អន្តរជាតិ
លោក ត្រាំ ស្នើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ជួយ​ដោះស្រាយ​បញ្ហា IT របស់​រដ្ឋាភិបាល​
20, Jun 2017 , 11:33 am        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ អង្គយអមដោយលោក Tim Cook នាយកក្រុមហ៊ុន Apple និងនាយកប្រតិបត្តិ Microsoft លោក Satya Nadella (រូបភាព Reuters)
ប្រធានាធិបតី ដូណាល់ ត្រាំ អង្គយអមដោយលោក Tim Cook នាយកក្រុមហ៊ុន Apple និងនាយកប្រតិបត្តិ Microsoft លោក Satya Nadella (រូបភាព Reuters)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជាមួយ​បណ្ដា​នាយក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​ពិភពលោក​ដូចជា Apple Inc, Amazon.com Inc និង Microsoft Corp ជាដើម ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​ព័ត៌មាន​បច្ចេកវិទ្យា​រប​ស់​រដ្ឋាភិបាល​។ លោក ត្រាំ បានស្នើ​សុំ​ជំនួយ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ទាំងនេះ​ដើម្បី​ដោះស្រាយ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​រដ្ឋាភិបាល ដែលមាន​បញ្ហា និង​នាំ​ឲ្យ​រដ្ឋ​ខាតបង់​ទឹកប្រាក់​ជាច្រើន​ទៀតផង​។​



​នាយក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចំនួន​១៨ បាន​ជួប​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​សេត​វិមាន​នៅ​ថ្ងៃទី​១៩ ខែមិថុនា ដោយបាន​ទទួលបាន​សំណើ​ឲ្យ​ជួយ​ដោះស្រាយ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ដែល​ជួប​បញ្ហា​។ សេត​វិមាន​ចង់​ឲ្យ​ក្រុមហ៊ុន​ធំៗ​ទាំងនេះ​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​រដ្ឋាភិបាល​ប្រសើរឡើង​តាមរយៈ​ការកាត់បន្ថយ​ថ្លៃដើម លុបបំបាត់​ការ​ខ្ជះខ្ជាយ និង​ពង្រឹង​សេវាកម្ម​ជាដើម​។ បើតាម​លោក ត្រាំ បើ​វិធានការ​នេះ​ទទួលជោគជ័យ អាមេរិក​បាន​សន្សំ​ប្រា​ក់បាន មួយ​ពាន់​លាន​ដុល្លារ​ក្នុងពេល​១០​ឆ្នាំ​។​

​ដោយ​លើកឡើង​ពី​ជំហរ​ក្នុងការ​តាម​ឲ្យ​ទាន់​ការ​ជឿនលឿន​ទៅមុខ​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ប្រធានាធិបតី ត្រាំ ក៏បាន​ប្រាប់​បណ្ដា​មេដឹកនាំ​ក្រុមហ៊ុន​ធំៗ​ទាំង​១៨ ថា លោក​ចង់បាន​ការផ្លាស់​ប្ដូរ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​រដ្ឋាភិបាល ដើម្បី​បម្រើប្រជាជន​ឲ្យ​បានល្អ​ប្រសើរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​បន្តថា ជំនួប​ពេលនេះ គឺជា​ផ្នែក​មួយ​របស់​ក្រុមប្រឹក្សា​បច្ចេកវិទ្យា​អាមេរិក ដែល​លោក ត្រាំ បង្កើតឡើង​ក្នុង​ខែឧសភា ដើម្បី​ធ្វើ​ទំនើបកម្ម​រដ្ឋាភិបាល​។​

​នាយក​ក្រុមហ៊ុន Apple លោក Tim Cook និយាយថា អាមេរិក​គួរតែមាន​រដ្ឋាភិបាល​ដែល​ទំនើប​ជាងគេ​លើ​លោក ប៉ុន្តែ​រដ្ឋាភិបាល​សព្វថ្ងៃ​មិនមែន​ដូច្នោះ​ឡើយ​។ ដោយឡែក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon លោក Jeff Bezos ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នេះដែរ​បានផ្ដល់​យោបល់​ថា រដ្ឋបាល​ប្រធានាធិបតី ត្រាំ គួរតែ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​វិស័យ​ពាណិជ្ជកម្ម ហ្វឹកហ្វឺន​មន្ត្រី​ឡើងវិញ ក៏ដូចជា​បើក​ការបណ្ដុះបណ្ដាល​លើ​ការប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​។​

​ក្រៅពី​នាយក Apple និង Amazon នាយក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ផ្សេងទៀត​ដូចជា Alphabet Inc, IBM Corp, Intel Corp, Qualcomm Inc, Oracle Corp និង Adobe Systems Inc ផងដែរ​។ ប៉ុន្តែ​អ្វី​ជាការ​កត់សម្គាល់​នោះ​នាយក​ក្រុមហ៊ុន Facebook លោក Mark Zuckerberg មិនបាន​ចូលរួម​ក្នុងជំនួប​ជាមួយ​លោក ត្រាំ ឡើយ ទោះជា​លោក​ទទួលបាន​ការអញ្ជើញ​ពី​សេត​វិមាន​ក៏ដោយ ដ្បិត​មាន​បញ្ហា​ខ្លះ​។

​កាលពី​ឆ្នាំ​២០១៦ រដ្ឋាភិបាល​អាមេរិក​បាន​ចំណាយលុយ​ចំនួន​ច្រើនជាង​៨០​លាន​ដុល្លារ​ទៅលើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នេះ ខណៈ​ស្ថាប័ន​ខ្លះ​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ​ដែលមាន​អាយុ​ជាង​៥០​ឆ្នាំ​មកហើយ​។ ការណ៍​នេះ​ធ្វើ​ឲ្យ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​រដ្ឋាភិបាល​មាន​លក្ខណៈ​យឺតយ៉ាវ និង​ខាតបង់​ទឹកប្រាក់​ច្រើន​។ ជាមួយគ្នានេះ បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ទាំងអស់ ក៏មាន​គម្រោង​ស្នើ​ប្រធានាធិបតី ត្រាំ ឲ្យ​ពិនិត្យមើល​ការផ្ដល់​ទិដ្ឋាការ​សម្រាប់​ទាក់ទាញ​អ្នកជំនាញ​ព័ត៌មានវិទ្យា​មក​អាមេរិក​កាន់តែច្រើន​ទៀត​៕


Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  IT
© រក្សាសិទ្ធិដោយ thmeythmey.com