កីឡាអន្តរជាតិ
អន្តរជាតិ
អនាគត Ronaldo? ប្រធានក្លិប Real នឹងប្រាប់ក្រោយ Confederations Cup
× ប្រធានក្លិប Real Madrid លោក Florentino Perez ថាលោកនឹងនិយាយពីអនាគតរបស់ Cristiano Ronaldo នៅក្រោយបញ្ចប់ការប្រកួតពាន Confederations Cup ។
កាលពីកន្លងមកសារព័ត៌មាន Bola អះអាងថា ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ វ័យ៣២ឆ្នាំរូបនេះមិនពេញចិត្តនឹងអាជ្ញាធរពន្ធដារអេស្ប៉ាញ ដែលចោទរូបគេថាមិនបានបង់ពន្ធជាង១៦លានដុល្លារ ហើយថែមទាំងចង់ចាកចេញពីក្រុមជើងឯក UEFA Champions League ទៀតផង។
Ronaldo ដែលបច្ចុប្បន្នកំពុងស្ថិតនៅប្រទេសរុស្ស៊ីដើម្បីជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ប្រកួតពាន Confederations Cup នោះ បានយល់ព្រមចុះកិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំបន្តនៅទឹកដី Santiago Bernabeu កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ដោយទទួលបានប្រាក់ឈ្នួលកប់ពពក។ ប៉ុន្តែយ៉ាងណាក៏ដោយ CR7 នៅតែចង់ត្រឡប់ទៅកាន់ទ្រនំចាស់ Manchester United វិញ ប្រសិនជាត្រូវចាកចេញពី Real Madrid មែននោះ ដ្បិតមិនសប្បាយចិត្តនឹងការចោទប្រកាន់រឿងពន្ធដារនៅអេស្ប៉ាញនេះ ។
ជុំវិញបញ្ហានេះប្រធានក្លិបសញ្ជាតិអេស្ប៉ាញ Perez បានប្រាប់វិទ្យុអេស្ប៉ាញថា៖«រឿងតែមួយគត់ដែលខ្ញុំអាចនិយាយបាននៅពេលនេះគឺ Ronaldo នៅតែជាកីឡាកររបស់ Real Madrid ដដែល។ នៅពេលនេះគាត់កំពុងជាប់ភារកិច្ចនៅ Confederations Cup ដូច្នេះខ្ញុំមិននិយាយអ្វីពីគាត់ច្រើនទេ ហើយក៏មិនចង់រំខានគាត់និងក្រុមរបស់គាត់នៅពេលនេះដែរ»។
លោក Perez ដែលជាប់ឆ្នោតកាន់តំណែងជាប្រធានក្លិប Real បន្តទៀតនោះ បានបន្ថែមថាលោកមិនបានទទួលសំណើរសម្រាប់ Ronaldo, Alvaro Morata និង James Rodriguez នោះទេ ខណៈក្រុម Manchester United កំពុងចាប់អារម្មណ៍កីឡាករពីនាក់ក្នុងចំណោមអ្នកទាំងបីនេះ៕
Tag:
បាល់ទាត់
Confederations Cup
Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com