អន្តរជាតិ
កងទ័ព​តួ​ក​គី​ទៅដល់​កាតា​ដើម្បី​ធ្វើ​សមយុទ្ធ​រួមគ្នា ស្របពេល​ស្ថានការណ៍​ក្នុង​តំបន់​បន្ត​តានតឹង​
19, Jun 2017 , 8:19 pm        
រូបភាព
​កងទ័ព​តួ​ក​គី​បាន​ទៅដល់​កាតា​នៅ​ថ្ងៃទី​១៨ ខែមិថុនា ដើម្បី​ចូលរួម​សមយុទ្ធ​រួមគ្នា​ជាមួយ​យោធា​កាតា​។ វត្តមាន​កងទ័ព​តួ​ក​គី​នៅលើ​ទឹកដី​កាតា​នៅពេលនេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ ហើយ​វា​ក៏បាន​បង្ហាញ​ពី​ការគាំទ្រ​របស់​តួ​ក​គី​លើ​កាតា ដែល​រង​ការហ៊ុមព័ទ្ធ​ជុំជិត​ពី​សំណាក់​រដ្ឋ​ឈូង​សមុទ្រ​ពែ​រ្ស​ផ្សេងទៀត​។ តួ​ក​គី ដែលជា​រដ្ឋ​ក្រៅ​តំបន់​ឈូង​សមុទ្រ បាន​ក្លាយជា​អ្នក​សម្រុះសម្រួល​ភាគី​ទាំងអស់ ប៉ុន្តែ​ស្ថានការណ៍​នៅ​មិនទាន់​ប្រសើរ​នៅឡើយ​។



​ក្រសួងការពារជាតិ​កាតា​បានប្រកាសថា កងទ័ព​តួ​ក​គី​មួយក្រុម​បាន​ទៅដល់​ទីក្រុង​ដូ​ហា ដើម្បី​ធ្វើ​លំ​ហាត់​យោធា​រួមគ្នា​ជាមួយ​កងទ័ព​កាតា​។ ក្រសួងការពារជាតិ​កាតា​ប្រកាស​ទៀតថា កងទ័ព​ទាំងពីរ​ប្រទេស​បានចាប់ផ្ដើម​សមយុទ្ធ​រួមគ្នា​លើកដំបូង​នៅឯ​មូលដ្ឋាន Tariq bin Ziyad នៅ​ថ្ងៃទី​១៨ ខែមិថុនា​។ លំ​ហាត់​រួមគ្នា​នេះ ធ្វើឡើង​ខណៈដែល​កាតា​កំពុង​មើលមុខ​មិន​ចំ​ជា​មួរ​សម្ព័ន្ធមិត្ត​អារ៉ាប់​របស់ខ្លួន និង​បន្ទាប់ពី​កាតា​ធ្វើ​សមយុទ្ធ​ជើង​ទឹក​ជាមួយ​កងទ័ព​អាមេរិក​។​

​បើតាម​សារព័ត៌មាន AL Jazeera ដែល​ស្រង់​ប្រភពពី​ក្រសួងការពារជាតិ​កាតា សមយុទ្ធ​រួមគ្នា​នេះ ត្រូវបាន​គ្រោងទុក​យូរ​មកហើយ និង​ស្ថិតក្រោម​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​យោធា​រវាង​កាតា និង​តួ​ក​គី​។ កិច្ចព្រមព្រៀងទ្វេភាគី​ដែល​ត្រូវបាន​ចុះហត្ថលេខា​តាំងពី​ឆ្នាំ​២០១៤ មាន​គោលដៅ​ពង្រឹងសមត្ថភាព​កងទ័ព​ប្រទេស​ទាំងពីរ ក៏ដូចជា​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរ​វករ​ជ្រុលនិយម និង​ការរក្សា​ស្ថិរភាព​ក្នុង​តំបន់​ផងដែរ​។​

​វត្តមាន​កងទ័ព​តួ​ក​គី​នៅ​កាតា ធ្វើឡើង​បន្ទាប់ពី​សភា​តួ​ក​គី បានអនុម័ត​សេចក្ដីព្រាងច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មានការ​ពង្រាយ​កងទ័ព​តួ​ក​គី​នៅ​មូលដ្ឋាន​ក្នុង​រដ្ឋ​កាតា ដែល​កំពុង​រង​សម្ពាធ​ការទូត​ខ្លាំង​ពី​សម្ព័ន្ធមិត្ត​អារ៉ាប់​របស់ខ្លួន​។ សេចក្ដីព្រាងច្បាប់​នេះ​ត្រូវបាន​អនុម័ត​ដោយ​សមាជិកសភា​ចំនួន​២៤០ សំឡេង ហើយ​ស្របតាម​កិច្ចព្រមព្រៀង​រវាង​តួ​ក​គី និង​កាតា​ក្នុង​ឆ្នាំ​២០១៤ តែម្ដង​។ នេះ​ទំនងជា​វិធានការ​ត្រៀម​ទុក​មុន​របស់​តួ​ក​គី​សម្រាប់​ការពារ​កាតា​ដែលជា​មិត្ត​របស់ខ្លួន​។   

​តាំងពី​អា​រ៉ា​ប៊ី​សា​អូឌីត ប៉ា​រ៉ែ​ន អារ៉ាប់​រួម​អេ​មី​រ៉ា​ត អេ​ហ្ស៊ី​ប យេ​ម៉ែន និង​ហ្ស៊​កដា​នី​ជាដើម ផ្ដាច់ និង​ទម្លាក់​ទំនាក់ទំនង​ការទូត​ជាមួយ​កាតា​ដោយ​ចោទថា​បាន​គាំទ្រ​ក្រុម​ភេរវកម្ម តួ​ក​គី ដែល​មិនមែនជា​សមាជិក​ក្រុមប្រឹក្សារដ្ឋ​ឈូង​សមុទ្រ បានចេញ​មុខការ​ពារ​កាតា និង​បាន​ដើរ​សម្រប​សម្រប​បញ្ចប់​ជម្លោះ​នេះ​។ ប្រធានាធិបតី​តួ​ក​គី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ បាន​រិះគន់​រដ្ឋ​ឈូង​សមុទ្រ​ផ្សេង​ដែល​ហ៊ុមព័ទ្ធ​កាតា ហើយ​ថា ទណ្ឌកម្ម​មិនអាច​ដោះស្រាយ​បញ្ហា​បានទេ​។​

​តាមពិតទៅ តួ​ក​គី និង​កាតា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​រួមគ្នា​យូរ​មកហើយ ហើយ​តួ​ក​គី​ក៏​រក្សាបាន​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​បណ្តា​រដ្ឋ​អារ៉ាប់​ជាច្រើន​ផ្សេងទៀត​ដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ទាំង​កាតា និង​តួ​ក​គី​សុទ្ធតែជា​អ្នកគាំទ្រ​ក្រុម​ភាតរភាព​ឥស្លាម​នៅ​អេ​ហ្ស៊ី​ប គាំទ្រ​ក្រុម​ហា​ម៉ាស់​នៅ​ប៉ា​ឡេ​ស្ទី​ន និង​គាំទ្រ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ដូចគ្នា​ដែរ​៕


Tag:
 តួ​ក​គី​
  កាតា​
  មជ្ឈិមបូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com