​ថ្ងៃទី​១៨ ខែមិថុនា​នេះ​។ គណបក្ស Republique en Marche របស់​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង រំពឹងថា​នឹង​ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ម្ដងទៀត បន្ទាប់ពី​ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន​កាលពី​ជុំទីមួយ​។ គេ​រំពឹងថា គណបក្ស​ថ្មីថ្មោង​របស់លោក ម៉ា​ក្រុង នឹង​ទទួលបាន​សំឡេង ៤០០ ដល់ ៤៤៥ ក្នុងចំណោម​អាសនៈ​សរុប ៥៧៧ នៅឯ​សភា​បារាំង​។​



​ប្រជាជន​បារាំង នាំគ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ជុំ​ទី​ពីរ​នៅ​ថ្ងៃទី​១៨ ខែមិថុនា ដោយ​បក្ស​ទើប​បង្កើត​របស់​ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នឹង​កាន់កាប់​អ​សនៈ​ភាគច្រើន​លើសលប់​ក្នុង​សភាជាតិ​។ នេះ គឺជា​ជ័យជម្នះ​ផ្ទួនៗ​របស់លោក ម៉ា​ក្រុង បន្ទាប់​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ខែ​មុន​។ ជ័យជម្នះ​នេះ​នឹង​ផ្ដល់ឱកាស​ឲ្យ​លោក​អនុវត្ត​នយោបាយ​កែទម្រង់​ប្រទេសជាតិ តែ​វា​ក៏​ជាការ​បំបាក់មុខ​អ្នកនយោបាយ​ជើងចាស់​ដែល​មិនអាច​តទល់​អ្នកនយោបាយ​ជើង​ថ្មី​បាន​។

​ត្រឹម​មួយខែ​ក្រោយ​ក្លាយជា​ប្រមុខរដ្ឋ​ក្មេង​ជាងគេ​របស់​បារាំង លោក ម៉ា​ក្រុង បាន​បន្ត​ដឹកនាំ​បក្ស Republique en Marche (REM) របស់លោក​ដែលមាន​អាយុ​ជាង​មួយឆ្នាំ ឲ្យ​ទទួលបាន​ជោគជ័យ​នៅឯ​សភា​ទៀត​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ការស្ទង់មតិ​នានា និង​លទ្ធផល​ជុំទីមួយ​បង្ហាញថា បក្ស REM អាច​ទទួលបាន​សំឡេង​កៅអី​សរុប​ចន្លោះ​៧៥​ភាគរយ ទៅ​៨០​ភាគរយ​នៃ​កៅអី​សភា​ជាន់​ទាប​។ សមាជិកសភា​ថ្មី ដែល​ភាគច្រើន​មិនសូវមាន​បទពិសោធន​យោ​បាយ នឹង​ចូលកាន់​ការងារ​ជំនួស​អ្នកនយោបាយ​ចាស់វស្សា​ម្ដង​។

​ក្រុម​អ្នកនយោបាយ​អភិរក្ស និង​សង្គមនិយម ដែល​ត្រួតត្រា​នយោបាយ​បារាំង​ជាច្រើន​ឆ្នាំ​មកហើយ​នោះ មិនអាច​តដៃ​ជាមួយ​បក្ស​ថ្មីថ្មោង​ដឹកនាំ​ដោយ​អ្នកនយោបាយ​វ័យក្មេង​ពេញកម្លាំង​បានឡើយ​។ អ្នកនយោបាយ​ជើងចាស់​ទាំងនោះ ចាញ់​ទាំង​ការបោះឆ្នោត​ប្រធានាធិបតី ហើយ​មក​ចាញ់​ទាំង​ការបោះឆ្នោត​សភា​ទៅទៀត​។ យ៉ាងណាក្ដី ពួកគេ​បានស្នើ​ឲ្យ​ប្រជាជន​បារាំង​គិតដល់​តុល្យភាព​អំណាច​ផង ដោយ​មិនត្រូវ​ឲ្យ​បក្ស REM កាន់​អាសនៈ​លើសលប់​ពេក​ឡើយ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ភាគរយ​អ្នក​ទៅ​ចូលរួម​បោះឆ្នោត​សភា​ស្ថិតក្នុង​កម្រិត​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បារាំង​។ កាលពី​ការបោះឆ្នោត​ជុំទីមួយ​ថ្ងៃអាទិត្យ​ទី ១១ មិថុនា ប្រជាជន​បារាំង​ចេញទៅ​បោះឆ្នោត​ជ្រើសរើស​តំណាង​របស់ខ្លួន​មាន​ត្រឹម ៤៩​ភាគរយ​ប៉ុណ្ណោះ​។ ចំនួន​អ្នក​ទៅ​បោះឆ្នោត​អាច​រក្សា​កម្រិត​ទាប​ដដែល​នៅ​ការបោះឆ្នោត​ជុំ​ទី​ពីរ​នេះ ព្រោះ​ពួកគេ​ដឹង​ច្បាស់​ថា បក្ស​លោក ម៉ា​ក្រុង នឹង​ឈ្នះឆ្នោត​ទៅហើយ​។​

​ជ័យជម្នះ​ធំធេង​នេះ នឹង​បង្ក​ភាពងាយស្រួល​សម្រាប់​ការអនុម័ត និង​អនុវត្ត​គោលនយោបាយ​ប្រធានាធិបតី ម៉ា​ក្រុង ដែល​ក្នុងនោះ​រួមមាន​ទាំង​ការកែទម្រង់​សេដ្ឋកិច្ច​និង​សង្គម ដូចជា​ច្បាប់​ការងារ និង​ប្រព័ន្ធ​សោធ​និវត្តន៍​ផងដែរ​។ ប្រធានាធិបតី​បារាំង​វ័យ ៣៩ ឆ្នាំ​រូបនេះ​ដែលមាន​ឈ្មោះ​ល្បីល្បាញ​រូបនេះ​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ទាញ​សំឡេងឆ្នោត​ដោយ ជ្រើសរើស​សមាជិក​គណៈ​រដ្ឋមន្ត្រី​ដែល​មកពី​គណបក្ស​ចម្រុះ រួមទាំង​មាន​សមាសភាព​ខ្លះ​មកពី​សង្គម​ស៊ីវិល​ផង​៕  


Tag:
 អាល្លឺម៉ង់​
  បារាំង​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com