កីឡាអន្តរជាតិ
អន្តរជាតិ
K-League នឹង​ប្រើ​ប្រព័ន្ធ​វីដេអូ​ជំនួយការ​កាត់ក្តី​នៅ​រដូវ​កាល​ក្រោយ​
20, Jun 2017 , 8:39 am        
រូបភាព
​លី​ក​បាល់ទាត់​អាជីព​របស់​កូរ៉េខាងត្បូង K-League នឹង​ប្រើប្រាស់​ជំនួយការ​អាជ្ញាកណ្តាល​ជា​វីដេអូ (Video Assistant Referees) ដើម្បី​កាត់បន្ថយ​កំហុស​របស់​អាជ្ញាកណ្តាល និង​បង្កើន​គុណភាព​នៅ​អំឡុងពេល​ប្រកួត​ឲ្យ​រិត​តែមាន​ភាព​សុ​ក្រិត​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Yonhap​។​



​ជំនួយការ​អាជ្ញាកណ្តាល​ជា​វីដេអូ (VAR) នឹងត្រូវ​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​លី​ក​កំពូល​កូរ៉េខាងត្បូង K-League ចាប់ពី​ដើមខែ​កក្កដា​ក្រោយ​តទៅ បន្ទាប់ពី​បាន​សាកល្បង​ប្រើ​ប្រព័ន្ធ​នេះ​អស់​រយៈពេល​៣​ខែ​កន្លងមក​។​

​ក្រុមប្រឹក្សាភិបាល​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ (IFAB) ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​ស្វី​សបាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី​១៩ ខែមិថុនា​នេះ​ថា VAR បានធ្វើការ​សាកល្បង​តាំងពី​ខែមីនា​មក នឹង​ត្រូវដាក់​ប្រើប្រាស់​ដើម្បី​កាត់បន្ថយ​កំហុស​ដោយ​អ​ចេតនា​របស់​អាជ្ញាកណ្តាល​នៅ​អំឡុងពេល​ប្រកួត​។​



«​តាមពិតទៅ​ដំបូង​ឡើយ​យើង​ចង់​ដំឡើង​ប្រព័ន្ធ VAR នៅ​ដើម​ឆ្នាំក្រោយ​ទេ ប៉ុន្តែ​ក្រោយមក​យើង​បានសម្រេច​អនុម័ត​ប្រើ​ប្រព័ន្ធ​នេះ​ឲ្យ​បាន​ឆាប់​នៅ​ដើមរដូវ​កាល​ថ្មី​នេះ​តែម្តង បន្ទាប់ពី​មានការ​កាត់ក្តី​ខុស​ជា​ញឹកញាប់​ពី​សំណាក់​លោក​អាជ្ញាកណ្តាល​កាលពី​ដើមរដូវ​កាល​កន្លងមក​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​គណៈកម្មាធិការ​អាជ្ញាក​ណ្តា​នៃ​ក្របខណ្ឌ K-League លោក Cho Young-Jeung​។​

​សូមបញ្ជាក់ថា Video Assistant Referees បាន​ប្រើប្រាស់​ក្នុងការ​ប្រកួត FIFA World Cup អាយុ​ក្រោម​២០​ឆ្នាំ នៅ​ប្រទេស​កូរ៉េខាងត្បូង​ដោយ​ជោគជ័យ​កាលពីពេល​ថ្មីៗ​នេះ​រួចមកហើយ​។ ហើយ​លើសពីនេះ​ទៀត FIFA ក៏បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ VAR នេះ​នៅក្នុង​ការប្រកួត​បាល់ទាត់​ពិភពលោក World Cup នៅ​រុស្ស៊ី​ឆ្នាំក្រោយ​ផងដែរ​។​

​ជំនួយការ​អាជ្ញាកណ្ដាល​ជា​វីដេអូ​នេះ នឹងត្រូវ​ដាក់​ឲ្យ​ត្រួតពិនិត្យ​ឡើងវិញ (Replay) លើ​ករណី​សំខាន់ៗ​៤​ចំនុច ដូចជា គ្រាប់​បាល់​បញ្ចូល​ទី ការពិន័យ​កាត​ក្រហម ការផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ និង​ករណី​សំខាន់ៗ​ផ្សេងទៀត ដើម្បី​កុំ​ឲ្យ​មានការ​ភាន់ច្រឡំ​៕


Tag:
 បាល់ទាត់​
  World Cup
  Video Assistant Referees
  K League
© រក្សាសិទ្ធិដោយ thmeythmey.com