អន្តរជាតិ
និស្សិត​អាមេរិក​ដែល​កូរ៉េខាងជើង​ដោះលែង​ទាំង​សន្លប់​ស្ដូកស្ដឹង បាន​ស្លាប់​ហើយ​
20, Jun 2017 , 9:08 am        
រូបភាព
​និ​ស្សិតអាមេរិក​ឈ្មោះ Otto Warmbier ដែល​ទើប​ត្រូវបាន​កូរ៉េខាងជើង​ដោះលែង បាន​ស្លាប់​ហើយ​នៅ​មន្ទីរពេទ្យ​ទីក្រុង Cincinnati រដ្ឋ Ohio នៅ​ថ្ងៃទី​១៩ ខែមិថុនា​។ នេះ​បើតាម​ការប្រកាស​របស់​គ្រួសារ​ជនជាតិ​អាមេរិក​រូបនេះ​។ Otto Warmbier បាន​ទៅដល់​ទឹកដី​អាមេរិក​វិញ​ជាមួយ​អាកា​រៈ​សន្លប់​មិនដឹង​ខ្លួន ដែល​ទំនងជា​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​អំឡុងពេល​ឃុំខ្លួន​កូរ៉េខាងជើង ដែល​នៅ​ទីនោះ​រូបគេ​ត្រូវដាក់​ទោស​ឲ្យ​ធ្វើការ​ធ្ងន់​ដល់​ទៅ ១៥​ឆ្នាំ​។​



​និស្សិត​អាមេរិក Otto Warmbier បាន​ទៅដល់​កូរ៉េខាងជើង​នៅ​អំឡុង​ខែ​មិនា ឆ្នាំ​២០១៦ ក្នុងនាម​អ្នកទេសចរ​។ ប៉ុន្តែ​រូបគេ​ត្រូវបាន​អាជ្ញាធរ​កូរ៉េខាងជើង​ចាប់ខ្លួន និង​ដាក់ទោស​ឲ្យ​ធ្វើការ​ធ្ងន់​ដល់​ទៅ ១៥​ឆ្នាំ ដោយ​រង​ការចោទប្រកាន់ថា​បាន​លួច​យក​ក្រដាស​ឃោសនា​ក្នុង​សណ្ឋាគារ​ដែល​រូបគេ​ស្នាក់​នៅក្នុង​រដ្ឋធានី​ព្យុងយ៉ាង​។ អាមេរិក​បាន​រិះគន់​ការដាក់ទោស​លើ​ជនជាតិ​របស់ខ្លួន​ថា​ធ្ងន់ធ្ងរ​ពេក បើ​ប្រៀបធៀប​នឹង​ទោស​របស់គេ​។

​កូរ៉េខាងជើង​បាន​ដោះលែង Otto Warmbier ដែលមាន​វ័យ​២២​ឆ្នាំ និង​បញ្ជូន​ត្រឡប់​ទៅកាន់​អាមេរិក​នៅ​ថ្ងៃទី​១៣ ខែមិថុនា បន្ទាប់ពី​ឃុំខ្លួន​អស់​១៧​ខែ​រួចមក​។ ពេល​ត្រូវបាន​ដោះលែង​នេះ និស្សិត​រូបនេះ​បាន​រងរបួស​ខួរក្បាល​ធ្ងន់ធ្ងរ​រហូត​មិនអាច​និយាយស្ដី ឬ​ធ្វើ​អ្វី​បានឡើយ និង​ស្ថិតក្នុង​ស្ថានភាព​សន្លប់​មិនដឹង​ខ្លួន​រហូត​។ ឯ​កូរ៉េខាងជើង​វិញ ក៏បាន​ប្រកាស​ដែរ​ថា ខ្លួន​ដោះលែង​និស្សិត​អាមេរិក​ដោយ​ផ្អែកលើ​មូលដ្ឋាន​មនុស្សធម៌​ប៉ុណ្ណោះ​។

​ក្រុមគ្រួសារ​របស់ Otto Warmbier និយាយថា កូនប្រុស​ពួកគេ​រង​ការធ្វើការ​បាប​យ៉ាង​អាក្រក់​ពេល​ត្រូវ​ឃុំខ្លួន​នៅ​កូរ៉េខាងជើង ហើយ​អ្វីដែល​កូរ៉េខាងជើង​ធ្វើ​ដាក់​លើ Otto Warmbier គឺជា​មូលហេតុ​នៃ​ភាព​សោកសៅ​ពេលនេះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP គ្រួសារ​របស់​និស្សិត​អាមេរិក​រូបនេះ​បញ្ជាក់ដែរថា Otto Warmbier បាន​សន្លប់​អត់​ដឹងខ្លួន​តាំងពី​ត្រូវបាន​អាជ្ញាធរ​កូរ៉េខាងជើង​ឃុំខ្លួន​ភ្លាមៗ​ក្នុង​ខែមីនា ឆ្នាំ​២០១៦ មកម្ល៉េះ​។​

​ដោយឡែក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​កូរ៉េខាងជើង​យ៉ាងខ្លាំង​ដែរ ក្រោយ​ទទួលបាន​ព័ត៌មាន​នៃ​ការស្លាប់​របស់ Otto Warmbier ។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​សេត​វិមាន លោក ត្រាំ បាន​ហៅ​របប​ដឹកនាំ​កូរ៉េខាងជើង ជា​របប​សាហាវ មិន​គោរព​សិទ្ធិមនុស្ស ឬ​គោលការណ៍​មនុស្សជាតិ​អ្វី​ឡើយ​។ លោក​បន្តថា អ្វីដែល​កើតឡើង​លើ Otto Warmbier នឹង​ពង្រឹង​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋ​បាល​លោក​ក្នុងការ​ការពារ​ជនជាតិ​អាមេរិក​មិន​ឲ្យ​ធ្លាក់​ក្នុង​ដៃ​របប​ព្រៃផ្សៃ​នេះ​ទៀត​។   

​បន្ទាប់ពី​ទៅដល់​អាមេរិក ក្រុមគ្រូពេទ្យ​និយាយថា Otto Warmbier មាន​បញ្ជា​ប្រព័ន្ធ​ប្រសាទ​យ៉ាងធ្ងន់ធ្ងរ ហើយ​មិនអាច​ឆ្លើយតប​អ្វី​បាន ឬក៏​ប្រតិកម្ម​ពីអ្វី​ដែល​នៅ​ជុំវិញ​ខ្លួនគេ​បានឡើយ ដោយបាន​ត្រឹមតែ​បិទ​បើកភ្នែក​ចុះឡើង​ប៉ុណ្ណោះ​។ ចំណែក​កូរ៉េខាងជើង​វិញ​និយាយថា Otto Warmbier អត់​ដឹងខ្លួន​បន្ទាប់ពី​ត្រូវបាន​កាត់ទោស​កាលពី​ឆ្នាំមុន ហើយ​រូបគេ​បាន​ពុល​អាហារ និង​បាន​លេបថ្នាំ​ងងុយដេក​ទៀតផង​៕  


Tag:
 អាមេរិក​
  កូរ៉េខាងជើង
  Otto Warmbier
© រក្សាសិទ្ធិដោយ thmeythmey.com