Cristiano Ronaldo នឹងលើកយកសំណើររបស់ក្រុម Paris Saint-Germain ដែលហ៊ានដាក់ថ្លៃដើម្បីយករូបគេរហូតដល់ ១៧៦លានផោន ប្រមាណ២២០លានដុល្លារ មកពិភាក្សាជាលក្ខណៈទ្រង់ទ្រាយធំជាមួយ Real Madrid។ នេះបើតាមការផ្សាយរបស់ The Sun។
ក្រោយលេចលឺថាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ វ័យ៣២ឆ្នាំរូបនេះ មិនពេញចិត្តនឹងអាជ្ញាធរពន្ធដារអេស្ប៉ាញ ដែលចោទថាមិនបានបង់ពន្ធជាង១៦លានដុល្លារនោះ ម្ចាស់ពាន Ballon d'Or ៤ដងនេះ ក៏បានប្រកាសចង់ចាកចេញពីក្រុមជើងឯក UEFA Champions League នេះតែម្តង និងចង់ត្រឡប់ទៅកាន់ទ្រនំចាស់ Manchester United វិញទៀតផង។ ករណីខាងលើនេះ ប្រធានក្លិប Real Madrid លោក Florentino Perez ក៏បានអះអាងថាលោកនឹងនិយាយពីអនាគតរបស់ Cristiano Ronaldo នៅក្រោយបញ្ចប់ការប្រកួតពាន Confederations Cup ។
ក្រុមរងជើងឯកលីកកំពូលបារាំង Paris Saint-Germain បានដាក់សំណើរមួយក្នុងកញ្ចប់ទឹកប្រាក់យ៉ាងសន្ធឹកទៅកាន់ Real លើតម្លៃខ្លួនរបស់អតីតខ្សែប្រយុទ្ធ Man Utd ដើម្បីនាំរូបគេទៅរួមក្រុមនៅរដូវកាលក្រោយ។ ទឹកប្រាក់២២០លានដុល្លារអាមេរិករបស់ PSG បានធ្វើឲ្យប្រធានក្លិបសញ្ញាតិអេស្ប៉ាញ Perez ចាប់អារម្មណ៍យកទៅពិចារណាផងដែរ បើទោះជាកាលពីកន្លងមកលោកបានប្រកាសថានឹងមិនព្រមឲ្យតារាឆ្នើមរូបនេះចាកចេញពីក្រុមឡើយ ទោះហ៊ានថ្លៃកម្រិតណាក៏ដោយ។
ជុំវិញការស្នើរនេះដែរ Ronaldo ដែលបច្ចុប្បន្នកំពុងស្ថិតនៅប្រទេសរុស្ស៊ីដើម្បីជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ប្រកួតពាន Confederations Cup នោះ បានប្រាប់ការសែតអេស្ប៉ាញ Marca ថារូបគេនឹងយកសំណើររបស់ PSG នេះទៅពិភាក្សាជាមួយប្រធានក្លិប Real Madrid ដើម្បីសម្រេចពីអនាគត់ថាត្រូវនៅបន្ត ឬក៏ត្រូវចាកចេញ៕