កីឡាអន្តរជាតិ
អន្តរជាតិ
Maradona៖ ខ្ញុំសង្ឃឹមថា Ronaldo ជាជនជាតិអាហ្សង់ទីន
× វីរបុរស់អាហ្សង់ទីន Diego Maradona បានសារភាពថាលោកប្រាថ្នាចង់ឲ្យ Cristiano Ronaldo ជាជនជាតិអាហ្សង់ទីន និងជាកីឡាករបាល់ទាត់ដែលលេងឲ្យក្រុមជម្រើសជាតិក្នុងតំបន់អាមេរិកឡាទីនមួយនេះថែមទៀតផង។
បើតាម Goal.com ចុះផ្សាយនៅថ្ងៃទី២០ ខែមិថុនានេះ Maradona ចង់ឃើញខ្សែប្រយុទ្ធ Cristiano Ronaldo រួមជាមួយ Lionel Messi ចាប់ដៃគូគ្នាលេងក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន។ បុរសវ័យ៥៤ឆ្នាំរូបនេះពេញចិត្តនិងកោតសរសើរខ្សែប្រយុទ្ធរបស់ Real Madrid ថាមានទេពកោសល្យ រួមទាំងសមត្ថភាពខ្ពស់ ប៉ុន្តែយ៉ាងណាក៏ដោយលោកនៅតែចូលចិត្ត Messi ជាងប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះដដែល។
អតីតខ្សែប្រយុទ្ធមុតស្រួចដែលធ្លាប់ជួយឲ្យអាហ្សង់ទីនឈ្នះពាន World Cup កាលពីឆ្នាំ១៩៨៦ បានប្រាប់ TyC Sports ថា៖« Ronaldo ប្រៀបដូចជាសត្វចម្លែកមួយអ៊ីចឹង។ ខ្ញុំសង្ឃឹមថាគាត់គឺជាជនជាតិអាហ្សង់ទីន»។ Maradona បញ្ជាក់បន្ថែមថា៖«ប៉ុន្តែខ្ញុំនៅតែចូលចិត្ត Messi ជាងដដែល»។
Messi ធ្លាប់ជួយអាហ្សង់ទីនឈ្នះមេដាយមាសអូឡាំពិកម្តងដែរ ប៉ុន្តែសមាជិក្រុម Barcelona នេះនៅមិនទាន់ជួយក្រុមឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup នៅឡើយទេ។ តែទោះជាយ៉ាងនេះក្តី Maradona ក៏បានសរសើរជនរួមជាតិរបស់លោកម្នាក់នេះថាជាកំពូលកីឡាករលំដាប់ពិភពលោកនាពេលបច្ចុប្បន្ននេះដែរ៕
Tag:
បាល់ទាត់
Diego Maradona
Cristiano Ronaldo
Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com